(សៀមរាប)៖ ភ្ញៀវទេសចរអន្តរជាតិ ដែលបានទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ នៅត្រីមាសទី១ (រយៈពេល៣ខែដំបូង) ឆ្នាំ២០១៧នេះ មានចំនួន ៧៦៤,១៤៦នាក់ កើនឡើងចំនួន ៨.៩៥ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលបានចំណូលចំនួន ៣០,៨៥៥,៨៥៥លានដុល្លារកើនឡើង៥១.៦១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។
បើតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ដែលបានបញ្ជូនឱ្យអង្គភាព Fresh News នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះបានឲ្យដឹងថា សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ គឺបានទទួលលទ្ធផលដូចខាងក្រោម៖
១- អំពីស្ថានភាពភ្ញៀវទិញប័ណ្ណសម្រាប់ខែកុម្ភៈ មានចំនួន ២៥១,៧៥៤សន្លឹក ធៀបនឹងរយ:ពេលដូចគ្នាខែកុម្ភ: ឆ្នាំ២០១៦ មានការកើនឡើង ២.៤១℅ ។
២- ក្នុងខែមីនា ឆ្នាំ២០១៧ ភ្ញៀវទេសចរបរទេស ទិញ័ណ្ណ មានចំនួន ២២៥,៣៥១នាក់ ធៀបនឹងរយ:ពេលដូចគ្នាខែឆ្នាំ២០១៦ មានការកើនឡើង ៨.៦០℅ ដែលមានចំណូលសរុប ១០,៥៥៩,៥៥២ដុល្លារ មានការកើនឡើង ៧៦.២២℅ នៃខែមីនា ឆ្នាំ២០១៦ ។
របាយការណ៍បានបញ្ជាក់ថា សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៧ កន្លងទៅនេះ គឺចំណូលត្រូវបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែកុម្ភ: និងខែមីនា មានចំនួន ៩៥៤,២១០ដុល្លារ៕