(ភ្នំពេញ)៖ បច្ចុប្បន្ននេះ គឺពិតជាមានការនិយាយថា៖ «ពុលព័ត៌មាន» ឬ «ការបំពុលព័ត៌មាន»។ ហេតុអ្វីបានជាទៅអញ្ចឹង? ចម្លើយ៖គឺមកពីការ មិនយល់ ការយល់ច្រឡំ ការយល់មិនច្បាស់ ហើយដោយរួមទាំងការព្យាយាមបន្លំ បំភ្លៃទាំង ខ្លឹមសារ អត្ថន័យ មុខងារ និងតួនាទីនៃ បណ្តាញផ្សព្វផ្សាយនេះឯង។
ការពិត «ព័ត៌មាន» និង «ដំណឹង» គឺមិនដូចគ្នាទេ។ ការយល់មិនច្បាស់ពីភាពខុសគ្នារវាង «ព័ត៌មាន និង ដំណឹង»នេះហើយ ដែលនាំឲ្យមានការ «ពុល» ដូចដែលគេទទួលទានចំណីខុស ឬប្រើថ្នាំខុសដែរ។ ក៏ប៉ុន្តែលើសពីនេះ ការពុលព័ត៌មាន គឺគ្រោះថ្នាក់ទាំងចំពោះការគិត ការសម្រេចចិត្ត និងគ្រោះថ្នាក់លើផ្នែកសីលធម៌និងស្មារតីជាតិ។
តើ «ព័ត៌មាន» និង «ដំណឹង» ខុសគ្នាដូចម្តេច?
បើនិយាយឲ្យខ្លី៖ «ព័ត៌មាន» គឺជាកិច្ចការរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ។ រីឯ «ដំណឹង» គឺសម្រាប់សាធារណជនទូទៅដែលអ្នកណាក៏អាចធ្វើបាន អាចបញ្ចេញបាន។ ក៏ប៉ុន្តែប្រសិនបើ អ្នកសារព័ត៌មាន ចង់យកដំណឹងមកផលិតជាព័ត៌មាន គឺត្រូវតែយកដំណឹងនេះមកពិចារណា និងផ្ទៀងផ្ទាត់ ខ្លឹមសារ និងប្រភពជាមុនសិន។ បើមិនដូច្នោះទេ អ្នកសារព័ត៌មាន ក៏មានចំណែកបំពុលដែរ ដែលគេនិយាយថា «ពុលព័ត៌មាន» នោះ។
ខ្ញុំសូមលើកយកការបកស្រាយជានិយមន័យដូចតទៅ៖
១៖ «ព័ត៌មាន»៖ ប្រែភាសាអង់គ្លេសថា News គឺទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗដែល «អ្នកសារព័ត៌មាន» បានចេញផ្សព្វផ្សាយតាមរយៈមធ្យោបាយ ដូចជា៖ កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ ឬមធ្យោបាយផ្សព្វផ្សាយអេឡិចត្រូនិចផ្សេងៗ។ មូលដ្ឋានសរសេរផ្សព្វផ្សាយព័ត៌មាន តាមគោលការវិជ្ជាជីវៈសារព័ត៌មាន គឺត្រូវមានប្រភពត្រឹមត្រូវដែលអាចផ្ទៀងផ្ទាត់បាន និងត្រូវតែអនុលោមតាមរូបមន្ត៖ 5W+1H = Who, What, Where, When, Why and How - អ្នកណា? អ្វី? ទីណា? ពេលណា? ហេតុដូចម្តេច?។ ចំពោះព័ត៌មានសេដ្ឋកិច្ច គឺត្រូវអនុលោមតាមរូបមន្ត (CCE+CCF)។ ដូច្នេះ ព័ត៌មាន ជាកិច្ចការរបស់អ្នកជំនាញ គឺរបស់អ្នកសារព័ត៌មានសុទ្ធសាធ។
២- «ដំណឹង»៖ ប្រែជាភាសាអង់គ្លេសថា Information គឺសំដៅដល់ «សារ»។ «សារ» អាចមានអត្ថន័យខុសៗគ្នាអាស្រ័យលើបរិបទផ្សេងៗគ្នា និងអាស្រ័យលើនិន្នាការអ្នកបង្កើតសារ។ «ដំណឹង» ក៏ទាក់ទងទៅនឹង ទិន្នន័យ ទស្សនៈ ការយល់ឃើញ ការទំនាក់ទំនង ការផ្សព្វផ្សាយ ធ្វើឲ្យមានការរំញោចអារម្មណ៍ និងសារបង្កើតភាពចលាចលផងដែរ។ ការផ្សាយ សារ ឬ ដំណឹង គឺមិនចាំបាច់គិតលើរូបមន្ត (5W+1H ឬ CCE+CCF) ដូចសារព័ត៌មានអាជីពនោះទេ។ គេអាចឆ្នៃប្រឌិតសារផ្សេងៗតាមនិន្នាការនិងបំណងរបស់គេបាន។ ទាំងអ្នកនយោបាយ សកម្មជននយោបាយ សាធារណជន ក៏អាចធ្វើ សារ របស់ខ្លួនបាន។ អញ្ចឹងហើយដែលពេលខ្លះនាំឲ្យ «ពុល» ដោយសារតែ សារខ្លះគ្មានប្រភព អ្នកធ្វើសារគ្មានអត្តសញ្ញាណ មិនអាចផ្ទៀងផ្ទាត់បាន និងគ្មានក្រមសីលធម៌ទៅទៀត។
តើ «ពុលព័ត៌មាន» របៀបដូចម្តេច?
