(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋក្នុងភូមិក្រាំងរងៀង ភូមិចំការជ្រៃខាងជើង និងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង បានសម្ដែងនូវការត្រេកអរ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ នៅពេលដែលដឹងថា ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ តម្លៃអគ្គិសនីនឹងធ្លាក់ចុះក្នុងតម្លៃទាបបំផុត ដើម្បីជួយសម្រាលការចំណាយរបស់ពួកគាត់ បានមួយចំណែកផងដែរ។
ការសាទរពីសំណាក់ប្រជាពលរដ្ឋឃុំអន្លង់រាប បានផ្ទុះឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានប្រកាសឲ្យដឹង នៅក្នុងឱកាសដែលលោក អញ្ជើញចុះចែកអំណោយរបស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ជនចាស់ជរា ស្ត្រីមេម៉ាយទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៏ និងជនពិការ ចំនួន២៦៣គ្រួសារ នៅបរិវេណបឋម និងអនុវិទ្យាល័យអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានថ្លែងថា អំណោយទាំងនេះជាការគិតគូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មការជាតិគ្រោះមហន្តរាយ មកដល់រដ្ឋបាលខេត្ត ហើយបើទោះបីអំណោយទាំងនេះ តិចតួចយ៉ាងណាក្តី តែវាជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយគ្រាផងដែរ។ ជាក់ស្តែងប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ជនចាស់ជរា ស្ត្រីមេម៉ាយទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៏ និងជនពិការ ចំនួន២៦៣គ្រួសារ គឺសុទ្ធសឹងទទួលបានអំណោយគ្រប់ៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ឬបក្សពួកអ្វី។
លោកអភិបាលខេត្ត បានជម្រាបជូនថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោម ២៥រាជធានី/ខេត្ត ដែលប្រមុខរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធបានច្រើនជាងគេ ដូចជាទំនប់ទី៣ និងទី៥ នៅក្នុងស្រុកភ្នំក្រវាញ ទំនប់វ៉ារីអគ្គិសនីអាតៃ នៅឃុំអូរសោម ស្រុកវាលវែង ផ្លូវកៅស៊ូ១០ខ្សែ មានប្រវែង១២៥,៥គីឡូម៉ែត្រ ជាពិសេសផ្លូវជាតិលេខ៥៥ មានប្រវែងជិត២០០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ៥ ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៨ខាងមុខនេះ។
លោក ម៉ៅ ធនិន បានប្រកាសថា «ចាប់ពីថ្ងៃទី០១ ខែមេសា តម្លៃអគ្គិសនី នឹងធ្លាក់ចុះទាបបំផុត រហូតទៅដល់ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង បើសិនជាប្រើប្រាស់មិនលើស១០គីឡូ ក្នុងមួយខែ ហើយបើប្រជាពលរដ្ឋប្រើប្រាស់មិនលើសពី៥០គីឡូ ក្នុងមួយខែ នោះតម្លៃត្រឹមតែ ៦១០រៀលតែប៉ុណ្ណោះ ដែលនេះជាគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២»។
គួរបញ្ជាក់ថា អំណោយរបស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ជនចាស់ជរា ស្ត្រីមេម៉ាយទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៏ និងជនពិការ ចំនួន២៦៣គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម និងមី១កេស។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល បានចុះជួបសំណេះសំណាលជាមួយអាជីវករ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ទាក់ទងនឹងផ្លូវចូលផ្សារ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារប្រម៉ោយ និងបន្តចុះសួរសុខទុក្ខបុគ្គលិក និងប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពប្រម៉ោយ ព្រមទាំងបានផ្តល់ជូនវត្ថុកំដរដៃ ជាសារុងម្នាក់១ផងដែរ៕