(កំពង់ធំ)៖ សមិទ្ធផលជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ស្ថិតនៅវត្តកណ្តោលថ្មី ក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រារព្វពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងឃុំសង់ឃ្លាំង ជាចំណងដៃសម្រាប់ឆ្នាំថ្មីឆ្នាំរកា ដែលនឹងឈានចូលមកដល់ នាពេលដ័ខ្លីខាងមុខនេះ ។
សមិទ្ធផលទាំងនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១ ខែមេសានេះ ក្រោមអធិបតីភាពរបស់ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសន្ទុក និង លោកស្រី ខៀវ ស៊ីណា។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានឲ្យដឹងថា សមិទ្ធផលក្នុងវិស័យពុទ្ធសាសនា ក្នុងវត្តកណ្តោល ដែលត្រូវដាក់សម្ភោធព្រះវិហារថ្មីដែលមានបណ្តោយ ១៨ម៉ែត្រទទឹង១២ម៉ែត្រ កំពស់១៥.៥ ម៉ែត្រ។ ព្រះវិហារថ្មីនេះ មានទម្ងង់ជាមហិទ្ធិរិទ្ធ ដែលបុរាណហៅថា ជាខ្នងត្រីរ៉ស់ ដែលបំពាក់ដោយហោជាងខាងមុខ ក្រោយមានចង្វាដងក្តារ ចង្វាហាប់ រងឆាយ រំភាយនរំយោល... ដែលរចនាទាំងនេះ សុទ្ធតែរចនាបទស្ថាបត្យខ្មែរ យ៉ាងសង្ហារ ព្រះវិហារចាប់ផ្តើមកសាងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ ២០១៥ ដែលចំណាយអស់ថវិកាសរុប ៧២,៩៣៨ដុល្លា ស្មើនិង២៩១,៧៥០,០០០រៀល។
អ្នកផ្តើមកសាងព្រះវិហារ ព្រះតេជគុណ ចៅអធិការវត្ត ព្រមទាំងអាចារ្យគណៈកម្មការវត្ត ដែលបានមកពីការចូលរួមពីសំណាក់ លោក ជា ចាន់តូ និង លោកស្រី មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជិតឆ្ងាយ ។
លោក ជា ចាន់តូ បានបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននេះ ពិតជាកើតឡើងដោយការខិតខំប្រឹងប្រែងនិង ការរួមសាមគ្គីគ្នាពិតមែន ប៉ុន្តែបើគ្មានសុខសន្តិភាព និងស្ថិរភាពខាងនយោបាយនោះទេ ក៏យើងគ្មានឱកាសបានកសាងសមិទ្ធផលនេះ ឡើងបានដែរ។ ហើយតាមរយៈសមិទ្ធផល ដែលទទួលបាននាពេលនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការជឿជាក់ លើជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិ ចំពោះព្រះពុទ្ធសាសនា និងបានបង្ហាញកាន់តែច្បាស់ នូវការគាំទ្រដល់គោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ និង ខិតខំរកគ្រប់មធ្យោបាយ នៅក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស ក្នុងនោះរួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ។ ពិសេសទៀតនោះ គឺការដោះស្រាយរាល់ការលំបាក របស់ប្រជាពលរដ្ឋ នៅតំបន់ជនបទ សំដៅកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ។
នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ នូវបានចាត់ទុកសមិទ្ធផល ដែលសម្រេចបានក្នុងវិស័យព្រះពុទ្ធសាសនានាពេលនេះថា ជាការរួមចំណែកផ្ដល់នូវវិភាគទានដ៏ធំ មួយក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា កាន់តែរីកចម្រើនផងដែរ ។
ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនា ពិសេសនៅទីអារាមវត្តកណ្តោល កាន់តែរីកចម្រើនទៀតនោះ លោក ជា ចាន់តូ និង លោកស្រី បានជួយបច្ច័យខំនួន៤០លានរៀល សម្រាប់កសាងសមិទ្ធផលបន្ត និងឧត្ថម្ភសីមាកិល២លានរៀល តាមរោងទិសទាំង៨ ដែលក្នុង១ទិស ១លានរៀល វត្តបទុម និងវត្តព្រំស្រី ឃុំរុងរឿង វត្តស្រះក្នុង និងវត្តពោធិរោង ឃុំបន្ទាយស្ទោង វត្តទួលប្រាសាទពេជ្ររង្សី ឃុំព្រះដំរី វត្តស្រីទូល ឃុំទ្រា វត្តសំរោងសែន និង វត្តល្វា ឃុំសំព្រោច វត្តព្រះដំរី ឃុំព្រះដំរី ដែលក្នុង១វត្តទទួលបាន១០លានរៀល និងឧបត្ថម្ភក្នុងកម្មវិធី៤លានរៀល និងនាំយកថវិកា ក្រណាត់ស សៀវភៅ ប៉ិច ជូនដល់លោមយាយលោកតា២០០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១ម៉ឺនរៀល និងសិស្សានុសិស្សដែលបានចូលរួម ៣០០នាក់ ក្នុង១នាក់ សៀវភៅ ប៊ិច ខ្មៅដៃ ថវិកា ៥០០០រៀល ៕