(ភ្នំពេញ)៖ បុរសម្នាក់ត្រូវគេវាយសម្លាប់រួចយកទៅប្លុងចោល នៅកណ្តាលវាលស្រែមេឃកំពុង តែភ្លៀងយ៉ាងខ្លាំង ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចកណ្តាលវាល ស្រែខាងក្រោយវត្តតាំងកសាងខាងជើង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសដែលត្រូវវាយសម្លាប់នោះឈ្មោះ ជួន ស៊ីវុធថារិន អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់ សព្វថ្ងៃស្នាក់នៅ ក្នុងរោងមួយដែលស្ថិតនៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ប្រពន្ធឈ្មោះ ប៉ាន់ នូ អាយុ២២ឆ្នាំ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុជនរងគ្រោះ បានទៅលេងផ្ទះម្ដាយក្មេកជាមួយ
ប្រពន្ធ និងកូនតូចម្នាក់ លុះត្រឡប់មកដល់ផ្ទះវិញ ម៉ោងប្រហែលជា០៩៖៣០នាទី ជនរងគ្រោះបានជិះម៉ូតូចេញក្រៅវិញ លុះត្រឡប់មកវិញគាត់ក៏សុំទូរស័ព្ទ និងពិលពីប្រពន្ធ មកកន្លែងកើតហេតុខាងលើ ដោយជនរងគ្រោះក៏បានស្រែកថា «មើលពួកហ្អែងអញ សុំបារីមួយដើមមើសហា៎» ហើយប្រពន្ធក៏រៀបចំសំរាកទៅ លុះព្រឹកឡើងក៏បានប្រទះឃើញប្ដី ដេកស្លាប់កណ្ដាលវាល ទើបហៅអ្នកជិតខាងជួយសែងដាក់ ក្នុងរោងហើយប្ដឹងមកសមត្តកិច្ចចុះមកធ្វើការសាកសួរនៅកន្លែងកើតហេតុ។
ក្រោយពីប្រមូលព័ត៌មានបានសព្វគ្រប់ កម្លាំងជំនាញឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ យកមកសួរនាំនៅប៉ុស្តិ៍កាកាប ដែលជនសង្ស័យទី១៖ ឈ្មោះ ជា យ៉ត អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ និងទី២៖ ឈ្មោះ ឈួន តុ អាយុ៣៧ឆ្នាំ មុខរបរជាកម្មកសំណង់ដូចគ្នា។ បើតាមការសួរនាំ ជាបឋមបានឲ្យដឹងថាជនដៃដល់ ដែលមានឈ្មោះ ហ៊ឹង បានរត់គេចខ្លួនជាមួយប្រពន្ធបាត់ហើយ៕