(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតហើយ លោក ប្រាជ្ញ សីហា ប្រធានគណៈឃោសនាអប់រំ និងជាសមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌឫស្សីកែវ បានដាស់តឿនដល់មន្ត្រី មេខ្យល់ ជនប្រតិកម្មរហ័ស ឃោសនិក និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ឲ្យចេះវាយប្រហារបកទៅវិញភ្លាមៗ រាល់ការលើកឡើងពីសមាសភាពដែលមិនល្អ ជាពិសេសក្រុមបក្សប្រឆាំង តែម្ដងដោយមិនត្រូវបង្អង់យូរឡើយ ដូចជានៅតាមតុកាហ្វេ តុគុយទាវ ទីកន្លែងប្រមូលផ្ដុំទៅដោយជនអគតិមិនល្អមួយចំនួន។
លោក ប្រាជ្ញ សីហា បានលើកឡើងថា សម្រាប់មន្ត្រី មេខ្យល់ ជនប្រតិកម្មរហ័ស ឃោសនិក និងសកម្មជនរបស់CPP ចាំបាច់ត្រូវស្គាល់ឲ្យបានច្បាស់ពីស្នៀតរបស់សត្រូវ តើមានអ្វីខ្លះ ? ឧទាហរណ៍ បើយើងឡើងប្រដាល់ ហើយបែជាមិនស្គាល់ពីចំណុចខ្សោយ និងចំណុចខ្វះខាតសំខាន់ៗរបស់សត្រូវផង តើត្រូវផ្ដួលសត្រូវតាមវិធីណា? សូមស្ដាប់ឲ្យបានច្បាស់មិនឲ្យទៅវាយគេទេ។
លោកបញ្ជាក់ថា សម្រាប់អ្នកប្រដាល់ មុនឡើងរិញប្រកួត គឺត្រូវចាក់បញ្ចាំងវីដេអូរបស់ដៃគូរ ដើម្បីពិនិត្យមើល មើលហើយមើលទៀតឲ្យបានច្បាស់ ពីសកម្មភាព និងចំណុចខ្វះខាតសំខាន់ៗរបស់ដៃគូរសិន ទើបឡើងរិញប្រកួតប្រជែង ដើម្បីទទួលបានជ័យជំនេះ។ ហេតុដូចនេះហើយទើប យើងនៅតែបន្តបើកវគ្គបណ្ដុះបណ្ដាលទៅដល់មេខ្យល់ ជនប្រតិកម្មរហ័ស ឃោសនិក និងសកម្មជន ដើម្បីពង្រឹងបន្ថែមឲ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការត្រៀមខ្លួនប្រកួតប្រជែងក្នុងយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
ការដាស់តឿនជាបន្តបន្ទាប់របស់ CPP ខណ្ឌឫស្សីកែវបែបនេះ ត្រូវបានលោក ប្រាជ្ញ សីហា លើកឡើងក្នុងឱកាសផ្ដល់វគ្គបំពាក់បំប៉នមួយ ទៅដល់ឃោសនិក មេខ្យល់ ជនប្រតិកម្មរហ័ស សកម្មជនរបស់គណបក្សប្រជាជនកម្ពុជាចំនួន៣០នាក់ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរបក្សខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ស៊ីម សិកគ្រីយ៉ា ប្រធានមន្ទីរបក្សខណ្ឌ និងប្រធានក្រុមប្រឹក្សាគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ លោក សុខ សម្បត្តិ លោក-លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារមកពី តាមបណ្ដាសាខាបក្សសង្កាត់ និងភូមិជាង៣០នាក់ផងដែរ។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោក ប្រាជ្ញ សីហា បានសួរទៅកាន់សមាជិក សមាជិកាថា ជាមន្ត្រី មេខ្យល់ ជនប្រតិកម្មរហ័ស ឃោសនិក និងសកម្មជន តើចង់ឲ្យចៅសង្កាត់របស់យើងឈ្នះឆ្នោតឫអត់? ប្រសិនចង់ឲ្យចៅសង្កាត់យើងទទួលជោគជ័យ ក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅពេលខាងមុខនេះបាន ទាល់តែកម្លាំងឃោសនិក មេខ្យល់ ជនប្រតិកម្មរហ័ស និងសកម្មជន ធ្វើយ៉ាងណាត្រូវតែស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីយកទៅអនុវត្តផ្សប់ផ្សាយឲ្យទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
