(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជំរុញដល់គ្រប់ស្ថាប័ន-អង្គភាពរដ្ឋ និងឯកជនទាំងអស់ ត្រូវបន្តគាំទ្រដល់ថ្នាក់ដឹកនាំ និងបុគ្គលិកការងារជាស្ដ្រី ឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកទឹកចិត្តឲ្យពួកគាត់ មានឱកាសបញ្ចេញសមត្ថភាព ចូលរួមកសាងអភិវឌ្ឍប្រទេសជាមួយមហាជនរាល់គ្នា។
ការជំរុញដ៏ប្រសើរនេះ ត្រូវបានលោកស្រីឧបនាយករដ្ឋមន្រ្តី បំផុសបំផុលឡើងក្នុងពីធីសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងផ្សព្វផ្សាយ ផែនការសកម្មភាព ឆ្នាំ២០១៧ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងចលនាស្ត្រីខេត្តសៀមរាប ដោយមានការចូលរួមពី លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោកស្រី ឯម ផល្លាមុនី ប្រធានសាខាសមាគមនារីកម្ពុជា សមាជិក-សមាជិកាមកពីថ្នាក់ជាតិ មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ចំនួន៩០០នាក់។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា «ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងអង្គភាពនានា ត្រូវបន្តប្រពៃណីការគាំទ្រ និងបង្កលក្ខណៈដល់ថ្នាក់ដឹកនាំនារីៗ និងសមាជិកាទាំងអស់ ដោយប្រើប្រាស់ពេលវេលាសមស្រប ដើម្បីបំពេញភារកិច្ចក្នុងក្របខ័ណ្ឌសមាគម និងត្រូវយកចិត្តទុកដាក់លើការងារស្នូលរបស់សង្គម»។ លោកស្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការទាំងអស់ នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តផងដែរ ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងស្មារតី ក្នុងរយៈពេលកន្លងមក។
លោកស្រីបានលើកឡើងពីឆន្ទៈដ៏មោះមុត របស់ស្រ្តីជាថ្នាក់ដឹកនាំទាំងអស់ សំខាន់ស្រី្តជាមេឃុំ ដែលជាធនធានមនុស្សពោរពេញទៅដោយបទពិសោធន៍ ក្នុងការគ្រប់គ្រងដឹកនាំប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងភាពអត់ធ្មត់ អំណត់ព្យាយាម ត្រិះរិះពិចារណា ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន ធ្វើឲ្យប្រជាជនបានរស់នៅក្នុងស្ថានភាពល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លទ្ធផលដ៏ធំធេងដែលសមាគមនារីខេត្តសម្រេចបាននេះ គឺពិតជាពុំអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំ សប្បុរសជន ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំសមាគមនារីបានឡើយ។
ជោគជ័យទាំងនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ដល់ការពង្រឹងភាពរឹងមាំ ការអភិវឌ្ឍរបស់ខេត្ត និងមូលដ្ឋានដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង-ស្រុក ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា ស្មារតី និងផ្តល់ឱកាស ព្រមទាំងការជួយសម្រួលឲ្យស្រ្តីគ្រប់លំដាប់ថ្នាក់ អាចរ៉ាប់រង និងសម្រេចបានជោគជ័យគ្រប់សកម្មភាព ដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានលើកឡើងពីកិច្ចដំណើរការកែទម្រង់រដ្ឋគ្រប់វិស័យ ទទួលបានលទ្ធផលផ្លែផ្កា ជាពិសេសកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់ការគ្រប់គ្រងដីធ្លី និងព្រៃឈើ កំពុងតែធ្វើដំណើរទៅមុខក្នុងទិសដៅត្រឹមត្រូវ ហើយបាននិងកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។
សមិទ្ធផលទាំងនេះ បានពង្រឹងជំហររបស់គណបក្សប្រជាជនកម្ពុជាថែមទៀត តាមរយៈផលប្រយោជន៍ ដែលប្រជាជនទទួលបានកាន់តែច្រើនឡើងពីសន្តិភាព កំណែទម្រង់ និងកិច្ចអភិវឌ្ឍ។ ទាំងនេះជាឧត្តមភាព ប្រៀបធៀបអំណោយផល ដែលត្រូវច្បាមជាប់ និងចេះប្រើប្រាស់ឱកាសនេះ ដើម្បីដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ។
ម៉្យាងទៀត ស្រ្តីកម្ពុជាមានចំនួនច្រើនជាង ៥២% នៃប្រជាជនទាំងមូល បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ សេវាកម្ម និងបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិ មានកំណើនជាតិរីកចម្រើន ទើបរាជរដ្ឋាភិបាលបានកំណត់ច្បាស់ថា ស្ត្រីគឺជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។
លោកស្រីក៏បានលើកនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទាំង៦ចំណុចសំខាន់ៗ លើគោលនយោបាយលើកទឹកចិត្ត និងជំរុញឲ្យស្ត្រីចូលរួមអភិវឌ្ឍប្រទេសជាតិ និងលើកតម្កើងស្ត្រី ក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេច និងដឹកនាំដោយពង្រឹងស្ថានភាព តួនាទីដ៏សំខាន់របស់ស្ត្រីក្នុងសង្គម លើកស្ទួយតម្លៃសីលធម៌របស់ស្ត្រី លុបបំបាត់រាល់ទស្សនរើសអើង មាក់ងាយមើលស្រាលស្ត្រី និងលើកកម្ពស់ការចូលរួមរបស់ស្រ្តី ឲ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាថែមទៀត ក្នុងនយោបាយ និងក្នុងការអភិវឌ្ឍប្រទេស។
លោកស្រីរដ្ឋមន្រ្តីបានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួន ក្នុងការចុះមូលដ្ឋានជាប់ជាប្រចាំ ជួបប្រជុំជាមួយបងប្អូននារី និងបន្តជំរុញពង្រីកសមាជិកសមាគមនារី ព្រមទាំងធ្វើការជំរុញដល់ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ។
ក្នុងនោះដែរ លោកស្រីឧបនាយករដ្ឋមន្ត្រី បានធ្វើការដោះស្រាយឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូននារី នៅថ្នាក់មូលដ្ឋាន ព្រមទាំងបានឧបត្ថម្ភនូវថវិកាដល់បងប្អូននារីក្រុង-ស្រុក ក្នុងមួយស្រុក ចំនួន១លានរៀល និងឧបត្ថម្ភដល់បងប្អូននារី ទាំង៩០០នាក់ ដែលបានចូលរួមនោះ ម្នាក់ៗទទួលបានសំពត់១ ក្រណាត់អាវ១ និងប្រាក់៤ម៉ឺនរៀល៕