(ប៉ៃលិន)៖ ភ្លាមៗក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ ខណៈទឹកស្ទឹងប៉ៃលិន ដែលជាដង្ហើមជីវិតសម្រាប់ ផ្គត់ផ្គង់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បានប្រែពណ៌ក្រហម ហើយល្អក់ខ្លាំងនោះ លោក គីម សុខា ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តប៉ៃលិន បានចេញលិខិតជាផ្លូវការមួយ ពន្យល់ពីមូលហេតុ ដែលនាំឲ្យមានបញ្ហាទឹកល្អក់ នៅខេត្តប៉ៃលិននេះ ។
លោក គីម សុខា បានពន្យល់ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានបញ្ហាទឹកល្អក់ នៅខេត្តប៉ៃលិន គឺដោយសារតែ នៅខេត្តប៉ៃលិន ទាំងមូលមានភ្លៀងធ្លាក់ ចំនួន០៣ថ្ងៃ ជាប់ៗគ្នា ដោយមានកន្លែងខ្លះ មានភ្លៀងធ្លាក់តិច និងកន្លែងខ្លះទៀត មានភ្លៀងធ្លាក់ច្រើន។
លោក គីម សុខា បានបន្តថា នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ភូមិសាស្រ្តប៉ៃលិន មានភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់ស្នូល ដែលជាមូលហេតុ បណ្តាលឲ្យមានទឹកជំនន់នៅតាមអូរ ស្ទឹង ខណៈតំបន់ទាំងនោះ កងកម្លាំងវិស្វកម្ម បាននិងកំពុងសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនចំនួន៣៥គីឡូម៉ែត្រ ក្នុងចន្លោះព្រំដែនឡាក់ ៦៨ ឡាក់៦៩ និងឡាក់៧០ ក្នុងភូមិសាស្រ្ត ចំណុចអូរតាផៃ ធុរេនពីដើម អូរត្រាវ អូរដង វាលស្បូវ និងអន្លង់ខៀវ ដែលបង្កឲ្យមានការហូរបាក់ច្រោះដី និងទាញយក សំណិត ពីការកាយដីផ្លូវ ហូរចូលនៅក្នុងប្រព័ន្ធអូរ និងស្ទឹងចាប់ពីម៉ោង២០៖១០នាទី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។
ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តប៉ៃលិនដដែលបានបន្តថា ទឹកដែលល្អក់កករនេះ នឹងអាចហូរកាត់ ស្ទឹងក្នុងក្រុងប៉ៃលិន ស្រុកសាលាក្រៅ និងអាចចាក់ចូលទៅដល់ស្ទឹង ក្នុងស្រុកបរវេល ខេត្តបាត់ដំបង។
យ៉ាងណាក៏ដោយ លោក គីម សុខា បានអះអាងថា ទឹកល្អក់កករ រហូតហូរចូលមកប្រព័ន្ធស្ទឹងអូរ នៅខេត្តប៉ៃលិន នឹងមានសភាពវិលមកល្អធម្មតាវិញនៅពេលឆាប់ៗ ខាងមុខ ដូចនេះសូមកុំឲ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងព្រួយបារម្ភ ដោយប្រការណាមួយ។ នេះបើតាមការបញ្ជាក់រ។
ការចេញលិខិតបញ្ជាក់ជាផ្លូវការពី លោក គីម សុខា បានធ្វើឡើង ក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកមិញនេះ ខណៈទឹកស្ទឹងប៉ៃលិន ដែលជាដង្ហើមជីវិត សម្រាប់ផ្គត់ផ្គង់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាច្រើនភូមិដូចជា ភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់បរយ៉ាខា និងភូមិអូរច្រាកណ្តាល ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិនានាជាច្រើនទៀត នៅតាមបណ្តោយដងស្ទឹងនេះ ស្រាប់តែប្រែក្លាយទៅជាល្អក់កករ ហូរពីលើមកសុទ្ធតែភក់ជ្រាំ ដូចខ្ទុះខួរត្រីអណ្តែង ពោលគឺប្រើប្រាស់លែងកើតតែម្តង។
សូមបញ្ជាក់ថា ហេតុការណ៍អាក្រក់ខាងលើនេះ គឺសង្កេតឃើញថា ពពួកមច្ចាជាតិចម្រុះមួយចំនួន បានងាប់អណ្តែតទឹក ប្រជាពលរដ្ឋ មិនអាចប្រើប្រាស់ទឹកស្ទឹងបាន ពលរដ្ឋស្នើសុំការអន្តាគមន៍ជួយសង្គ្រោះបន្ទាន់ពីថ្នាក់ដឹកនាំពាក់ព័ន្ធ នូវបញ្ហា ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