ឥឡូវនេះ យើងត្រូវទទួលស្គាល់ថា «ការពុលព័ត៌មាន» គឺមានទាំងនៅលើ Facebook និងនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានផ្លូវការ។ នេះមិនមែនន័យថា រាល់ការផ្សព្វផ្សាយនិងការបង្ហោះផ្សាយនៅលើ Facebook សុទ្ធតែការបំពុលទាំងអស់នោះទេ។ ក៏ប៉ុន្តែអ្នកផ្សព្វផ្សាយខ្លះ និងអ្នកលេង Facebook ខ្លះពិតជាបានបង្កើត «សារ-ដំណឹង» បំភ្លៃ បំផ្លើស ប្រឌិត និង បំពុល ដោយចេតនា ឬអចេតនាតាមរយៈ៖ ការកាត់តរូបភាព ការឆ្នៃប្រឌិតឯកសារ ការប្រឌិតខ្លឹមសារ ការចែកផ្សាយបន្ត ការបង្កើតសមរភូមិសាធារណៈមតិតាមនិន្នាការរបស់ខ្លួន និងខ្លះរហូតប្រើសម្តីអសុរស និងការប្រមាថជាដើម ដែលនេះជាការបំផ្លាញសីលធម៌សង្គមខ្លួនឯង។
ជាថ្មីម្តងទៀត ហេតុអ្វីបានជា «ពុល» ទៅអញ្ចឹង? ចម្លើយ៖ គឺមកពីមិនយល់ យល់ច្រឡំ មកពីមិនព្រមយល់ មកពីមិនព្រមស្វែងយល់ និងមិនព្រមប្រកាន់សីលធម៌វិជ្ជាជីវៈ។ ដោយសារបច្ចេកវិទ្យាមានឥទ្ធិពលលើការបញ្ជូនសារ ឥឡូវនេះ ពួកសកម្មជនសង្គម ក៏ខំបំប៉ោងតួនាទី Citizen Report ដែលគេបកប្រែថា «សារព័ត៌មានប្រជាជន»។ ពិតហើយ គ្រប់គ្នាអាចជាភ្នាក់ងារផ្តល់ព័ត៌មាន ក៏ប៉ុន្តែ មិនមែនគ្រប់គ្នា ជាអ្នកកាសែត ឬអ្នកសារព័ត៌មាននោះទេ។ ការយល់ច្រឡំដោយផាត់ចោលតម្លៃវិជ្ជាជីវៈនិងការបណ្តុះបណ្តាលត្រឹមត្រូវ គឺមិនខុសអ្វីពីបណ្តោយ ឲ្យអ្នកមិនបានរៀនវិជ្ជាជីវៈពេទ្យ ឲ្យធ្វើជាគ្រូពេទ្យចាក់ថ្នាំលើអ្នកជំងឺនោះទេ។
ឥឡូវសូម្បីក្នុងចំណោម អ្នកសារព័ត៌មាន ក៏ «ពុល» ដែរ។ មានអ្នកសារព័ត៌មានបម្រើការក្នុងវិទ្យុទទួលលុយពីបរទេសសរសេរថា «គេឈប់មើល ទូរទស្សន៍ហើយ!»។ យើងត្រូវទទួលស្គាល់ថា របៀបនេះគឺជាការ «ពុល» ដោយយល់ខុសពីតួនាទីបណ្តាញព័ត៌មានផ្លូវការ (Traditional Media) និងបណ្តាញសង្គម (Social media)។
សូមភ្ញាក់ស្មារតីថា ការផ្សាយព័ត៌មានខុស ឬផ្សាយបំពុល គឺគ្រោះថ្នាក់ជាងគ្រាប់បែកបរមាណូរាប់រយដង។ គ្រាប់បែកបរមាណូបំផ្លាញតែគោលដៅ១ ក៏ប៉ុន្តែការផ្សាយបំពុលគឺសម្លាប់ជាតិទាំងមូល។ កាលណានិយាយអំពី «ជំនាញ» និង «វិជ្ជាជីវៈ» គឺត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាល និងអនុវត្តដោយក្រមសីលធម៌។ ប្រសិនគ្រប់គ្នាយល់ច្រឡំតួនាទីថា៖ អ្នកណាក៏អាចជាអ្នកសារព័ត៌មាន អាចជាគ្រូពេទ្យ អាចជាប៉ូលីស អាចជាអ្នកបើកយន្តហោះ... សូមធ្មេចភ្នែក ហើយស្រម័យមើលវិនាសកម្មសង្គម និងពិភពលោកទៅចុះ។
