(សៀមរាប)៖ លោក​ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ប្រកាសអំណរគុណ​ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់​កម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាប​ ហើយនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ការលើកឡើងបែបនេះ របស់អភិបាលខេត្តសៀមរាប ត្រូវបានធ្វើក្នុងពិធី​លាងសាយ​ភោជន៍ជូនប្រតិភូជាខ្ពស់ សភាប្រជាជនចិនទូទាំងប្រទេស ​នាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ដែលគណៈប្រតិភូចិន ដឹកនាំដោយ លោក ​ឆិន ឆាងជឺ ( Chen Changzhi ) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃ នៃសភាប្រជាជនចិនទូទាំងប្រទេស​ និងថ្នាកដឹកនាំពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក ឃឹម ប៊ុងសុង បានបញ្ជាក់ដែរថា បើគ្មានការគាំទ្រដោយសប្បុរស និងដោយគ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ ក៏មិនអាចមានភាពជោគជ័យដូចសព្វថ្ងៃនេះដែរ។ ផ្តើមចេញពីគោលការណ៍ និងយុទ្ធសាស្រ្តទាំងអស់នេះ ទើបរដ្ឋាភិបាល និងបងប្អូន នៃសាធា-រណរដ្ឋប្រជាមានិតចិន បានជួយគាំទ្រលើគ្រប់ផ្នែកដល់​កម្ពុជា ដោយឡែក ខេត្តសៀមរាប ក៏ទទួលបាននូវអត្ថប្រយោជន៍ នៃទំនាក់ទំនងតាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម ការអភិ-រក្សជួសជុលប្រាសាទបុរាណជាច្រើនផងដែរ។

បន្ថែមពីនេះ ​លោកលើកឡើងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរទទួលបាននូវការរីកចម្រើនគួរជាទីមោទនៈ ដែលត្រូវបានឆ្លុះបញ្ចាំងឡើង ជាពិសេសតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចកាន់តែញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែសកម្ម និងផុសផុល ប្រទេសចិន និងប្រទេសកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងគួរជាទីទុកចិត្តបំផុតសម្រាប់គ្នាទៅវិញទៅមក គ្រប់យន្តការទាំងការទូត នយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ហើយតែងតែជួយគ្នាគ្រប់កាលៈទេសៈ។ ​​

ឆ្លៀងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរចំនួន ៩​ក្រុមហ៊ុន បានធ្វើការហោះហើរត្រង់ពីចិនមកសៀមរាប ក្នុងចន្លោះ ១៥-១៦ ជើង ក្នុងមួយថ្ងៃ។ កត្តានេះបានធ្វើឲ្យខេត្ត មានភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងក្នុង ឆ្នាំ២០១៦​នេះ ទទួលបានភ្ញៀវទេសចរប្រមាណជាង ៥​លាន​នាក់ កើនឡើង​០.៦២ភាគរយ បើប្រៀបធៀបឆ្នាំ២០១៥។ ក្នុងនោះភ្ញៀវទេសចរបរទេសប្រមាណជាង ២​លាន​២​សែន​នាក់ ក្នុងនោះភ្ញៀវទេសចរ​ចិន ប្រមាណជាង​៦៦​ម៉ឺន​នាក់ ជាប់ចំណាត់ថ្នាក់ទី១៕