លោកបានពន្យល់យ៉ាងដូច្នេះថា ទី១៖អំពីមេខ្យល់ ត្រូវចំណាំថា ជាអ្នកនាំមុខមហាជនដែលមានទីតាំង និងការរៀបចំបានត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិ ជាអ្នកមានឥទ្ធិពលលើក្រុម (ផ្លូវការ ឫក្រៅ ផ្លូវការ) ព្រមទាំងមានប្រជាប្រិយភាព ទាំងការនិយាយ ស្ដីឫធ្វើការ អំពាវនាវចំពោះអ្នកដ៏ទៃ ហើយជាអតីត ឫបច្ចុប្បន្នជា អ្នកដឹកនាំ ឫក៏អ្នកមានគុណសម្បត្តិ ក្នុងមូលដ្ឋាននោះដោយ គួបផ្សំមានជីវភាពបង្គួរ បើប្រៀបធៀបទៅសមាជិកក្នុងក្រុម ជាពិសេស ត្រូវចេះចែករំលែកផលប្រយោជន៍ដល់ក្រុមចេះដឹងសុខទុក្ខ និងជួយយកអាសារអ្នកដ៍ទៃ។
ទី២៖ជនប្រតិកម្មរហ័ស ជាមនុស្សដែលអង់អាចក្លាហាន ហ៊ាននិយាយ ហ៊ានវាយបកទាន់ពេល ដោយផ្ទាល់ ឫដោយ ប្រយោលទៅលើ គំនិតមិនចម្រើនជឿនលឿន ឫក៏ការឃោសនា អកុសលរបស់មជ្ឈដ្ឋានអគតិនានា ពិសេសជាអ្នកធ្វើ សកម្មភាពជាមួយមហាជនដែលគ្មាន ការរៀបចំច្បាស់លាស់ នៅតាមទីផ្សារ ឫកន្លែងសាធារណៈ។ ចាំបាច់ ជនប្រតិកម្មរហ័ស ត្រូវមានលក្ខណៈសិល្បៈ នៅក្នុងការបកស្រាយ ឫឆ្លើយទៅនិងសំនួរនានា ត្រូវមានភាពហ្នឹងហ្នឹរ អត់ធ្មត់ មិនប្រឡោត ហើយសំខាន់ជាងនេះ ត្រូវមានភាពប៉ិនប្រសប់ដោយ ខិតខំរកវិធី ដោយចេះឆ្លៀតឱកាស យកព័ត៌មានវិជ្ជមាន និងអវិជ្ជមានពីគណបក្សនានា មកធ្វើការវិភាគសរុប និងសន្និដ្ឋានខ្ចាប់លើតថៈភាព សច្ចៈភាព និងភាពសមហេតុផល នៃរឿងរ៉ាវនីមួយៗ ដោយសមស្របទៅនិងមូលដ្ឋានផង។
ទី៣៖ឃោសនិក គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលផលិត ចងក្រងខ្លឹមសារ និងបំពេញការងារឃោសនាអប់រំ និងជាអ្នកផ្សព្វផ្សាយបន្ត គោលមាគ៌ានយោបាយ កម្មវិធីនយោបាយរបស់គណបក្ស សេចក្ដីសម្រេចនានារបស់បក្ស។ល។ ដើម្បីជូនដល់សមាជិកបក្ស និងមហាជន គ្រប់មូលដ្ឋាន ដោយមានភាពប៉ិនប្រសប់ សិល្ប៍វិធី និងវោហាសាស្ត្រ ធ្វើឲ្យអ្នកចូលរួមចាប់អារម្មណ៍ និងយកចិត្តទុកដាក់ស្ដាប់ពិសេស លក្ខណៈសម្បត្តិរបស់ឃោសនិក គឺជាអ្នកមានចំណេះដឹងទូទៅ មានសមត្ថភាព ក្ដាប់ជាប់គោលមាគ៌ា គោលនយោបាយកម្មវិធី នយោបាយ របស់គណបក្ស ព្រមទាំងមានភាពឈ្លាសវៃ ជាអ្នកគ្រប់គ្រងអារម្មណ៍ខ្លួនបាន នៅគ្រប់កាលៈទេសៈ ហើយជាអ្នកចូលចិត្ត ការស្រាវជ្រាវ និងចងក្រងខ្លឹមសារនានាតាមដានសភាពការ ជាតិ-អន្តរជាតិ រួមនិងមានសីលធម៌ របៀប រស់នៅល្អ និងមានសុខភាពល្អ។
ទី៤៖សកម្មជននយោបាយ គឺជាជនពាក់ព័ន្ធក្នុងដំណើរការ នយោបាយ ដែលប៉ិនប្រសប់ ជំរុញលើកទឹកចិត្ត ឫរារាំងបង្កើនការយល់ដឹងអំពី បញ្ហាអ្វីមួយ ដល់អ្នកចូលរួម ព្រមទាំងហ៊ានប្រយុទ្ធ ដើម្បីផលប្រយោជន៍ក្រុម ឫគណបក្ស។ ម្យ៉ាងទៀត សកម្មជនគណបក្សជាអ្នកមាន ទឹកចិត្តស្មោះត្រង់ជាមួយបក្ស ចេះឃោសនា ហ៊ានការពារ ហ៊ានប្រឈមទៅ និងកម្លាំងប្រឆាំង ដែលវាយប្រហារមកលើ គណបក្ស ពិសរសលក្ខណៈសម្បត្តិ របស់សកម្មជនគណបក្ស ជាអ្នកមានសមត្ថភាព និងក្ដោបក្ដាប់ គោលមាគ៌ា គោលការណ៍ គោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្ស និងស្ថានភាពរបស់ប្រទេសជាតិ ហើយប៉ិនប្រសប់ប្រើប្រាស់វិធីសាស្ត្រក្នុងការពន្យល់និងបកស្រាយ រាល់បញ្ហា ដែលកំពុងកើតមាន ដោយពន្យល់ដល់អ្នកចូលរួម ងាយយល់ដឹង មានវោហាសាស្ត្រគ្របដណ្ដប់លើដៃគូរ ព្រមទាំងមានកាយ សម្បទាមាំមួន និងមានលក្ខណៈសិល្បៈក្នុងការនិយាយ ដោយចូលរួមគ្រប់វេទិកា ព្រិត្តិការណ៍នយោបាយរបស់បក្ស រួមនិងឃោសនា ចលនា មហាជនឲ្យគាំទ្រគណបក្ស ការពារប្រយុទ្ធដើម្បីផលប្រយោជន៍គណបក្ស៕