(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយលិខិតមិត្តអ្នកអាន ដែលសរសេរដោយ សុភា ទន្សាយ ជាមួយចំណងជើងថា «បំបែកអាថ៌កំបាំង CNRP ទង់ព្រះអាទិត្យ ជាទង់ក្រពើ ? (ភាគ១) កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅ», ដោយនៅយប់ចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ លិខិតរបស់ សុភា ទន្សាយ ចំណងដដែល «ភាគ២» ក៏បានផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ថ្មីមួយទៀត ក្នុងនោះបានលើកឡើងយ៉ាង លម្អិតអំពីក្រុមអ្នកពិភាក្សានយោបាយរបស់ CamPro។
អង្គភាពព័ត៌មាន Fresh News សូមយកលិខិតរបស់ សុភា ទន្សាយ ផ្សាយទាំងស្រុងជាមួយខ្លឹមសារដូចខាងក្រោម៖
ទ្រឹស្តីរបស់ Carlos Castaneda ក្នុងសៀវភៅយុទ្ធសាស្ត្ររបស់ Sun Tzu ដែលសរសេរចង្រក្រងដោយអ្នកនិពន្ធល្បីល្បាញ ឈ្មោះថា Gary Gagliardi ក្រោមចំណងជើងថា «សិល្បៈនៃសង្គ្រាម» បានបញ្ជាក់ន័យមកថា The different between a true warrior and an ordinary person is that the warrior sees everything as a challenge while an ordinary person sees everything as a blessing or a curse មានន័យជាខេមៈភាសាថា ភាពខុសគ្នារវាងអ្នកចម្បាំងពិត និងជាមនុស្សធម្មតានោះ គឺថាអ្នក ចម្បាំងមើលឃើញអ្វីគ្រប់យ៉ាង ដែលជាបញ្ហាប្រឈមមួយ ខណៈមនុស្សធម្មតាមើលឃើញនូវអ្វីៗគ្រប់យ៉ាងថា ត្រឹមជាការប្រទានពរ និងបណ្តាសារ។
នឹកដល់ចំណុចនេះ សុភា ទន្សាយ នឹកស្រណោះពាក្យទាំងឡាយរបស់សមាជិកសកម្មរបស់ CamPro មួយចំនួនដែលមានលំអៀងទៅបក្សប្រឆាំង បានប្រតិកម្មមកលើអត្ថបទទីមួយរបស់ សុភា ទន្សាយ ដែលចេញផ្សាយដោយសារព័ត៌មាន Fresh News កាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ០១៧ កន្លងទៅថ្មីៗនេះ។ មិនចម្លែកទេ ដែលអ្នកមានរបៀបវារៈលាក់បាំងខំប្រណាំងឆ្លងឆ្លើយបញ្ជាក់ពីការសង្ស័យនោះ ខណៈក្រុមអ្នកគ្មានការ ពាក់ព័ន្ធយល់ថា វាជាការបញ្ចេញមតិ ដើម្បីកែតម្រូវក្រុមដែលហៅខ្លួនគេថា ក្រុមវិជ្ជាជីវៈបែរជាភ្លាំងភ្លាត់ធ្លាក់ក្នុងសំណាញ់ក្រុមអ្នក មានឆន្ទៈប្រឆាំងនឹងរដ្ឋាភិបាល ពិសេសគណៈបក្សប្រជាជនកម្ពុជា។
ពួកគេខ្លះ ម្នាក់ៗអន្ទះសារចង់ស្វែងរក សុភា ទន្សាយ ឲ្យឃើញដើម្បីចាប់អាំងប្រឡាក់អំបិល តាមតែចិត្តគេកំពុងខឹង ព្រោះតែបានវាយប្រហារ ពួកគេចំចំណុចល្អពេក រហូតមានអ្នកខ្លះក្នុងក្រុមរត់ព្រោងព្រាតប្រើប្រាស់គ្រប់មធ្យាបាយដើម្បីស្វែករក ដោយមិនគិតខ្វល់រឿង សុភា ទន្សាយ និយាយត្រូវហើយខំកែខ្លួនឲ្យជៀសឆ្ងាយពីការបង្កើតកំហុសទាំងឡាយ ពីក្រុមដែលបានព្យាយាមមានឥទ្ធិពលប្រើប្រាសវេទិការនេះ ដើម្បីចំណេញនយោបាយ។ អ្នកខ្លះទៀតនិយាយថា តើ សុភា ទន្សាយ អាចដឹងពីក្រុម CamPro ដោយរបៀបណា? ហើយតើអត្ថបទនេះបានដឹង ដល់ Fresh News យ៉ាងដូចម្តេច? ចំណែកអ្នកខ្លះ ដែលទើបតែចេះធ្វើកិច្ចការស្រាវជ្រាវសង្គមមិនបាន១០ឆ្នាំផង ប្រឹងនិយាយថា អត្ថបទនេះ គ្មានលក្ខណៈ Academic សោះ? ហើយមានចេតនាញ៉ុះញ៉ង់ និងលាបពណ៌។ ចេះនិយាយចឹងកើតដែរ !..
