(សៀមរាប)៖ ក្រោមការណែនាំផ្ទាល់ពី ​លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល​ នៅព្រឹកថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម​រាប សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅតាមផ្ទះ ស្ថិត​តាមបណ្តោយកំណាត់ផ្លូវរាជនី ក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប​។

លទ្ធផលពិនិត្យ នៃការត្រួតពិនិត្យ គឺឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ​ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម​រាប ធ្វើកំណត់ហេតុដកហូត​យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេច​ចោលនៅពេលក្រោយ​។

មន្ដ្រីកាំកុងត្រូលដែលចូលរួមប្រតិបត្តិការណ៍នេះ បានឲ្យដឹងថា ទំនិញខូចគុណភាពដែលបានដកហូតរួមមាន ១១មុខ ដូចជា​ ទឹកក្រូចដបជ័រ, ទឹកភេសជ្ជៈOlatte, ទឹកភេសជ្ជៈSting, ភេសជ្ជៈ​Aquarius, ​ស្រាបៀរអង្គរខ្មៅ, មីកញ្ចប់, ទឹកម្ទេស, ទឹកប្រេងខ្យង, ទឹកខ្មេះ, ទឹកស៊ីអ៊ីវ, ទឹកត្រី និងទឹកប្រេងខ្យង​ សរុប៦២.៨១គីឡូក្រាម។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏​បានអប់រំ ​ចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិ​ច្ឆេទប្រើប្រាស់ផងដែរ៕