(ភ្នំពេញ )៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានប្រកាសចូលវិភាគទានសរុប២៧០,០០០ដុល្លារក្នុងមូលនិធិសិល្បៈចាស់ជរា ដើម្បីជួយសម្រាលការលំបាករបស់សិល្បៈករ សិល្បៈការនីចាស់ជរា ដែលបាត់បង់សមត្ថភាពសម្តែង និងមានជំងឺ។
បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថៃ្ងទី៣១ ខែមីនានេះថា ក្នុងមួយឆ្នាំក្រុមហ៊ុននឹងចូលមូលនិធីសិល្បៈចាស់ជរា ៥០,០០០ដុល្លាររយៈពេលប្រាំឆ្នាំជាប់គ្នា ហើយយើងនឹងឧបត្ថម្ភ២០,០០០ដុល្លារទៀតសម្រាប់កម្មវិធីកតញ្ញូរាត្រីដែលរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដូច្នេះសរុបជា ទឹកប្រាក់គឺ២៧០,០០០ដុល្លារ។
លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា ការរួមចំណែកនេះ នឹងក្លាយជាគំរូល្អមួយសម្រាប់ក្រុមហ៊ុនឯកជនផ្សេងទៀត និងសប្បុរសជននានា ក្នុងការជួយជ្រោមជ្រែងនិងគាំទ្រមូលនិធិសិល្បៈចាស់ជរានេះ ដើម្បីសម្តែងការដឹងគុណចំពោះពួកគាត់ដែលបានចំណាយពេលស្ទើរអស់មួយជីវិតអភិរក្ស និងអភិវឌ្ឍសិល្បៈយើងឲ្យកូនខ្មែរជំនាន់ក្រោយ និងពិភពលោកបានទទួលស្គាល់»។
នាយកផ្នែកទំនាក់ទំនងរូបនេះបានបន្តទៀតថា «កន្លងមកស្រាបៀរកម្ពុជាដែលជាផលិតផលដំបូងរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស តែងតែចូលរួមលើកស្ទួយសិល្បៈ និងជួយបង្កើនកម្រិតជីវភាពរបស់សិល្បៈករ សិល្បៈការនីខ្មែរ តាមរយៈការឧបត្ថម្ភនិងរៀបចំការប្រគំតន្ត្រីនិងការសម្តែងសិល្បៈនានាជារៀងរាល់ឆ្នាំ»។
ឆ្នាំថ្មីនេះ ក្រុមហ៊ុននឹងមានផលិតផលជាច្រើនទៀតដូចជាស្រាបៀរទឹកខ្មៅBarrley Black ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ និងភេជ្ជៈប៉ូវកម្លាំង ដូច្នេះក្រុមហ៊ុននឹងបន្ថែមថវិកាប្រចាំឆ្នាំសម្រាប់ផលិតផលនីមួយៗដើម្បីគាំទ្រនិងលើកស្ទួយសិល្បៈកម្ពុជាគ្រប់ទម្រង់បន្ថែមទៀត៕