(ប៉ៃលិន)៖ ប្រជាពលរដ្ឋខេត្តប៉ៃលិន ត្រេកអរ និងសាទរចំពោះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអគ្គីសនីក្នុងខេត្តទាំងអស់ ដែលបានលក់ថាមពលអគ្គីសនី ជូនប្រជាពលរដ្ឋ បានសម្រេចបញ្ចុះតម្លៃអគ្គីសនី តាមការកំណត់របស់អគ្គីសនីកម្ពុជា ព្រមទាំងប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គីសនីវិញ ជំនួសការប្រើប្រាស់ប្រាក់បាតរបស់ថៃ នាពេលកន្លងមក សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញជាតិ។
លោក កា សឹម អាយុ៤៦ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឲ្យដឹងថា ក្នុងនាមគាត់តំណាងឲ្យសាសនិកខ្មែរឥស្លាម នៅខេត្តប៉ៃលិនទាំងអស់ គឺពិតជាសប្បាយរីករាយ ដែលក្រុមហ៊ុនអគ្គីសនីខេត្ត បានប្តូរការទូរទាត់ថ្លៃថាមពលអគ្គីសនី មកជាប្រាក់រៀលវិញ ហើយបញ្ចុះតម្លៃទៅតាមការកំណត់របស់អគ្គីសនីកម្ពុជា។ គាត់ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ត្រីជំនាញ និងអាជ្ញាធរខេត្តប៉ៃលិន ដែលបានដោះស្រាយបញ្ហាអគ្គីសនីនេះជូនប្រជាពលរដ្ឋ។
ស្រដៀងគ្នានោះ លោក ជួន ធឿន ជាគ្រូបង្រៀន រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលសព្វថ្ងៃគាត់ប្រើប្រាស់បណ្តាញអគ្គីសនី ដែលនាំចូលពីប្រទេសថៃ បានសំនូមពរឲ្យអាជ្ញាធរ ធ្វើយ៉ាងឲ្យពួកគាត់ បានប្រើប្រាស់ថាមពលអគ្គីសនីបណ្តាញរដ្ឋដែរ ដែលមានតម្លៃថោក និងទូរទាត់ជាប្រាក់រៀល។
បើតាមលោក អ៊ី ហឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានឲ្យដឹងថា ចំពោះការទូរទាត់ថ្លៃថាមពលអគ្គីសនី និងបញ្ចុះតម្លៃ គឺបានតែបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញអគ្គីសនីរបស់រដ្ឋតែប៉ុណ្ណោះ ពីព្រោះថាមពលអគ្គីសនីបណ្តាញរបស់រដ្ឋ ដែលអូសមកពីខេត្តបាត់ដំបង គឺបានត្រឹមតែ៤មេហ្កាវ៉ាត់ ដូច្នេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅតាមតម្រូវការ នៃការប្រើប្រាស់ នៅក្នុងខេត្តប៉ៃលិនទាំងមូល ទើបនៅបន្តទិញថាមពលអគ្គីសនីពីប្រទេសថៃ ដែលមានតម្លៃថ្លៃ ហើយនៅបន្តទូរទាត់ថ្លៃអគ្គីសនី ជាប្រាក់បាតរបស់ថៃ។
លោកប្រធានមន្ទីររ៉ែ រូបនេះក៏បានសំនូមពរដល់ ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញអគ្គីសនី ដែលនាំចូលពីប្រទេសថៃ មេត្តាអធ្យាស្រ័យ និងយោគយល់ ហើយបច្ចុប្បន្ននេះថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត បានកំពុងដោះស្រាយ និងចាប់ផ្តើមកសាងអនុស្ថានីយ៍អគ្គីសនីនៅខេត្តប៉ៃលិន ដូចនេះនៅឆ្នាំ២០១៨ ពលរដ្ឋក្នុងខេត្ត នឹងមានបានប្រើប្រាស់ថាមពលអគ្គីសនីបណ្តាញរដ្ឋទាំងអស់គ្នា។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងសេវាថាមពលអគ្គីសនីនៅក្នុងខេត្តប៉ៃលិន មានចំនួន២ ទី១៖ក្រុមហ៊ុន MSP និងទី២៖ក្រុមហ៊ុន វណ្ណៈភាព ឌីវិលឡុបមែន ដោយផ្គត់ផ្គង់ថាមពលអគ្គីសនី ចំនួន៤៧៩,៣៦៣,៨ Kw/h ក្នុង១ខែ ហើយនៅពេលអនុស្ថានីយ៍អគ្គីសនី នៅខេត្តប៉ៃលិន សាងសង់រួចរាល់ គឺខេត្តប៉ៃលិន នឹងមានថាមពលអគ្គីសនីប្រើប្រាស់ កម្លាំង១១៥គីឡូវ៉ុល និងថាមពល១០០ម៉េហ្កាវ៉ាត់៕