(ភ្នំពេញ)៖ ឆ្លើយតបនឹងការព្រួយបារម្ភរបស់ មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន ,នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃសៅរ៍នេះ បានអះអាងថា ជំនួយសម្ភារៈ និងគ្រឿងបរិក្ខា ដែលប្រទេសជាមិត្តបានផ្តល់មកកងយោធពលខេមរភូមិន្ទកម្ពុជា នឹងត្រូវប្រើប្រាស់នៅក្នុងក្របខណ្ឌវិស័យការពារជាតិប៉ុណ្ណោះ មិនមានអ្វី ខុសគោលដៅទេ។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រគល់សម្ភារៈយោធាជារថយន្ត និងគ្រឿងចក្រវិស្វកម្មសរុប ២២២គ្រឿង ព្រមទាំងបរិក្ខាយោធាមួយចំនួនទៀត ដល់យោធាកម្ពុជា។ ពិធីប្រគល់ទទួលសម្ភារៈយោធាទាំងនោះ បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបភាព ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក លោក Kang Byung Joo អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េ។
ក្រោយមានការប្រគល់ជំនួយសម្ភារៈនេះ មានមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងការព្រួយបារម្ភថា ជំនួយសម្ភារៈ និងគ្រឿងបរិក្ខាយោធាទាំងនោះ អាចនឹងប្រើប្រាស់ខុសគោលដៅ។ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (Licadho) បានអះអាងប្រាប់វិទ្យុគាំទ្របរទេសមួយថា កន្លងមកភាគច្រើនឲ្យតែជិតដល់ពេលបោះឆ្នោត ឬក្រោយពេលបោះឆ្នោតម្ដងៗ គឺតែងតែមានការផ្ដល់ជាអំណោយយោធាបែបនេះ ជាក់ស្ដែងដូចជាពីប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ជាដើម។ លោកក៏បានដាក់ក្ដីមន្ទិលថា ជំនួយយោធាទាំងអស់នេះ អាចនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើការទប់ស្កាត់ ឬក៏គំរាមកំហែងណាមួយ ប្រសិនបើមានការទាមទារ ឬតវ៉ាណាមួយប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅពេលខាងមុខ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ជំនួយជាសម្ភារៈ និងគ្រឿងបរិក្ខារយោធាដែលប្រទេសជាមិត្ត ផ្តល់ឱ្យកងយោធពលខេមរភូមិន្ទ គឺសម្រាប់ ការងារហ្វឹកហ្វឺន ការងារវិស្វកម្ម ការងារជួយសង្រ្គោះ គ្រោះមហន្តរាយធម្មជាតិ, សំភារៈការិយាលយ័ សំភារៈមន្ទីពេទ្យតែប៉ុណ្ណោះ!»។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានប្រតិកម្មចំពោះអ្នករិះគន់ និងចោទប្រកាន់ថា ក្រសួងការពារជាតិ បានចំណាយថវិកាលើសលប់ និងមិនត្រឹមត្រូវទៅតាមផែនការកំណត់ផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីថា ថវិកាដែលចំណាយសម្រាប់ក្រសួងការពារជាតិ គឺត្រូវបាន គិតគូរយ៉ាងច្បាស់លាស់ និងមិនមាន ភាពខ្ជះខ្ជាយនោះឡើយ៕