(ភ្នំពេញ)៖ បទចម្រៀងដ៏ចំណាស់ ស្ទើរតែគ្រប់គ្នាភ្លេចទៅហើយនោះ មានចំណងជើងថា «សារាយនឹមនួន» បានក្លាយជាពាក្យមួយរំលេចឡើង នៅលើគម្របទស្សនាវដ្ដីសូវរីន (SOVRIN) លេខថ្មី ដោយបានរៀបចំពិធីសម្ពោធ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ នៅ ឡឺប៊ីសស្រ្តូ(LEBISTROT) ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានភាសាបារាំង (THE FRENCH INSTITUTE)។ ក្នុងនោះក៏មានការអញ្ចើញចូលរួមជាកិត្តិយស ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដាអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសម្ពោធជាផ្លូវការ នូវគម្របមុខដ៏ពិសេស របស់ទស្សនាវដ្តី សូវរីន (SOVRIN) ក្នុងលេខទី៦៧នេះ ដើម្បីជាការចូលរួមចំណែក លើកស្ទួយកម្ពស់ វប្បធម៌ អរិយធម៌ និងថែរក្សាកេរដំណែលទំនៀមទម្លាប់ ពីបុរាណកាល ក៏ដូចជាការគាស់កកាយឡើងវិញ នូវការរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅតាមភូមិស្រុកនៅក្នុងប្រទេសកម្ពុជា យើងពីបុរាណកាល ស្របក្នុងឱកាសនៃការអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មី ឆ្នាំ២០១៧ ត្រូវនឹងឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលជាពិធីបុណ្យប្រពៃណីជាតិ ដ៏ធំមួយក្នុងចំណោមពិធី បុណ្យទ្វាទសមាស របស់ព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីសកម្មភាព នៃការរៀបចំចង្ហាន់របស់ប្រជានុរាស្រ្តខ្មែរ ទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម ស្រុកស្រែចម្ការហើយនោះ ទស្សនីយភាពនៃសិល្បៈតន្រ្តីមហោរី ក្រោមប្រធានបទ«សារាយនឹមនួន» ដែលជាបទភ្លេងដើមចំណាស់ របស់បុព្វបុរសយើងក៏បានក្លាយជាផ្ទាំងទស្សនីយភាព កម្សាន្តមួយក្នុងពិធីឆ្លង សង្រ្កាន្តចាស់ផ្លាស់ចូលសង្រ្កាន្តថ្មី សម្រាប់ទុកគ្រាន់ដាសអង្រួនដួងចិត្ត កូនខ្មែរគ្រប់ជំនាន់ឲ្យដក់ជាប់ក្នុងដួងចិត្ត ហើយអ្វីដែលរឹតតែពិសេសទៀតនោះ គឺការថតបញ្ចូល គ្នារវាងទម្រង់រចនាបថសម្លៀកបំពាក់ខ្មែរ ពីរសម័យកាលផ្សេងគ្នាក្នុងសាររឿង តែមួយអមដោយឈុតឆាកសិល្បៈវប្បធម៌ជាតិ យ៉ាងសម្បូរបែបល្អគ្មានពីរ ប្រទាក់ក្រឡាគ្នាចងជារឿងរ៉ាវ ប្រវត្តិគូស្នេហ៍មួយគូ ពីអតីតជាតិរវាងកម្លោះពូជខ្មែរអង្គរ សារាយនិងនាងក្រមុំបញ្ចពិធកល្យាណីនឹមនួន។
