(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ បានដាស់តឿនផ្តាំផើ្ញដល់ប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ធ្វើជាមេឃុំ-ចៅសង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន។
ការក្រើនរំឭកជាប្រចាំនេះ ត្រូវបានលើកឡើងសារជាថ្មី ក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរ័ត្នណោងអម ក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពី ព្រះអនុគុណស្រុក ចៅអធិការវត្ត ក្រុមការងារថ្នាក់ក្រសួង គណៈអភិបាលស្រុក តាជី យាយជី លោកយាយ លោកតា និងប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់។
សមិទ្ធផលដែលត្រូវធ្វើបុណ្យពុទ្ធាភិសេកឆ្លង ដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន ចាក់សាបក្នុងទីធ្លារវត្ត កសាងសាលាសំណាក់ ដាក់បង្គោលភ្លើង ធ្វើកញ្ចុស ធ្វើឈាបនដ្ឋាន ចាក់ដីក្នុងទីធ្លារវត្ត ជាវរថយន្តដឹកតុ រោងចម្អិនអាហារ និងដាក់ពិដានម្នាងសិលា ដែលចំណាយថវិកាអស់ជាង២៥៧លានរៀល ដោយថវិកាទាំងនេះ បានទទួលពីសប្បុរសជនក្នុង និងក្រៅប្រទេស។
លោក ថោង ខុន បានរំឭកពីប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា ដែលបានរស់ឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខ ដោយបានរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តារ កសាង អភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេរ រហូតមានការរីកចម្រើន មកដល់បច្ចុប្បន្ននេះ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
លោកក៏បានរំឭកថា ជាពុទ្ធសាសនិក ត្រូវប្រកាន់ខ្ជាប់នូវសច្ចធម៌ ធ្វើអំពើល្អ ស្រលាញ់អំពើល្អ លើកតម្កើងព្រះពុទ្ធសាសនា ដឹងគុណអ្នកដែលជួយសង្គ្រោះយើង ដឹងគុណថ្ងៃ៧ មករា និងគណបក្សប្រជាជនកម្ពុជា។
លោកបានជម្រាបជូនពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងស្ថិរភាពនយោបាយ និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងគិតគូរដល់ការលំបាក សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយ សារាចរណែនាំ និងគោលការណ៍ថ្មីៗជាច្រើន ដូចជា ការឥតគិតថ្លៃសេវាចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គោលនយោបាយបញ្ចុះតម្លៃអគ្គិសនី និងការតបណ្តាញអគ្គិសនីដល់គ្រប់ភូមិ ដែលមានតម្លៃថោក ការលើកលែងការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី និងការធានាឲ្យអាជីវករលក់ដូរតាមផ្សារអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃដោយមិនមានកំណត់អាណត្តិ។
លោករដ្ឋមន្ត្រីបានផ្តាំផើ្ញដល់ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឃុំឈូកខ្សាច់ ដែលមានលេខរៀងទី១។
លោក ថោង ខុន បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនព្រះអនុគុណស្រុក ព្រះចៅអធិការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស្រុកបារាយណ៍ ព្រមទាំងបានប្រគេនបច្ច័យកសាងវត្តចំនួន ១០លានរៀល និងជូនសម្ភារៈ ថវិកាមួយចំនួនដល់តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួម។
សូមជម្រាបថា យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅសល់តែ៦៥ថ្ងៃទៀតប៉ុណ្ណោះ សូមប្រជាពលរដ្ឋកម្ពុជា ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា៕