រថយន្ដសង្គ្រោះបន្ទាន់ បើកបញ្ច្រាសទិស បុកម៉ូតូ១គ្រឿង បណ្ដាលឲ្យជនរងគ្រោះ៣នាក់ស្លាប់ភ្លាម នៅស្រុកបាធាយ
01-04-2017 13:03
(កំពង់ចាម)៖ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង មានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង បានបើកបញ្ច្រាសទិស បុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ ជាកម្មករលើកស្រូវស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវកែងកាច់ចូលផ្សារផ្អាវ ស្ថិតក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
សមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់ពណ៌ស លាយក្រហម បើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ ដោយសារតែផ្លូវម្ខាងទៀតកំពុងតែជួសជុលផ្លូវ ទើបតម្រូវឲ្យរថយន្ដទាំងអស់បើកបញ្ច្រាស លុះដល់ចំណុចកើតហេតុ បានទៅបុកម៉ុតូ១គ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ ត្រូវបោកផ្ទប់លើឡានពេទ្យ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀត ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។
បើតាមសមត្ថកិច្ច ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នេះ ជាកម្មករលើកស្រូវ មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម៕