(ពោធិ៍សាត់)៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ រវាងម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ៤នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ នៅម្ដុំកន្លែងចាក់ពាង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ឆ្នាំ២០១៧ ពាក់ស្លាកលេខ1E-1545 ជិះគ្នា៤នាក់ ដែលបុគ្គលិកអង្គការកម្ទេចមីន ហៅ Halo Trust លុះដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកHonda Dream C125 ឆ្នាំ២០១០ គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក៏បានបុកពេញទំហឹងបណ្ដាលឲ្យ បុរសនោះស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុគ្គលិក អង្គការ Hallo Trust រងរបួសធ្ងន់ធ្ងរ។

បើតាមសមត្ថកិច្ច បុគ្គលិកអង្គការ Halo Trustនោះទី១៖ ឈ្មោះ ឈិន មករា អាយុ២១ឆ្នាំ, ទី២៖ ឈ្មោះ គី សុខគា អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ ឈឿន សម្បត្តិ អាយុ២៧ឆ្នាំ និងទី៤៖ឈ្មោះ ឈាង ប្រុស អាយុ២៤ឆ្នាំ ដោយឡែកជនបង្កដែលស្លាប់បាត់បង់ជីវិតឈ្មោះ ហ៊ឺ ប្រុស អាយុ២៤ឆ្នាំ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពសមត្ថកិច្ចយកទៅដម្កល់នៅវត្តប្រម៉ោយ ដើម្បីរង់ចាំសាច់ញាតិ ចំណែកវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់៕