(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យ កាលបរិច្ឆេទលើផលិតផល ចំណីអាហារ និងរកសារធាតុគីមី នៅតាមស្ដង់លក់ទំនិញ៧០ស្ដង់ ក្នុងការតាំងពិពណ៌ រយ:ពេល៧ថ្ងៃ ដែលនាំមកពីប្រទេសថៃ ប៉ុន្ដែរកមិនឃើញទំនិញខូចគុណភាពនោះទេ។
លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានប្រាប់អង្គភាព Fresh Newsថា ប្រតិបត្តិការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត។
បើតាមលោក ហុង លៀង កាលដែលក្រុមមន្ដ្រីជំនាញរកមិនឃើញផលិតផល ដែលមានសារធាតុគីមី និងហួសកាលបរិច្ឆេទនេះ ព្រោះតែប្រជាអាជីវករបច្ចុប្បន្ន មានការយល់ដឹងកាន់តែខ្ពស់ពីសុខភាពចំណីអាហារ ក៏ដូចមន្ដ្រីជំនាញ បានចុះណែនាំជាប្រចាំ៕