(ភ្នំពេញ)៖ បន្ទាប់ពីមានការឆ្លើយបំភ្លឺពីសំណាក់ម្ចាស់ឈើ ដែលកម្លាំងសមត្ថកិច្ចចម្រុះចាប់បានចំនួន២រថយន្ត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ជុំវិញបញ្ហានេះភ្លាមៗនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានប្រកាសនឹងតាមស្វែងរកអ្នកនៅពីក្រោយខ្នង នៃបទល្មើសព្រៃឈើខុសច្បាប់នេះ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងការ ចេញអាជ្ញាបណ្ណផងដែរ។
ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា រថយន្តធុនយក្សដឹកឈើប្រណិតចំនួន២គ្រឿង ដែលត្រូវបានកម្លាំងគយចល័តចាប់ឃាត់បាន នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ គឺធ្វើឡើងដោយត្រឹមត្រូវតាមច្បាប់ ព្រោះមានការដឹងលឺកម្លាំងសមត្ថកិច្ចចម្រុះ ក៏ដូចជារូបលោកផងដែរ ក្នុងនាមប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ ហើយនៅខណៈពេលចុះបង្រ្កាបនោះ រថយន្តដឹកឈើនេះមិនមានលិខិត ឬឯកសារ អនុញ្ញាតណាមួយនោះទេ។ ប៉ុន្តែបែរជាថ្ងៃនេះឃើញមានចេញលិខិតស្នាមបញ្ជាក់ថា ឈើ២ឡាននេះច្បាប់ទៅវិញ។ តើមានអ្វីខុសប្រក្រតី ?
លោក ព្រាប គារ៉ាត មន្រ្តីគយចល័តបានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែមេសានេះថា រថយន្តធុនយក្សដឹកឈើ ប្រណិតចំនួន២គ្រឿង ត្រូវកម្លាំងគយចល័តរបស់លោកចាប់ឃាត់បាន នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ មិនមានឯកសារ អ្វីទាំងអស់ ចំណែកអ្នកបើកបរថយន្តដឹកឈើល្មើសច្បាប់នេះក៏បានសារភាពផងដែរ មិនមានឯកសារអ្វីនោះទេ។
លោក ព្រាប គារ៉ាត បានបញ្ជាក់ទៀតថា គិតត្រឹមម៉ោង១៧៖៥០នាទីរសៀលថ្ងៃទី០១ ខែមេសានេះ មន្រ្តីគយចល័តកំពុងរង់ចាំពិនិត្យឯកសារពីម្ចាស់ឈើ។
សូមជំរាបថា កាលពីម្សិលមិញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ រថយន្តធុនយក្សដឹកឈើប្រណិតចំនួន២គ្រឿង ត្រូវកម្លាំងគយចល័ត ចាប់ឃាត់បាន ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈរថយន្តមួយគ្រឿងកំពុងធ្វើដំណើរជិះចេញពីផ្លូវជាតិលេខ៧ ប្រមាណ១០គីឡូមែត្រ និងមួយគ្រឿងទៀត ជិះចុះពីផ្លូវជាតិប្រមាណ២-៣គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឈើប្រណិតទាំងនេះបម្រុងនាំចេញទៅ ប្រទេសវៀតណាម តាមច្រកទន្លេចាម និងទន្លូង ក្នុងខេត្តត្បូងឃ្មុំ។
មន្រ្តីគយចល័តបានបញ្ជាក់ថា ការចុះបង្ក្រាបរថយន្តធុនធំដឹកឈើប្រណិតនេះ គឺធ្វើឡើងដោយកម្លាំងគយចល័ត សហការជាមួយ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំលោក ហ៊ាង សុភក្រ្ត ព្រមទាំងមានការចូលរួមពីអភិបាលខេត្តត្បូងឃ្មុំ រួមទាំងកម្លាំងគយប្រចាំមាត់ច្រកផងដែរ៕