(ស្ទឹងត្រែង)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល បានឲ្យដឹងថា យុវជនបក្ស គឺជាកម្លាំងស្នួលក្នុងការដើរតួនាទីបម្រើបក្ស ប្រជាជន និងប្រទេសជាតិគ្រប់ជំនាន់ ជាក់ស្ដែងយុវជនបក្សជំនាន់មុន បានលះបង់គ្រប់បែបយ៉ាង និងកសាងស្នាដៃជាច្រើន ដើម្បីទុកឱកាសយុវជនជំនាន់ក្រោយដឹកនាំបន្ដ។
ថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើង ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ ក្រុមការងារយុវជន សកម្មជន សមាជិកគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ នាខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បានសម្ដែងនូវការ អរគុណក្រុមការងារយុវជន សកម្មជន យុវជន ដែលបានចូលរួមដោយស្ម័គ្រចិត្ត ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថាសម័យនេះ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ បងប្អូនយុវជនមានសិទ្ធិជ្រើសរើសគណបក្ស ដែលដែលមានគុណសម្បត្តិច្រើនជាងគេ និងជាបក្សខ្លួនស្រលាញ់។
លោកបានបញ្ជាក់ថា «ការចូលរួមជាសកម្មជន យុវជន សមាជិក របស់គណបក្សប្រជាជនកម្ពុជា គឺជាកិត្តិយស និងមោទនភាពដែលមាលក្ខណៈគ្រប់គ្រាន់ ដែលទទួលស្គាល់ និងផ្តល់ឱកាសដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលធំជាងគេ មានស្នាដៃកសាងសមិទ្ធិផលច្រើនជាងគេ និងដឹកនាំប្រទេសបម្រើប្រជាជនច្រើនជាងគេ»។
បើតាមលោក ហ៊ុន ម៉ាណែត យុវជនទាំងអស់របស់បក្សត្រូវស្មោះត្រង់ចំពោះបក្ស ស្រឡាញ់បក្ស ធ្វើជាឃោសនិករបស់បក្ស ដើម្បីឲ្យប្រជាជនឃើញស្នាដៃ និងគុណសម្បត្តិ ដើម្បីឲ្យប្រជាជនស្រលាញ់ និងទទួលបានប្រៀបឈ្នះ ដើម្បីឲ្យបម្រើប្រជាជន និងប្រទេសជាតិ ហើយយុវជនបក្សត្រូវកសាងគុណធម៌ សីលធម៌ ធ្វើអំពើល្អ និងធ្វើជាគំរូបម្រើប្រជាជន និងប្រទេសជាតិ ព្រោះថាអត្តសញ្ញាណ និងសកម្មភាពល្អ គឺតំណាងឲ្យបក្ស។
ជាចុងបញ្ចប់ លោកបានផ្ដាំផ្ញើថា ឱកាសដែលយុវជនជំនាន់ក្រោយទទួលបាន គឺសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ និងផ្តល់ក្តីសង្ឃឹមសម្រាប់យុវជន ដូច្នេះយុវជនត្រូវថែរក្សានូវឱកាស និងស្នាដៃទាំងនេះសម្រាប់យុវជនជំនាន់ក្រោយៗ៕