(ភ្នំពេញ)៖ លោក លី សុខឡេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ បានចេញដីកាសម្រេចឃុំខ្លួន ជនជាតិកូរ៉េ៥នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពី បទអំពើហិង្សា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីវាយតប់គ្នា នៅលើផ្លូវសាធារណៈបណ្ដាលឲ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម។
ជនជាតិកូរ៉េ៥នាក់នោះ ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីពួកគេនាំគ្នាទៅចូលផឹកស៊ីស្រវឹងជោកជាំហើយ ក្លាយជាជម្លោះវាយតប់គ្នារងរបួសរៀងៗខ្លួន ស្ថិតនៅក្នុងខារ៉ាអូខេ «GALAXY» ហើយវាយគ្នាប្រផាប់ប្រភីង មកដល់ផ្លូវសាធារណៈបណ្ដាល ឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែមីនា នៅទីតាំងផ្ទះលេខ២១B ផ្លូវលេខ២៩៤ ក្រុម១៩ ភូមិ៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សូមបញ្ជាក់ថា ជនជាតិកូរ៉េទាំង៥នាក់ ទី១៖ឈ្មោះ Kim Yousung អាយុ៣៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូណាហ្គាវើលដ៏ កាន់លិខិតឆ្លងដែនលេខ M90381632 ស្នាក់នៅក្នុងខុនដូវ៉ិចធូរៀ ផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា, ទី២៖ឈ្មោះ Cho Wonchul អាយុ៣១ឆ្នាំ ជាអ្នកវិនិយោគ កាន់លិខិតឆ្លងដែនលេខ M44093216, ទី៣៖ឈ្មោះ Yoon Dongsoo អាយុ៤៨ឆ្នាំ ជាអ្នកវិនិយោគ កាន់លិខិតឆ្លងដែនលេខ M62439214 ពួកគេទាំង២នាក់ស្នាក់នៅផ្ទះលេខ៣១ ផ្លូវលេខ ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា, ទី៤៖ឈ្មោះ Jung Sungkwon អាយុ៤០ឆ្នាំ មុខរបរអ្នកវិនិយោគ ស្នាក់នៅអាផាតមេន ផ្លូវលេខ៤៩៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងទី៥៖ឈ្មោះ Taek Jimchai អាយុ៥១ឆ្នាំ ជាអ្នកវិនិយោគ ស្នាក់នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ។
មន្ដ្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១០យប់ថ្ងៃទី២៨ មីនា ជនទាំង៥នាក់ នាំគ្នាមកផឹកស៊ី និងច្រៀងខារ៉ាអូខេដោយផឹកស៊ីអស់ស្រាជាច្រើនដប រហូតមកដល់វេលាម៉ោង៦នាទីព្រឹក ថ្ងៃទី២៩ នេះជនម្នាក់ឈ្មោះ Kim Yousung ស្រវឹងជោកជាំ បានស្រែកឡូឡា និងអុកឡុកវាយជញ្ជាំង ពេលនោះ មិត្តភក្តិទាំងអស់គ្នា ក៏ចូលទៅឃាត់ រួចក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យបុរសរូបនោះ រងរបួសបែកច្រមុះចេញឈាម និងពីរនាក់ទៀតរងរបួសស្រាល ដោយដាច់រលាត់ដៃជើងតែម្តង រួចពួកគេបានដេញវាយគ្នាតាំងពីនៅក្នុងខារ៉ាអូខេ រហូតមកដល់ខាងមុខ ហើយក្រុមសន្តិសុខនៅទីនោះ បានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន ចុះមកចាប់ឃាត់ខ្លួនពួកគេតែម្តង៕