(ភ្នំពេញ)៖ កម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៧ បេក្ខជន-បេក្ខនារី ដែលមានសម្រស់ស្រស់សង្ហា និងស្រស់សោភា ចំនួន៤គូ នៅមណ្ឌលរាជធានីភ្នំពេញ បានឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ មុននឹងឈានទៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ដើម្បីចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា។

កម្មវិធីដ៏សប្បាយរីករាយនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ។

កម្មវិធីសម្រស់ឯកវាយនភណ្ឌនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្នុងគោលបំណងបង្កើតឱកាសសប្បាយរីករាយ និងលើកកម្ពស់តម្លៃការងារ របស់កម្មករ-កម្មការិនី ដែលកំពុងបម្រើការនៅក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។

កម្មវិធីនេះបានប្រារព្ធធ្វើចំនួន២លើក រួចមកហើយ គឺនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសារធារណជន ​ជាពិសេសពីសំណាក់កម្មករ-កម្មការិនី។ ឆ្នាំនេះ គឺជាលើកទី៣ហើយ ដែលយើងបានរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ដែលកាន់តែមានលក្ខណៈទូលំទូលាយជាងមុន ដោយមានការចូលរួម ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អង្គការវិជ្ជាជីវៈ ស្ថានីយទូរទស្សន៍ ETV និងដៃគូពាក់ព័ន្ធនានា សំដៅបង្កើតនូវបរិយាកាសសប្បាយរីករាយ ជូនកម្មករកម្ម-ការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង​ និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀតនៅកម្ពុជា។

មុននឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលនេះ គណៈកម្មការរៀបចំការប្រកួតបានរៀបចំការ ជ្រើសរើសជាច្រើនដំណាក់កាល និងបែងចែកជា៣មណ្ឌល គឺមណ្ឌលរាជធានីភ្នំពេញ មណ្ឌលខេត្តព្រះសីហនុ និងមណ្ឌលខេត្តស្វាយរៀង។ ថ្ងៃនេះ គឺជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលរៀបចំនៅតាមមណ្ឌលទាំង៣ ដើម្បីជ្រើសរើសយកបេក្ខជន៤នាក់ និងបេក្ខនារី៤នាក់ ពីមណ្ឌលនីមួយៗ សម្រាប់ចូលរួមវគ្គផ្តាច់ព្រ័ត្ត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។

សមាសភាពគណៈកម្មការមេប្រយោគ មានចំនួន៥រូប គឺមកពីតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ១រូប តំណាង ស.ស.យ.ក ១រូប តំណាងអង្គការវិជ្ជាជីវៈ ១រូប និងតំណាងស្ថានីយទូរទស្សន៍ ETV ១រូប។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងាររបស់ក្រសួង ដែលបានរួមសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៧ ហើយពេលនេះ បានឈានមកដល់ដំណាក់កាល ពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ គឺនៅរសៀលថ្ងៃទី០១ ខែឧសភា ខាងមុខ ដោយមានការផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយទូរទស្សន៍ ETV៕