(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នឹងបើកកិច្ចប្រជុំពិសេសមួយ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីរៀបចំកែសម្រួលក្បាលម៉ាស៊ីន របស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើតាមការអះអាងរបស់ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ទី០១ ខែមេសា ឆ្នាំ២០១៧នេះ។

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់យ៉ាងដូច្នេះថា «ម្សិលមិញ យើងបានទទួលលិខិតមួយជាមួយនឹងលក្ខន្តិកៈ ដែលតម្កល់នៅក្រសួងមហាផ្ទៃ ទទួលស្គាល់ពីម្សិល ដូច្នេះស្អែកគណៈកម្មាធិការនាយក នឹងមានកិច្ចប្រជុំមួយដើម្បី ពិនិត្យអនុវត្តតាមលក្ខន្តិកៈថ្មីនេះ»។ លោកបានបន្ថែមថា «ពេលនេះលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានទទួលស្គាល់ និងតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដូច្នេះគណៈកម្មការនាយក នឹងចាប់ផ្តើមពិនិត្យ និងអនុវត្តតាមប្រកា៤៧ថ្មី ត្រេទី១ ហ្នឹងនៅថ្ងៃស្អែកនេះ»

បើតាមអ្នកនាំពាក្យរូបនេះ នៅថ្អៃស្អែក ក្រៅពីប្រជុំពិភាក្សាអំពីការអនុវត្តតាមលក្ខន្តិកៈគណបក្សប្រឆាំង ក៏នឹងសម្រេចអំពីការប្រើប្រាស់ ឬមិនប្រើប្រាស់ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត» ដែលក្រសួងមហាផ្ទៃ ព្រមានផងដែរ។

សូមជំរាបថា កាលពីព្រលប់ថ្ងៃម្សិលមិញទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ការធ្វើវិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ប៉ុន្តែក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវលក្ខនិ្តកៈថ្មីរបស់ខ្លួន៕