(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំវេទិកាប្រកួតរកម្ចាស់ពានរង្វាន់វោហាស័ព្ទជាសាធារណៈ និងអ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

វេទិកាប្រកួតរកម្ចាស់ពានរង្វាន់វោហាស័ព្ទ និងអ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំនេះ បានធ្វើឡើងដើម្បីជ្រើសរើស និងចម្រាញ់ យកបេក្ខជនទៅប្រកួតបន្ត នៅប្រទេសម៉ុងហ្គោលី នាខែមិថុនាខាងមុខនេះ។

នៅក្នុងពិធីប្រកាសបើការប្រកួតនោះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងឡើងថា វេទិកាមួយនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្ស និស្សិតកម្ពុជា។ លោករដ្ឋមន្រ្តីបន្តថា ការប្រកួតនេះ ក៏អាចជួយជំរុញសិស្ស និស្សិតឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ភាសាអង់គ្លេស ឲ្យល្អប្រសើរជាងមុនបន្ថែមទៀត ហើយបេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានកិត្តយស និងលើកមុខមាត់ដល់ប្រទេសកម្ពុជាផងដែរ។

រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បន្ថែមថា សិស្សនិស្សិតកម្ពុជាគ្រប់រូប គួរតែខិតខំរៀនសូត្រទាំងភាសាខ្មែរ និងភាសាបរទេសឲ្យបានល្អ ដើម្បីកម្ពុជា មានអាទិភាពចូលរួមប្រកួតប្រជែងសមត្ថភាពជាមួយបណ្តាប្រទេសនៅលើពិភពលោក។

ជាមួយគ្នានោះដែរ លោក ហែន ហួន ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាចតុមុខ បានលើកឡើងថា «ខ្ញុំសូមអបអរសាទរដល់បេក្ខជនដែលបានឈ្នះការប្រកួតហើយតំណាងប្រទេសកម្ពុជាដើម្បីប្រកួតនៅប្រទេសម៉ុងហ្គោលីដែលមានប្រទេសជាច្រើននឹងចូលរួម។ ពួកគាត់នឹងធ្វើឲ្យពិភពលោកដឹងថាយុវជនកម្ពុជា មានចំណេះដឹងខ្លាំងក្លា មិនចាញ់យុវជននៅជឿនលឿននោះឡើយ»

បន្ថែមពីលើនេះ កញ្ញា ប៉ែន សុខអាន តំណាងអ្នករៀបចំកម្មវិធី បានប្រាប់ឲ្យដឹងថា «បេក្ខជនដែលត្រូវបានជ្រើសរើស នៅថ្ងៃនេះ នឹងទទួលបានការណែនាំបន្ថែមទៀត ពីអ្នកជំនាញរបស់យើងដើម្បីឲ្យពួកគាត់អាចត្រៀមលក្ខណៈ សម្រាប់ការប្រកួតនៅក្នុងថ្នាក់តំបន់»។

កញ្ញា ប៉ែន សុខអាន បន្តថា នេះជាឆ្នាំទី៧ ហើយដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំឲ្យមានវេទិកាប្រកួតប្រជែង ផ្នែកតស៊ូមតិបែបនេះ នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាឆ្នាំទី៤ ដែលវេទិកាប្រកួតប្រជែងវោហាស័ព្ទជាសាធារណៈ ត្រូវបានរៀបចំឡើងដោយមានចូលរួមពីសំណាក់និស្សិត និងមហាជនផ្សេងៗ។

គួរបញ្ជាក់ថា បេក្ខជនដែលទទួលបានជ័យលាភីនាពេលនេះ នឹងតំណាងកម្ពុជាចូលរួមក្នុងវេទិកាប្រកួតប្រជែង ផ្នែកតស៊ូមតិ និងវោហាស័ព្ទជាសាធារណៈថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ុងហ្គោលី ខែមិថុនា ឆ្នាំ២០១៧។

កាលពីឆ្នាំ២០១៥ កន្លងទៅយុវតី តារា រត្ន ដែលជាបេក្ខជនដែលវេទិកាប្រកួតប្រជែងវោហាស័ព្ទ ជាសាធារណៈតំណាងប្រទេសកម្ពុជា បានទទួលជ័យលាភីនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនៅ ក្នុងកាណាហ្សាវ៉ាកប្រទេសជប៉ុនដោយមាន បេក្ខជនពី៤តំបន់អឹរ៉ុប អាហ្វ្រិច អាមេរិក និងអាស៊ីប៉ាស៊ីហ្វិកចូលរួម។

នេះជាកម្មវិធីប្រកួតប្រជែក ផ្នែកតស៊ូមតិ និងវោហាស័ព្ទជាសាធារណៈដ៏ធំបំផុតទូទាំងពិភពលោក ដែលមានអ្នកចូលរួមពី១១៥ប្រទេស។ កម្មវិធីប្រកួតប្រជែងផ្នែកតស៊ូមតិ និងវោហាស័ព្ទជាសាធារណៈ របស់សភាយុវពាណិជ្ជករអន្តរជាតិទូទាំង ពិភពលោក ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ជាការធ្វើហ្វឹកហាត់ និងប្រកួតប្រជែកផ្នែក ការដោះស្រាយបញ្ហា និងការគិតពិចារណាស៊ីជម្រៅ។

គួរំលឹកថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាគឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញមួយដែលប្រមូលផ្តុំដោយ យុវពាណិជ្ជករអាយុចន្លោះ១៨ និង៤០ឆ្នាំ ជាង២០០រូប ដែលស្ម័គ្រចិត្តចូលរួមអភិវឌ្ឍដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន។ មកទល់ពេលនេះសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មាន៣សាខាក្នុងប្រទេស។

ក្រៅពីកម្មវិធី Bag to School នេះ(ដោយJCI Phnom Penh) អង្គការមួយនេះក៏មានគម្រោងជាច្រើនដើម្បី អភិវឌ្ឍសហគមន៍ បង្កើតឱកាសពាណិជ្ជកម្ម អភិវឌ្ឍសមត្ថភាពបុគ្គល និងទំនាក់ទំនងអន្តរជាតិ។

ជាមួយគ្នានោះ JCI ក៏នៅមានកម្មវិធីប្រចាំឆ្នាំផ្សេងទៀត ដូចជាការប្រកួតតស៊ូមតិ និងវោហាសព្ទជាសាធារណៈ (ដោយJCI Chaktomuk) ដើម្បីលើកកម្ពស់ជំនាញរិះគិត និងប្រកួតការជជែកតាមបញ្ញា និងភាពជឿជាក់។ ឆ្នាំនេះដែរ កម្មវិធីថ្មីស្រឡាងប្រចាំឆ្នាំ គឺរង្វាន់សម្រាប់យុវសហគ្រិនកម្ពុជា (Cambodian Young Entrepeneur Award) (ដោយJCI Mekong) ដែលរួមសហកាជាមួយសមាគមយុវសហគ្រិនម្ពុជា (YEAC)៕