បើវាគ្រាន់តែជាអត្ថបទបញ្ចេញទស្សនៈមួយសោះ តើត្រូវតម្រូវតាមស្តង់ដារ Academic ម្តេចក៏កើត? បើអត្ថទនេះ មិនមានអ្នកជួយឧបត្ថម្ភការ ស្រាវជ្រាវ និងសរសេរផង? សូមជូនពន្លឺទៅវិញមួយចុះ ដើម្បីស្វែងរក សុភា ទន្សាយ ថាជានរណាពិតប្រាកដ។ សុភា ទន្សាយ រៀនចប់និងធ្វើការ ស្រាវជ្រាវ តាំងពីជាង២០ឆ្នាំមុនម៉្លេះ មុនពេលអ្នកតបតខ្លះរៀនមិនទាន់ចប់ពីសាលាផងពេលនោះ។ ហើយអត្ថបទអត់បានលុយនេះ សុភា ទន្សាយ ធ្វើការសរសេរត្រឹមតែការក្រើនរំលឹកប៉ុណ្ណឹង អាចសម្មមគ្រប់គ្រាន់ពេកហើយ ដើម្បីពញ្ញាក់ស្មារតីអ្នកកំពុងត្រៀមគិត និងដើរក្នុងផ្លូវខុសនោះ។
សមាជិក CamPro មានភាពលំអៀងផ្នែកនយោបាយខ្លះកំពុងយល់ថា Strategy is the science of positioning. All of strategy can be reduced to techniques for understanding your position and advancing it។ សុភា ទន្សាយ ចេះអង់គ្លេសតិចតូចដែរ ហើយចង់បញ្ជាក់ឃ្លាខាងលើដោយចង់ពន្យល់ប្រាប់ថា ពិតហើយ វាពិតជាមានពួកបញ្ញវន្ធដែលប្រឹងលាក់ខ្លួនសន្សំចិត្តរក្សាគំនិតធ្វើ បដិវត្តន៍ នៅក្នុងក្រុមវិជ្ជាជីវៈជាច្រើននោះមែន ដើម្បីឈរក្នុងទីតាំងមួយរឹងមាំ ប៉ុន្តែវាពុំបានលាក់បាំង សុភា ទន្សាយ ដែលស៊ីខ្មៅជិតៗនោះទេ។
យុទ្ធសាស្ត្រនេះ ផ្តួចផ្តើមដោយមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមានសមាជិកថ្មីៗច្រើនឡើងៗ ពួកគេបានបង្វែនូវយុទ្ធសាស្ត្រដែលបង្ហាញ ពីការពិត នៃទីលាក់កំបាំងនោះទាំងស្រុងតាមរយៈការវាយប្រហារផ្នែកចិត្តសាស្ត្រ និងស្មារតីជាមួយអត្ថបទ ឬមតិលំអៀងរបស់ខ្លួន។ ពួកគេខ្លះ ធ្វើហួសពីការបញ្ចេញមតិដោយមិនដឹងខ្លួន ខ្លះជជែកនយោបាយបាយដូចពួកអ្នកក្នុងតៀមកាហ្វេចិញ្ចើមថ្នល់ ដើម្បីហុចដៃឲ្យក្រុមខ្លួន បើកសមរភូមិវាយប្រហារតាមច្រកផ្សេងៗទៀត ដើម្បីវែកញ៉ែកស៊ីជំរៅ ហែកហួរពីភាពអសកម្មរបស់រដ្ឋាភិបាល។
អ្នកសម្របស្រួល CamPro ខ្លះដែលមិនបានចាប់អារម្មណ៍រឿងនេះ បានស្ទុះស្ទារធ្វើការត្រួតពិនិត្យឡើងវិញអំពីផ្នែកច្បាប់ អំពីគោលកាណ៍ និងក្រមវិន័យរបស់ក្រុមខ្លួន។ វាគឺជាសញ្ញាវិជ្ជមាន ប៉ុន្តែសមាជិកខ្លះដែលមានបេះដូងបដិវត្តន៍ ហើយកំពុងត្រូវគេបានកត់សំគាល់យ៉ាងច្បាស់ ជាង៣ឆ្នាំមកនេះ នៅតែខំអភិវឌ្ឍន៍គំនិតបដិសេធ និងការពាក់ព័ន្ធរបស់ខ្លួន ចិញ្ចឹមចិត្តបើកសមរភូមិចិត្តសាស្ត្រ និងមនោគមន៍វិទ្យាតាមរូបភាព ផ្សេងៗគ្នា។
ថ្មីៗនេះ ក្រុមអ្នកគ្រប់គ្រង CamPro និងអ្នកសម្របសម្រួល បានចេញប្រកាសនូវក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងក្រមសិលធម៌វិជ្ជាជីវៈ របស់ខ្លួនដើម្បីគេចចេញពីការសង្ស័យ និងចោទប្រកាន់របស់ សុភា ទន្សាយ ម្នាក់នេះ។ តាមការពិនិត្យបើមើលដ៏ហ្មត់ចត់នៃទស្សនៈវិស័យនៃក្រុម CamPro ក្នុងមាត្រា២ ដែលបានចែងថា៖ ចង់ឃើញប្រទេសកម្ពុជា មានការរីកចម្រើនដូចប្រទេសជិតខាងក្នុងឆ្នាំ២០៣០....ជាការគួរគត់សំគាល់ ខ្លាំងណាស់។ ពិតណាស់ទស្សនៈវិស័យ គ្រាន់តែជាត្រីវិស័យចង្អុល នៃអ្វីដែលគេស្រម៉ៃចង់បាន ហើយមិនប្រាកដថា វាអាចបានទៅដល់ទេ ប៉ុន្តែវា បានបង្កប់នូវគោលដៅនយោបាយស៊ីជំរៅមួយ។
