(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាលើកទី៧ «ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈតំបន់អាស៊ីឆ្នាំ២០១៧» ពីថ្ងៃទី០៤-០៦ ខែមេសា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការចូលរួម ពីបណ្ដាប្រទេសនានាមកពីតំបន់អាស៊ីចំនួនជិត ៥០ប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួន។
លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាល បម្រុងរបស់កម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី និងលោកស្រី Ingrid van Wees អនុប្រធាន ADB នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកានេះ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។
គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីពិនិត្យទៅលើស្ថានការណ៍វិវឌ្ឍថ្មីៗ នៃសេដ្ឋកិច្ចសកលដែលកំពុង ឬអាចនឹងជះឥទ្ធិពល ដល់ការគ្រប់គ្រងបំណុលសាធារណៈ ក្នុងតំបន់សំដៅរិះរកនូវវិធានការបង្ការ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ វេទិកានឹងជំរុញឲ្យមានបណ្តាញការងារ ដើម្បីចែករំលែកបទពិសោធន៍រវាងមន្ត្រីជំនាញគ្រប់គ្រងបំណុលសាធារណៈ នៃប្រទេសក្នុងតំបន់ ជាពិសេសគឺការគ្រប់គ្រងហានិភ័យបំណុលសាធារណៈផងដែរ។
ការផ្តល់បុព្វសិទ្ធិពិសេសពី ADB ដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ពុំមែនជារឿងចៃដន្យនោះទេ ក៏ប៉ុន្តែ គឺជាការមើលឃើញច្បាស់នូវកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាងពីរទសវត្សរ៍កន្លងមកនេះ ជាពិសេស ភាពវិវឌ្ឍរីកចម្រើន នៃការគ្រប់គ្រងបំណុលសាធារណៈនៅកម្ពុជា ទាំងក្នុងក្របខ័ណ្ឌនៃការកសាងបទដ្ឋានគតិយុត្ត, ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស, ការរៀបចំឲ្យមានយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេលមធ្យម, ការវិភាគចីរភាពបំណុលសាធារណៈរយៈពេលមធ្យម និងវែង, ការពង្រឹងការគ្រប់គ្រងទិន្នន័យបំណុល ព្រមទាំងការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈ តាមរយៈការបោះផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ នូវព្រឹត្តិបត្រស្តីពី ស្ថិតិបំណុលសាធារណៈកម្ពុជា។ល។
ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព បានរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលមធ្យម និងវែង ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាពលើការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយឥណទានសម្បទាន សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
គួរបញ្ជាក់ដែរថា ដោយមើលឃើញពីភាពវិវឌ្ឍរីកចម្រើនទាំងនេះ មានប្រទេសក្នុងតំបន់ខ្លះ បានស្នើសុំមកធ្វើទស្សនកិច្ចសិក្សា ដើម្បីដកស្រង់ចំណេះដឹង និងបទពិសោធន៍បន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ពីកម្ពុជាផងដែរ ដែលទាំងនេះ គឺជាមោទនភាពដ៏ប្រពៃសម្រាប់កម្ពុជា ដោយបានប្រែក្លាយពីប្រទេស ដែលធ្លាប់តែទៅទស្សនកិច្ចសិក្សារៀនសូត្រពីគេ មកជាប្រទេសដែលទទួលស្វាគមន៍ទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធន៍ដល់គេវិញ ព្រមទាំងសបញ្ជាក់ឲ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងដើរ លើផ្លូវដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងបំណុល សាធារណៈរបស់ខ្លួន។
ជាក់ស្តែង រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បាននឹងកំពុង អនុវត្តយ៉ាងម៉ឺងម៉ាត់ និងគ្មានរវាតនូវគោលការណ៍គន្លឹះចំនួន០៤ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ រួមមាន ទី១៖ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ទី២៖ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់ ទី៣៖ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើន និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, និងទី៤៖ប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។តាមរយៈនេះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារពិភពលោក (World Bank), និងADBបានវាយតម្លៃ និងទទួលស្គាល់ថា ស្ថានភាពបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមាន «ចីរភាព និងហានិភ័យបំណុលកម្រិតទាប»។
ទន្ទឹមនេះ ពិន្ទុនៃការវាយតម្លៃសូចនាករគោលនយោបាយ និងការគ្រប់គ្រងបំណុលរបស់កម្ពុជា រៀបចំដោយ ADB បានកើនពី៤,០ពិន្ទុ នៅឆ្នាំ២០១០ ទៅ៤,៥ពិន្ទុ នៅឆ្នាំ២០១១ និង៥,០ពិន្ទុ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ធៀបនឹងពិន្ទុអតិបរិមា៦,០ តាមការវាយតម្លៃរបស់ World Bank និង IMF ពិន្ទុនេះក៏មានការកើនឡើងជាលំដាប់ផងដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានជំនឿយ៉ាងម៉ុតមាំថា សាធារណជនពិតជាជឿជាក់ លើសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព និងមានវិជ្ជាជីវៈខ្ពស់៕