លោក ជ័យ រដ្ឋា ដែលជានាយកផ្នែកច្នៃប្រឌិត របស់ទស្សនាវដ្តីសូវរីន (SOVRIN) បានលើកឡើងនូវគោលគំនិតសំខាន់ ពីក្រោយការថតគម្របមុខលេខ ក្នុងពិសេសដែលឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស អំពីទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ពីអតីតកាលក្នុងការរួបរួមសាមគ្គីគ្នា រៀបចំពិធី បុណ្យចូលឆ្នាំទទួលទេវតាថ្មី នៅតាមភូមិស្រុកទៅតាមលំអាន ប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួនក្រៃលែង។ លោកក៏បានសង្កត់ធ្ងន់ទៀតដែរថា «យើងសង្ឃឹមថា វាអាចចូលរួមជាវិភាគទានដ៏តូចមួយ ក្នុងដំណើរកិច្ចការអភិរក្សទម្រង់សិល្បៈវប្បធម៌ប្រពៃណី របស់ជាតិយើងហើយប្រជាជនកម្ពុជាទាំងអស់ នឹងចាប់ផ្ដើមងាកត្រឡប់មកមើលពីការចូលរួមអភិរក្សទម្រង់ សិល្បៈវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដ៏បុរាណរបស់ខ្មែរ ដ៏មានតម្លៃនិងធ្វើយ៉ាងណារក្សាទម្រង់ប្រពៃណីមួយនេះ បន្តសម្រាប់កូនចៅខេមរាជំនាន់ក្រោយ!»។
លោកបន្តថា ក្នុងនាមជាទស្សនាវដ្តីហ្វេហ្សិន លំដាប់ខ្ពស់នៅកម្ពុជា សូវរីន (SOVRIN) ក៏បានជ្រើសរើសយក ទីតាំងបរិវេណប្រាសាទ គុហនគរ ដែលមានទីតាំងស្ថិតក្នុងភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កសាងក្នុងរចនាបថឃ្លាំង សតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី១ ដែលជាតឹកតាងយ៉ាងសំខាន់មួយ នៃការរីកចម្រើនខាងផ្នែកវប្បធម៌ខ្មែរ ក្នុងសម័យមហានគរដ៏រុងរឿងថ្កុំថ្កើង និងដើម្បីចូលរួមផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍របស់ខេត្តកំពង់ធំ ទៅកាន់ប្រិយមិត្តជាតិ និងអន្តរជាតិទាំងឡាយឱ្យទៅទស្សនាកម្សាន្ត កុំបីអាក់ខាន។
នៅក្នុងបេសកម្មដ៏ធំ ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ដ៏រុងរឿងទស្សនាវដ្ដី សូវរីន បានបង្កើតជាចំណងខ្សែសាច់រឿងមួយ ដែលកើតឡើងពីការស្រមៃភ្លឹកស្មារតី របស់យុវជនម្នាក់ ឈ្មោះរាជសាលចូល ទៅកាន់ពិភពអតីតកាលសម័យអង្គរ ទៅជួបប្រាស្រ័យជាមួយគួដណ្តឹងរបស់ខ្លួន ពីជាតិមុនឈ្មោះ «នឹមនួន» ក្នុង ខណៈដែលគ្រួសារនាង និងអ្នកភូមិទាំងអស់កំពុងមមាញឹករៀបចំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ អនុស្សាវរីយ៍នៃការរៀបរាប់ពីប្រវត្តិ នំអន្សម នំគម និងការប្រគំចាប៉ីដងវែង ក្នុងរដូវចូលឆ្នាំរឹតតែបង្កើនភាពស្អិតរមួត ផ្អែមល្អែមរវាងកម្លោះក្រមុំស្រុកស្រែគូនេះ។
