(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានថ្លែងថា យើងជាសកម្មជនបក្សមូលដ្ឋានទាំងអស់គ្នា ត្រូវបន្តចុះធ្វើសកម្មភាពតាមខ្នងផ្ទះប្រជាពលរដ្ឋ ពិសេសសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្នាក់មូលដ្ឋាន ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការអ្វីឡើយ និងជម្រុញឲ្យអនុវត្តគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព៩ទាំងចំណុច ដោយបម្រើសេវាសាធារណៈជូនពួកគាត់ឲ្យបានល្អ។ ជាមួយគ្នានេះ សកម្មជនយើងធ្វើយ៉ាងណាត្រូវបង្ហាញពីលទ្ធផលការងារ ដែលក្រុមការងារបានកសាងសមិទ្ធិផល ជាច្រើនជូន ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ។
លោកបានជម្រុញយ៉ាងដូច្នេះនៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពិធីប្រជុំត្រួតពិនិត្យប្រចាំ ខែមីនា ឆ្នាំ២០១៧ ដើម្បីពង្រឹងថ្នាក់ដឹកនាំបក្សមូលដ្ឋាន សាខាបក្សភូមិ សកម្មជនបក្ស នៅទីស្នាក់ការបក្សឃុំអូតាគី ស្រុកថ្មគោល។
លោលប្រធានគណ:ពង្រឹងបានបញ្ជាក់ថា «បេក្ខភាពឃុំទាំង២ យើងត្រូវចុះធ្វើសកម្មភាព ការងារបក្សនៅតាមខ្នងផ្ទះ បង្កើនភាពស្និទ្ធស្នាលតាមរយៈការចុះចែកមូលនិធិ តាមរយៈចុះចែកអំណោយមនុស្សធម៌ ដល់ជនចាស់ជរាឥតទីពឹង ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយក្មេងកំព្រាជាដើម » ។
លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំបក្សមូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាបម្រើសេវា សាធារណៈជូនពួកគាត់ឲ្យបានលឿននិងឆាប់រហ័សទាន់ចិត្ត បើអាចយកទៅជូនដល់ផ្ទះពួកគាត់ បានផងកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះក៏ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ពិសេសល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរប្រើប្រាស់គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផង។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ប្រចាំខែមីនានេះដែរ សមាជិកបក្សមូលដ្ឋានបានឡើងរាយការណ៍ស្តីពីការខ្វះខាត និងសំណូពរមួយចំនួនម្នាក់ម្តងៗដល់ក្រុមការងារ ជួយដោះស្រាយបានភ្លាមៗជូនពួកគាត់ ក្នុងនោះដែរ លោកប្រធាន ក្រុមការងារ បានដោះស្រាយជួយដាក់លូបង្ហូរទឹកស្អុយមួយកន្លែង ជួយចាស់ជរាឥតទីពឹង២នាក់ម្នាក់ៗ ទទួលបានអង្ករ ៣០គីឡូក្រាម ថវិកា១០ម៉ឺនរៀល ជួសជុលផ្លូវគ្រួសក្រហមប្រវែង៥០០ម៉ែត្រចំណាយថវិកា៥០០ដុល្លា សងថ្លៃជំពាក់ ធ្វើផ្លូវថ្នល់ រួចហើយប្រវែង៤គីឡូម៉ែត្រអស់ចំនួន ៥០០ដុល្លានៅភូមិថ្មីឃុំតាម៉ឺន ជូនពួកគាត់សម្រាប់ប្រើប្រាស់ ជាប្រយោជន៍សាធារណៈនិងចំណាយផ្សេងៗទៀតផង។
បន្ទាប់មក ប្រធានក្រុមការងារ បានអញ្ជើញចុះតាមខ្នងផ្ទះប្រជាពលរដ្ឋចំនួន៩២នាក់ ក្នុងនោះនៅឃុំតាម៉ឺនស្រ្តី សម្រាលកូនមាន២៩នាក់ គ្រួសារអ្នកមរណៈមាន៨នាក់ នៅឃុំអូរតាគី មានស្រ្តីសម្រាលកូន៤២នាក់ និងគ្រួសារអ្នក មរណៈ១៣នាក់ ដោយម្នាក់ៗបានទទួល២០ម៉ឺនរៀល ដោយឡែក ស្រី្តសម្រាលកូន២១នាក់ ទាំង២ឃុំមានបន្ថែមឃីដ១កញ្ចប់ ជារបស់ប្រើប្រាស់របស់កូនងាមាន៦មុខថែមទៀតផង។ ប្រធានក្រុមការងារ ក៏បានជូនថវិកាដល់សមាជិក សកម្មជនបក្សមូលដ្ឋាន ដែលអញ្ជើញមកពីឃុំទាំង២ចំនួន៦៧នាក់ម្នាក់ៗ ទទួលបាន២ម៉ឺនរៀល សរុបចំណាយទាំងអស់ ចំនួន២៨.៥០៤.០០០រៀល
លោកបានបន្ថែមថា បក្សប្រឆាំងគ្មានឱកាសឈ្នះឆ្នោតជាដាច់ខាត ព្រោះមិនដែលបានធ្វើអ្វីជូនពលរដ្ឋ នៅតាមមូលដ្ឋានឡើយ បានត្រឹមតែដើរឃោសនាបោកប្រាស់ ភូតកុហក់គ្មានមូលដ្ឋានប៉ុណ្ណោះ។
ស្រ្តីទើបសម្រាលកូន និងគ្រួសារអ្នកមរណៈទាំងអស់ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលបាននាំ មូលនិធិសម្តេចក្រឡាហោម មកចែកជូនប្រជាពលរដ្ឋរៀងរាល់ខែ ដោយមិនប្រកាន់និន្នាការបក្សនយោបាយអ្វីឡើយ ពិសេសថ្នាក់ដឹកនាំកំពូលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តនិងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ នៅពេលដែលពួកគាត់បានជួបប្រទះគ្រោះធម្មជាតិផ្សេងៗកន្លងមកក៏ដូចជាបច្ចុប្បន្ន។
បន្ទាប់ពីបានថ្លែងអំណរគុណហើយ ពួកគាត់ក៏បានប្តេជ្ញាចិត្តផងដែរថា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាអាណត្តិក្រុមប្រឹក្សាឃុំ សង្កាត់នាដើមខែមិថុនាឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខនេះ បានដឹកនាំប្រទេសជាតិបន្តទៀត និងបន្តកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនិងបានទទួលសុខសន្តិភាពរៀងរហូតដល់កូនចៅជំនាន់ក្រោយ៕