ការពិតប្រព័ន្ធផ្សព្វផ្សាយផ្លូវការ (Traditional media) និងបណ្តាញផ្សព្វផ្សាយសង្គម (Social Media) គឺមានមុខងារ និងសមត្ថភាពផលិត ខុសគ្នា តែមានភាពអាស្រ័យគ្នា។ Facebook ផ្ញើសារបានលឿន ទាំងសារខុស សារត្រូវ «សារស៊ីអារម្មណ៍» និង «សាធារណៈមតិ»។ ក៏ប៉ុន្តែ អ្នកលេង Facebook មិនអាចរកចំណូល និងមិនអាចផលិតកម្មវិធីដែលមានគុណភាពដូចទូរទស្សន៍បានទេ ដែលក្នុងនោះរួមមានទាំងការផ្សាយ ព័ត៌មានផ្លូវការ ការប្រគ៉ំតន្ត្រី កីឡា អប់រំ វប្បធម៌ ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្តនានា។
ទូរទស្សន៍នៅកម្ពុជានៅតែទទួលបានចំណូលវាង៣០ម៉ឺនដុល្លារ ទៅ១លានដុល្លារអាមេរិកក្នុងមួយខែៗ។ បច្ចុប្បន្ននេះក្នុងផ្ទះ១ គឺមានទូរទស្សន៍ យ៉ាងហោច១គ្រឿង ដែលផ្ទះខ្លះមានរហូត ដល់៣ឬ៥គ្រឿង។ សូម្បីវិទ្យុបរទេសក៏រកមធ្យោបាយពង្រីកការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ នៅកម្ពុជាផងដែរ។ នេះជាការពិត!
ទោះបីជាយ៉ាងណា ការយល់ច្រឡំ ក៏ជាឱកាសដែរ។ ក្នុងបរិបទខាងលើ វាជាការចាំបាច់ដែលអ្នកសារព័ត៌មានផ្លូវការ ត្រូវតែបន្តខិតខំដើរតួនាទីជាអ្នកផ្តល់ព័ត៌មានពិត ផ្តល់ការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ ផ្តល់ការផ្សព្វផ្សាយដែលជំរុញការគិតវិជ្ជមាន ដើម្បី «កាត់បន្ថយការពុល»ផង និងជាអ្នកជួយបំភ្លឺសង្គមតាមរយៈការផ្តល់ព័ត៌មានពិត ពិស្តារ គ្រប់ជ្រុងជ្រោយ និងអាចផ្ទៀងផ្ទាត់បាន។ នៅពេលដែល គេពុលកាន់តែខ្លាំង គេនឹងព្យាយាមងាកមករកស្ថាប័នផ្លូវការ ដើម្បីបន្សាបការពុលនោះហើយ។
អ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយក៏ត្រូវមើលគ្រប់ទិដ្ឋភាព ឲ្យលើសពីត្រឹមបន្សាប និងបំភ្លឺ «សារបំពុល» «សារញុះញ៉ុង» «ព័ត៌មានក្លែងក្លាយ» «ព័ត៌មានប្រឌិត» «សារស៊ីអារម្មណ៍» និង «ព័ត៌មានខ្មៅ» នៅលើបណ្តាញមិនផ្លូវការរបស់សកម្មជននយោបាយ ក៏ប៉ុន្តែបណ្តាញផ្សព្វផ្សាយ ផ្លូវការ ត្រូវតែខិតខំបន្តវិសាលភាពផ្សព្វផ្សាយ គុណភាពផ្សព្វផ្សាយតាមរយៈការបង្កើតកម្មវិធីដែលមានអត្ថប្រយោជន៍ដល់សង្គម ដោយបង្កើត ចំណេះដឹងជាបំណិនជីវិត ការអប់រំ ការកម្សាន្តសប្បាយ និងផ្តល់ការស្វែងយល់ទូលំទូលាយអំពីការវិវត្តន៍របស់ពិភពលោកផងដែរ។ តើប្រជាជនជាទូទៅត្រូវការអ្វី? នោះគឺ ដំណឹងការកម្សាន្ត ភាពសប្បាយរីករាយ សុភមង្គល និងរស់នៅរីកចម្រើនក្រោមដំបូល «សន្តិភាព»៕
ដោយ៖ ហ៊ុយ វណ្ណៈ