(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថានិកនៃមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ នៃប្រទេសស្វីស ដោយនៅពេលនេះក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យ ភ្ញៀវចូលសួរសុខទុក្ខលោក Beat Richner ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនោះទេ។ ទោះបីយ៉ាងណាស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស សូមជូនពរ និងបួងសួងសូមឱ្យលោកវេជ្ជបណ្ឌិត ទទួលបានជោគជ័យក្នុងការព្យាបាល និងឆាប់បានជាសះស្បើយ។ (សេចក្តីជូនដំណឹងរបស់ស្ថានទូតតាមរយៈ Facebook នៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧)
ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស បានធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងការបរទេសស្វីស មូលនិធិមន្ទីរពេទ្យគន្ធបុប្ជា នៅក្នុងទីក្រុង Zurich និងលោកវេជ្ជបណ្ឌិត René Schwarzenbach មេធាវីរបស់លោកវេជ្ជបណ្ឌិត Dr. Richner ដើម្បីទទួលបានដំណឹងពីកន្លែងដែលលោកវេជ្ជបណ្ឌិតកំពុងស្នាក់នៅ ដើម្បីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស អាចអញ្ជើញទៅសួរសុខទុក្ខ និងសំដែងនូវការជូនពរ ក៏ដូចជាការដឹងគុណ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសគ្រួសារនៃក្មេងៗកម្ពុជា ចំពោះលោក វេជ្ជបណ្ឌិតដែលបានរួមចំណែក និងលះបង់ដ៏ធំធេងនៅក្នុងការជួយសង្គ្រោះជីវិតក្មេងៗ និងការជួយ ជ្រមជ្រែងវិស័យសុខាភិបាលកម្ពុជា។
ជាថ្មីម្តងទៀត ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស សូមជូនពរ និងបួងសួងសូមឱ្យលោកវេជ្ជបណ្ឌិត ទទួលបានជោគជ័យក្នុងការព្យាបាល និងឆាប់បានជាសះស្បើយ។
សូមជំរាបថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជាគន្ធបុប្ផា បានប្រកាសឲ្យដឹងលោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួលការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២៨ ខែមីនានេះ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ជាមួយនិងការធ្លាក់ខ្លួនឈឺធ្ងន់នេះ លោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពីតំណែងនាពេលខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យ នាពេលបច្ចុប្បន្ន។ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសឲ្យដឹងដែរថា បើទោះបីលោកវេជ្ជបណ្ឌិត Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណ ២,៥០០រូប៕