(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងបរិវេណវាលបែកចាន ខេត្តបាត់ដំបង លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក (ចេញ-ចូលនានា) បានអញ្ជើញជាអធិបតី ក្នុងពិធីដុតបំផ្លាញគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកាស្ថាពរ របស់សាលាដំបូងខេត្តចំនួន៥ខេត្ត រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង និងប៉ៃលិន។
ក្នុងពិធីនេះ ក៏មានការចូលរួមពី ព្រះសង្ឃ អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង០៥ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ គ្រូបង្រៀន សិស្ស និស្សិត ប្រមាណ៣,០០០នាក់។
គ្រឿងញៀនដែលប្រមូលបាន និងត្រូវដុតបំផ្លាញក្នុងឱកាសនេះ មានដូចជា មេតំហ្វេតាមីន WY និងICE ចំនួន១៦៥,៨៧.៦៣ ក្រាម មេតំហេ្វតាមីនចំនួន ១៨កញ្ចប់ និងម្សៅសម្រាប់ផលិតគ្រឿងញៀនចំនួន៧៥៩.១ក្រាម។
លោករដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា បានគូសបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានតាមរយៈសាលក្រម សាលដីកាស្ថាពរ ក្នុងឱកាសនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ស្ថាប័នតុលាការ អាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធដទៃទៀត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន ដើម្បីប្រែក្លាយប្រទេសយើង សហគមន៍យើង ទៅជាប្រទេសមួយ សហគមន៍មួយដែលគ្មានគ្រឿងញៀន។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការចូលរួមរបស់មន្ត្រីអនុវត្តច្បាប់ ស្ថាប័នតុលាការ ពិតជាមិនទាន់គ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យមានប្រសិទ្ធិភាពទាំងស្រុងនេះទេ យើងពិតជាត្រូវការ ការសហការ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការនេះ។
ជាចុងបញ្ចប់ លោក អង្គ វង្ស វឌ្ឍានា បានផ្តាំផ្ញើមួយចំនួននៅក្នុងអង្គពិធីទាំងមូលដូចជា៖ ទី១៖ត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន, ទី២៖ជម្រុញ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន, ទី៣៖បន្តអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀនឲ្យបានម៉ឺងម៉ាត់, ទី៤៖ជម្រុញឲ្យតំណាងអយ្យការអមសាលាដំបូង ពង្រឹងកិច្ចសហការជាមួយ អាជ្ញាធរដែលពាក់ព័ន្ធ ក្នុងការបង្រា្កបគ្រឿងញៀន និងទី៥៖ស្នើឲ្យតុលាការជួយពន្លឿននីតិវិធី ចំពោះបទល្មើសគ្រឿងញៀនឲ្យបានឆាប់រហ័ស៕