(ត្បូងឃ្មុំ)៖ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីកាំកុងត្រូលប្រចាំ ដឹកនាំដោយលោក ឈិនលីម សាវុធ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ បន្តចុះត្រួតពិនិត្យ បន្លែផ្លែឈើនាំចូលពីប្រទេសវៀតណាម មានដូចជា ក្រូចឆ្មារ ផ្ទេសប្លោក ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ខ្ទឹមស ខ្ទឹមបារាំង ក្រូចឃ្វិច ផ្លែមាន និងបន្លែផ្លែឈើជាច្រើនមុខទៀត។
មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារទាំង២នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យទំនិញ នៅតាមមាត់ច្រកព្រំដែន នៅតែបន្តសកម្មភាពឥតឈប់ឈរ សំដៅ បង្ការ ទប់ស្កាត់ និងបង្ក្រាប ឲ្យបានទាន់ពេលវេលា នូវទំនិញនាំចូលខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំ មុននឹងចរាចរចែកចាយ នៅលើទីផ្សារប្រទេសកម្ពុជា ស្របតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវ ផ្នែកសុវត្ថិភាពចំណីអាហារ កិច្ចការការពារអ្នកប្រើប្រាស់ និង ការប្រកួតប្រជែងដោយស្មោះត្រង់។
ក្នុងនោះមន្ដ្រីជំនាញ បានណែនាំឲ្យមន្ត្រីកាំកុងត្រូល គ្រប់ច្រកព្រំដែនទាំងអស់ ឲ្យយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាពត្រួតពិនិត្យទំនិញ នៅតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណាធានាសុខភាពជូនប្រជាពលរដ្ឋ។
ជាក់ស្តែង ក្រោយការពិនិត្យលើបន្លែទាំងនោះ ជំនាញមិនបានប្រទះឃើញបន្លែដែលសល់យូរ ស្អុយរលួយ ដែលបណ្តាលឲ្យខូចគុណភាពនោះទេ ទន្ទឹមនឹងនោះមន្ត្រីកាំកុងត្រូលបាន យកបន្លែជាគំរូរទាំងនោះ បញ្ជូនទៅមន្ទីរពិសោធនិ៍ របស់អគ្គនាយកដ្ខានកាំកុងត្រូល ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលខូចសុខភាព អ្នកទទួលទានជាបន្តទៀត៕