ប្រៀបធៀបទៅនិងគុណតម្លៃក្រមសីលធម៌ ព្រមទាំងសកម្មភាព និងគោលការណ៍ និងដែលបាន ដាក់ចេញ ហើយបានចែងយ៉ាងច្បាស់ក្នុងមាត្រា ៣, ៤ និង៥ វាហាក់មិនស៊ីគ្នាសោះ ក្រៅពីថា ការប្រើប្រាស់វេទិការ, ការពិភាក្សា និងការចែក រំលែកគ្នា នូវការចូលរួមវិភាគទានផ្នែកគំនិត និងស្មារតី មិនអាចជួយបំពេញមហិច្ឆិតានៃទន្សនៈវិស័យនោះបានទេ ពួកគេមានតែបានត្រៀមរួច ជាស្រេចក្នុងការបង្កើតការបណ្តុះមនសិការ ពង្រឹងឆន្ទះឆ្អិនឆ្អៅ និងសាបព្រោះមនោគមន៍វិទ្យា ក្រោមរូបភាពការចូលរួមបំផុសគំនិតពីការខ្វល់ខ្វាយ ពីសង្គមជាតិ ហើយអនុញ្ញាតិបោះដៃ ឲ្យភាគីប្រឆាំងរដ្ឋាភិបាលមានគំនិតកាន់តែទូលាយ ដើម្បីវាយប្រហារ។
តើនរណាអាចជឿថា ទាំងនេះមិនមែនជាទស្សនៈ និងត្រីវិស័យផ្នែកចិត្តសាស្ត្រ និងមនោគមន៍វិទ្យាបដិវត្តន៍? វាពិតណាស់ អ្នកបានរៀបចំគំនិត នេះយល់ថា បើប្រជាជនមានការយល់ដឹងគ្រប់គ្នាក្នុងពេលមួយ នោះការប្រែប្រែសង្គម និងថ្នាក់ដឹកនាំប្រទេសជាតិនឹងបានសម្រេច ហើយបដិវត្តន៍ ចិត្តសាស្ត្រនឹងមកគ្របដណ្តប់ជួយពួកគេឲ្យប្តូររបប និងអ្នកដឹកនាំឲ្យពួកគេបាន។ បើតាមការយល់របស់ សុភា ទន្សាយ វាគឺជាគ្រាប់បែកប្រល័យ កម្ពុជា ដែលបានកំណត់ម៉ោងផ្ទុះ ហើយវាពិតជាមានការគិតគូរវែងឆ្ងាយណាស់ ព្រោះថា ឆ្នាំ២០៣០ មិនមែនមកដល់នៅថ្ងៃស្អែកទេ ហើយតាម រយៈសកម្មភាពពួកគេ ពួកគេគ្មានថ្ងៃបំពេញអោយសម្រេចបានទស្សនៈវិស័យនេះទេ ហើយក្រៅពីបង្កើតសង្គ្រាមចិត្តសាស្ត្រ ក៏គ្មានការដាក់ចេញ នូវទស្សនៈវិស័យវែងឆ្ងាយដូច្នេះដែរ? តើនរណាមិនជឿថា ពួកបច្ចឹមប្រទេសដែលមានការដឹកនាំដោយអាមេរិក ពួកបដិវត្សន៍វៀតណាម និងក្រុមឆ្វេង និយមមិនប្រើប្រាស់ឱកាសមាសនេះ ដើម្បីឲ្យមានការផ្លាស់ប្តួរ? សូមជម្រាបថា ផ្នែកផ្លូវច្បាប់ CamPro នេះគ្មានទេ ហើយការទទួលខុសត្រូវជាមួយ រដ្ឋាភិបាល នៅតែជាចំណោទគ្មានចម្លើយសោះ។
The secret to success is not beating the competition. Success is competition requires wisely managing limited resources. ផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមដ៏ជោគជ័យរបស់ Sun Tzu គឺប្រើការវាយប្រហារផ្នែកស្មារតី និងចិត្រសាស្ត្រជាជាងប្រើកំលាំងទ័ព។ អ្វីជាអាថ៌កំបាំងនៃយុទ្ធសាស្ត្រនេះ? នរណាជាអ្នកបង្កើត CamPro? ហើយស្ថាបនណាជាអ្នកនៅពីក្រោយ ផ្គត់ផ្គង់ផ្នែកបច្ចេកទេសប្រយុទ្ធ និងថវិកា? តើការបរិច្ចាកដោយសមាជិក អាចយកទៅបម្រើកិច្ចការគ្រប់គ្រាន់ទេ? តើអ្វីជារបៀបវារៈដែលលាក់បាំងនៅពីក្រោយ?
