(កំពង់ឆ្នាំង)៖ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William A. Heidt និងភរិយា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ បានអញ្ជើញចុះធ្វើទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន របស់ស៉ីម៉ាក់ ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ពោលជាង៩០គីឡូម៉ែត្រពីភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងនោះ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងលោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធមីនកម្ពុជា ព្រមទាំងលោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានចូលរួមប្រគល់សញ្ញាប័ត្រ សិក្សាជំនាញកំទេចគ្រឿងផ្ទុះ ដែលហ្វឹកហ្វឺនជាមួយ កងទព័សហរដ្ឋអាមេរិក ជូនសិក្ខាកាមស៉ីម៉ាក់ចំនួន២៦នាក់។
ក្នុងឱកាសបំពេញទស្សនកិច្ច ជិតពេញមួយថ្ងៃ ដើម្បីស្វែងយល់ពីបញ្ហាមីន និងគ្រាប់បែកមិនទាន់ផ្ទុះនៅកម្ពុជា ដែលបន្សល់ទុកពីសម័យសង្គ្រាម រួមមានសង្គ្រាមស៉ីវិល និងសង្គ្រាមឥណ្ឌូចិននោះ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងភរិយា ដែលជាជនជាតិខ្មែរ បានចូលទស្សនាសកម្មភាពនានា របស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដោយទស្សនាសកម្មភាពរបស់សុខនហិតមីន សកម្មភាពបុគ្គលិកស្ត្រីរបស់ស៉ីម៉ាក់ដោះមីន និងក៏បានចូលរួមស្វែងយល់ ពីអង្គការសកម្មភាពមីនទាំងឡាយ ដែលទទួលជំនួយពីអាមេរិក រួមមានអង្គការ Golden West អង្គការ NPA អង្គការ Halo Trust អង្គការ MAG និងបានទស្សនាការបំផ្ទុះគ្រាប់របស់ស៉ីម៉ាក់ផងដែរ។
អាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលរួមមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង។
ក្នុងដំណើរទស្សនកិច្ចដ៏មានអត្ថន័យនោះដែរ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ប្រចាំកម្ពុជាបានថ្លែងពីការខិតខំប្រឹងប្រែង របស់អាមេរិក ដើម្បីគាំទ្រដល់វិស័យដោះមីនកម្ពុជា។ លោកលើកឡើងថា ជារៀងរាល់ឆ្នាំអាមេរិកបាន ជួយដល់សកម្មភាពដោះមីនរបស់ស៉ីម៉ាក់ គិតជាថវិកាប្រមាន២លានដុល្លារ ខណៈនៅឆ្នាំ២០១៦ កន្លងទៅនេះ អាមេរិកបានផ្តល់ជំនួយជាង ៦លានដុល្លារអាមេរិក សម្រាប់សកម្មភាពដោះមីននៅកម្ពុជា តាមរយៈអង្គការមួយចំនួន។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ទៀតថា នៅរយៈពេល២០ឆ្នាំចុងក្រោយនេះ អាមេរិកបានផ្តល់ជំនួយគិតជាទឹកប្រាក់១២០លានដុល្លារ ដើម្បីជួយដល់ការដោះមីនកម្ពុជា។
លោក William A. Heidt បានថ្លែងតាមរយៈការបកប្រែយ៉ាងដូច្នេះថា «ខ្ញុំបានផ្ញើសារទៅរដ្ឋាភិបាលវ៉ាស៉ីនតោន គឺសកម្មភាពមនុស្សធម៌បោសសំអាតមីន ជាអាទិភាពខ្ពស់បំផុត ព្រោះតែមូលហេតុ៣ គឺជារឿងមនុស្សធម៌ ។ យើងទទួលបានបទពិសោធន៍ក្នុងការបោសសំអាតគ្រាប់កន្លងមក គឺជួយឲ្យមានការរីកចម្រើន នៅក្នុងវិស័យសេដ្ឋកិច្ច ហើយមូលហេតុទី២ នោះគឺកម្ពុជាមានកំណត់ត្រាល្អ ក្នុងភាពជាអ្នកដឹកនាំក្នុងវិស័យបោសសំអាតមីន ហើយសម្រាប់មូលហេតុទី៣ គឺដោយសារតួនាទីក្រុងប្រវត្តិសាស្ត របស់សហរដ្ឋអាមេរិកនៅកម្ពុជា ដោយសហរដ្ឋអាមេរិកនៅតែចាំ អំពីតួនាទីរបស់ខ្លួន នៅក្នុងសម័យសង្គ្រាមវៀតណាម និងមរតកដែលបន្សល់ទុក នូវយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងពេលនោះ»។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានថ្លែងបញ្ជាក់ថា ការដោះមីន គឺជាសេចក្តីត្រូវការយ៉ាងចាំបាច់របស់ប្រជាជនកម្ពុជា ដោយសារសង្គ្រាមស៉ីវិល សង្គ្រាមកម្ពុជាជាមួយបណ្តាប្រទេសជាប់ព្រំដែន និងសង្គ្រាមអាមរិកនៅឥណ្ឌូចិន ជាដើមបានបន្សល់ទុក នៅកាកសំណន់ជាតិផ្ទុះ គ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់បែកគីមី ជាដើម ដែលបន្តសម្លាប់ប្រជាជនកម្ពុជា បង្កជាឧបសគ្គក្នុងការអភិវឌ្ឍន៍។
ជាមួយគ្នានេះ លោក ហេង រតនា បានបង្ហាញនូវក្តីរីករាយដែលរដ្ឋាភិបាលអាមេរិកកន្លងមក បើទោះបីផ្តល់ជំនួយក្នុងកម្រិតមិនទាន់ឆ្លើយតប ទៅនឹងតម្រូវការរបស់កម្ពុជាក៏ដោយ ប៉ុន្តែបានសម្រួលនូវការលំបាកមួយចំនួន ក្នុងកិច្ចប្រតិបត្តិការដោះមីននៅកម្ពុជាផងដែរ ជាពិសេសដៃគូមួយចំនួនក៏បានទទួលផលប្រយោជន៍ រួមសហការជាមួយនឹងបណ្តាប្រទេសដទៃទៀត ដែលបានជួយដល់កម្ពុជា ដូចជាប្រទេសជប៉ុន អូស្ត្រាលី កាណាដា ន័រវេ ហូឡង់ ជាដើមដែលបានជួយក្នុងវិស័យមីន ដែលធ្វើឲ្យវិស័យមីនក្នុងរយៈពេល ២០ឆ្នាំ បានរុករកកម្ទេចគ្រាប់មីន បានជិត៤លានគ្រាប់ និងរំដោះផ្ទៃដីបាន១៥០០គីឡូម៉ែត្រក្រឡា ដែលបានកាត់បន្ថយអត្រាគ្រោះថ្នាក់ពីជាង៤ពាន់ករណី នៅឆ្នាំ១៩៩៦ មកជិត២ពាន់ករណី ឆ្នាំ១៩៩៩ ហើយឆ្នាំ២០១៦កន្លងទៅនេះ មានមិនដល់១០០ករណីទេ។
លោក ហេង រតនា បានថ្លែងថា «ដោយសារចរិតសង្គ្រាមនៅកម្ពុជា មានរយៈពេលវែងជាង៣៥ឆ្នាំ ដូច្នេះបញ្ហាគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ មានមកពីបណ្តាលប្រទេសជាច្រើននៅក្នុងសកលលោក ពិសេសគ្រាប់មីនយើងឃើញមកពីប្រទេសវៀតណាម ចិន រុស្ស៉ី ប៉ូឡូញ ប្រទេសអាល្លឺម៉ង់ ប៊ែលហ្ស៉ិក សឹង្ហបុរី ជាដើមដែលគ្រាប់មីនទាំងអស់នោះនៅតែបង្កគំរាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា ហើយហើយក៏ទទួលរងនូវគ្រាប់បែកចង្កោម គ្រាប់គីមី ដែលប្រឈមមុខនូវគ្រោះថ្នាក់ដែរ។ ទទ្ទឹមនឹងនេះ ការខិតខំចូលរួមក្នុងភាពជាដៃគូ ហើយកម្ពុជាក្នុងនាមជាភាពនៃម្ចាស់ ប្រឈមមុខដោះស្រាយបញ្ហានេះ ធ្វើឲ្យប្រជាជនយើងមានភាពធូរស្រាល ការប្រឈមនូវបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ។...ខ្ញុំសូមសំណូមពរ ចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ពិសេសរដ្ឋាភិបាលអាមេរិក បន្តពីចារណាក្នុងការផ្តល់ការគាំទ្រ ព្រោះមានតែកិច្ចសហប្រតិបត្តិការល្អទេ ទើបយើងអាចធានាបាននូវការការរីកចម្រើនជាមួយគ្នា»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់បោសសំអានមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់នៅឆ្នាំ២០២៥។ ដើម្បីគាំទ្រនូវសកម្មភាពដោះមីននេះបាន គឺត្រូវការថវិកាចំនួន៤០៦លានដុល្លារអាមេរិក។ នៅឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរជាង៨០នាក់រងគ្រោះ ស្លាប់ និងរងរបួសដោយសារមីន ខណៈរយៈពេល៣ខែដើមឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ១៩នាក់ ស្លាប់ និងរបួសដោយសារមីនផងដែរ៕