(បាត់ដំបង)៖ ក្រៅពីយកចិត្តទុកដាក់ចំពោះជីវភាព និងកិត្តិយសចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះជីវភាព និងកិត្តិយស អតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ តាមរយៈការគិតគូរពីសុខទុក្ខ ការលើកទឹកចិត្ត ការឧបត្ថម្ភផ្សេងៗជាច្រើនទៀត។
ជាក់ស្តែងនៅក្នុងដំណើរ នៃការបំពាក់ឋានន្តរស័ក្តជូននាយទាហាន ដែលបានចូលបម្រើកងទ័ពក្នុង និងមុនឆ្នាំ១៩៧៩ចុះ ដើម្បីជាការតបស្នងសងគុណ ចំពោះគុណណូបការៈរបស់យោធិនជំនាន់មុន ដែលបានលះបង់ និងចូលរួមបម្រើជាតិមាតុភូមិ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់ផ្ទះចំនួន៣ខ្នងដល់អតីតយុទ្ធជន នៅក្នុងស្រុកថ្មគោល និងស្រុកបាវិល ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទ ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង អាជ្ញាធរ អតីតយុទ្ធជន និងប្រជាពលរដ្ឋផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងគណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនបោះបង់អតីតយុទ្ធជនចោល ដូចមតិខ្លះបានលើងឡើងនោះទេដែលថា រដ្ឋាភិបាលមិនបានគិតគូយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន តាមការពិត ប្រមុខខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ តាមរយៈការឧបត្ថម្ភនូវគោលរបប ការតម្លើងប្រាក់បៀវត្ស ការផ្តល់ដីសម្បទានសង្គមកិច្ច ការកសាងផ្ទះ ដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «យើងមិនអាចដោះសា្រយតម្រូវការជូនអ៊ុ ពូ មីង អតីតតយុទ្ធជនបានគ្រប់តម្រូវការទាំងអស់បានទេ ប៉ុន្តែរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន បាននឹងកំពុងបង្កើតយន្តការ និងមធ្យោបាយផ្សេងៗ ដើម្បីដោះស្រាយតម្រូវការ និងជួយអតីតយុទ្ធជន យោធិនពិការ ជាបន្តបន្ទាប់សំដៅលើកកម្ពស់ទាំងជីវភាព និងកិត្តិយស»។
សូមបញ្ជាក់ថា គិតដល់ពេលនេះ សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង បានប្រគល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង បានសរុប២១ខ្នង រួចមកហើយ៕