មិនមានអ្វីជាអាថ៌កំបាំងទេ បើអាថ៌កំបាំងមិនមែនជាអាថ៌កំបាំង? ការបង្កប់មនោគមន៍វិទ្យាបដិវត្តន៍គំនិត និងការការគិតទៅរកផ្លូវប្លាស់ប្តូរ ជាជាងជួយកែលំអ និងកសាងសង្គមវិជ្ជមាន ជាបញ្ហាដំបូងដែលក្រុមគេវិនិយោគ។ សមាជិកខ្លះក្នុងក្រុមនេះបានបង្កប់ខ្លួនទៅក្នុងក្រុមបញ្ញវ័ន្តបាន យ៉ាងជ្រៅ ហើយសំងំបញ្ចេញមតិប្រឆាំង និងរដ្ឋាភិបាល។ នៅពេលពួកគេបំផុសពីបញ្ហា និងការជជែកវែកញ៉ែកផ្នែកនយោបាយណាមួយ ពួកគេបោះដៃឲ្យគ្នាគេដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលស្វែងយល់ពីបញ្ហា ដើម្បីបន្តយកវាយប្រហារក្រោមរូបភាពផ្សេងគ្នា។
ពេលខ្លះពួកគេធ្វើជាជិតស្និទជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល និងអាហារពេលថ្ងៃ ឬល្ងាច ដើម្បីបានស្តាប់ និងចាប់ជំរិតមន្ត្រីណាមួយនោះឲ្យចូលស៊ងរបស់ពួកគេ? នរណាមិនដឹងថា ក្រុម CamPro មានអ្នកនយោបាយ CPP (តិចតួចបំផុត អាចជាក្រុមភាគតិចជាងគេ), CNRP, វិទ្យុអាស៊ីសេរី (RFA), សម្លេងសហរដ្ឋអាមេរិក (VOA), សម្លេងប្រជាធិបតេយ្យ (VOD), និងកាសែត Cambodia Daily, Phnom Penh Post និងជនលាក់មុខមួយចំនួនទៀត ដែលមានចំនួនគ្នាច្រើន ប្រៀបបានក្រុម សឹង្ហ តោ ខ្លា និងសុនខអាជីណា ។ល។ ត្រៀមសហការបើកការវាយប្រហារដល់ក្រុមអមិត្តរបស់ខ្លួន ដើម្បីធ្វើការបម្រើឆន្ទះលាក់បាំងក្នុងការប្រឆាំងផ្តួល រដ្ឋាភិបាល និងបំពេញមហិច្ឆិតាបដិវត្សន៍របស់ខ្លួន? តើរដ្ឋាភិបាលខ្មែរល្ងង់ណាស់ ដែលមិនបានដឹង និងចាប់អារម្មណ៍រឿងទាំងនេះ?
បើមិនចង់ឲ្យគេដឹង មានតែកុំធ្វើ ហើយបើមិនចង់អោយគេធ្វើ មានតែកុំផ្តួចផ្តើម ហើយបើបានជាផ្តើម គួតែផ្តើមជាមួយគំនិតស្អាតស្អំ គេចចេញពីការ ធ្វើឲ្យមានពាក់ព័ន្ធក្នុងការសង្ស័យទាំងឡាយ។ ចំណុចនេះ សុភា ទន្សាយ ចង់ក្រើនរំលឹកដល់ក្រុមអ្នកសម្របសម្រួល CamPro និងសមាជិកមួយចំនួន៕
ដោយ៖ សុភា ទន្សាយ