ប៉ុន្តែនៅក្នុងដំណាក់កាលចុងក្រោយ នៃសាច់រឿងសម្លេងមួយបាន ចូលមកពញ្ញាក់អារម្មណ៍កម្លោះ រាជសាល ឲ្យភ្ញាក់ពីក្តីសុបិនមួយរំពេច តែជាចៃដន្យគេក៏បានពើបប្រទះនឹងនារីម្នាក់ ដែលគេហាក់បីដូចជាស្គាល់ច្បាស់ ពីជាតិមុន។
កញ្ញា ម៉ាក់ សែន សូនីតា តួឯកស្រីក្នុងសាច់រឿង «សារាយនឹមនួន» ពេញចិត្តខ្លាំងមែនទែន ជាមួយការថតជាវីដេអូ ជាខ្សែសាច់រឿងខ្លី ដែលឆ្លងពីសម័យបច្ចុប្បន្ន ទៅកាន់សម័យកាលបុរាណ ដែលបានឆ្លុះបញ្ចាំងពីអរិយធម៌ ដ៏ថ្កុំថ្កើនរុងរឿងរបស់ខ្មែរ។ កញ្ញាបានថ្លែងទាំងក្តីសោមស្សរីករាយថា «សម្រាប់ខ្ញុំការថតសម្លៀកបំពាក់បុរាណបែបនេះ ខ្ញុំធ្លាប់បានថតជាខ្សែភាពយន្ត ច្រើនរឿងមកហើយ តែសម្រាប់លើកនេះ វាពិតជាផ្ដល់អារម្មណ៍ ពិសេសអ្វីម្យ៉ាងដល់ខ្ញុំ ដែលពិបាកធ្វើការពណ៌នាអារម្មណ៍នេះណាស់ ព្រោះតែការរៀបចំប្លង់ថតនីមួយៗ សម្លៀកបំពាក់ ការតុបតែងមុខ ក៏ដូចជាម៉ូដសក់ ជាពិសេសគឺទីតាំងផ្ទាល់តែម្ដង ដែលមានទីតាំងនៅប្រាសាទ គុហនគរខេត្តកំពង់ធំ ដែលក្រុមការងារបានរៀបចំមក ហាក់ដូចទិដ្ឋភាពពិតៗ ពីអតីតកាលធ្វើឲ្យខ្ញុំស្លុងអារម្មណ៍មែនទែន ហាក់បីដូចខ្លួនឯងកំពុងនៅសម័យកាល នោះពិតៗតែម្ដង...!»។
ស្របជាមួយគ្នានេះដែរ លោក រស់ រាជសាល ដែលសម្ដែងជាតួនាយសារាយ បានសម្ដែងចំណាប់អារម្មណ៍ថា «វាជាលើកទី១សម្រាប់ខ្ញុំ ដែលបានសម្ដែងក្នុងសាច់រឿងខ្លីដែល មានការលាយបញ្ចូល គ្នារវាងសម័យកាលបច្ចុប្បន្ន និងអតីតជាតិបែបនេះ។ ចំពោះការសម្ដែងរឿងនេះ ខ្ញុំពិតជាមានអារម្មណ៍រីករាយ មែនទែនដែល សូវរីន បានផ្ដល់កិត្តិយសដល់ខ្ញុំ បាទក្លាយជាតួអង្គនាយសារាយ ដែលជាគូដណ្ដឹងនាងនឹមនួនផ្ទាល់។ អ្វីដែលកាន់តែពិសេសនោះ សូវរីនបានជួយធ្វើឲ្យខ្ញុំ បានស្គាល់ច្បាស់ពីរបៀបរស់នៅ របស់មនុស្សសម័យមុន ព្រមទាំងស្គាល់ពីតន្រ្តីបុរាណខ្មែរ យ៉ាងច្បាស់នោះគឺចាប៉ីដងវែង។ ខ្ញុំសង្ឃឹមថា ការងារនេះជាផ្នែកមួយជួយលើកស្ទួយ វប្បធម៌ខ្មែរយើង!»។
គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តី សូវរីន (SOVRIN) របស់កម្ពុជា ដែលមានឈ្មោះបោះសម្លេង ទាំងក្នុងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនេះជានិច្ចកាល តែងតែចូលរួមទ្រទ្រង់ដល់ សកម្មភាពអភិរក្សទម្រង់សិល្បៈបុរាណ អក្សរសាស្ត្រ ក៏ដូចជាការចូលរួមផ្សព្វផ្សាយ ដល់ការថែរក្សាសម្បត្តិធនធានធម្មជាតិ នានាផងដែរ៕