(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជេស៊ីអ៊ែរឡាញ (JC International Airlines) បានរកឃើញហើយនូវជយលាភីថតរូបធម្មជាតិស្អាតជាងគេចំនួន ២០រូប ហើយក៏ត្រូវបានធ្វើពិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរជូនពួកគេនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីជាការលើកទឹកចិត្ត។
លោក ជាវ គីរីរម្យ ប្រធានផ្នែកផលិតកម្មរបស់ក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែឡាញ បានឲ្យដឹងថា បេក្ខជន-បេក្ខនារី ដែលទទួលបានជយលាភី សុទ្ធសឹងជាអ្នកមានថ្វីដៃក្នុងការថតរូបបែបធម្មជាតិ។ រង្វាន់អនុស្សាវរីយ៍ដែលបានផ្តល់ជូននោះរួមសុំបុត្រយន្តហោះទៅវិញទៅមកពីភ្នំពេញទៅក្រុងសៀមរាប លើសពីនេះក៏មានប័ណ្ណសរសើរ ដែលបញ្ជាក់រូបថតរបស់បេក្ខជនទាំង២០រូប នោះល្អដាច់គេ ក្នុងចំណោមអ្នកបានចូលរួមទាំងអស់។ ជយលាភីទាំង ២០នាក់នោះ នឹងត្រូវអញ្ជើញញុំាអាហារសាមគ្គីជាមួយគ្នាផងដែរ។
ការប្រលងថតរូបស្អាតបែបធម្មជាតិ (Photo Contest) បានធ្វើឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ និងបានបញ្ចប់ទៅវិញនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយពន្យាពេលរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកអ្នកអ្នកថតរូបជាប់ចំណាត់ថ្នាក់។ ប្រធានបទដែលលើកមកប្រលងថតរូបស្អាត គឺបេក្ខជន-បេក្ខនារីទាំងអស់ ត្រូវថតបែបធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជាប្រាសាទ ទឹកជ្រោះ ក៏ដូចជាវប្បធម៌ និងទេសភាពរបស់កម្ពុជា បន្ទាប់មកដោយគ្រាន់តែ បង្ហោះចូលគណនេយ្យផ្ទាល់ខ្លួន ដោយសរសេរពាក្យថា «I Love Flying With JC International Airlines»។
លោក រិន ថាវរ៉ូ ដែលជាបេក្ខជនមួយរូប ដែលទទួលបានប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ពីក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែរឡាញ បានគាំទ្រការបង្កើតឡើងនូវកម្មវិធី «Photo Contest» ហើយសន្យានឹងចូលរួមប្រលងកម្មវិធីនេះទៀតនាឱកាសក្រោយ។ យុវជនដែលប្រលងជាប់រូបនេះបានបញ្ជាក់ថា «វាពិតជាល្អណាស់ ក្នុងការបង្កើតកម្មវិធីមួយនេះ លើកក្រោយខ្ញុំនឹងចូលរួមទៀតជាក់ជាមិនខាន»។
លោក ជាវ គីរីរម្យ បានឲ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរ ជេស៊ី អ៊ែឡាញ បានធ្វើប្រតិបត្តិហោះហើរ ពីភ្នំពេញទៅសៀមរាប និងពីភ្នំពេញទៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០១៧។ ការហោះហើរត្រូវបានអ្នកធ្វើដំណើរមានការពេញចិត្តជាខ្លាំង ដោយសារតែយន្តហោះថ្មីៗ និងអាចផ្ទុកអ្នកដំណើរបាន ១៨០កៅអី និងមានសេវាកម្មល្អផងដែរ។ ក្រុមហ៊ុន ក៏កំពុងតែសិក្សាពីជើងហោះហើរ ទៅក្រៅប្រទេសផងដែរ។
សូមរម្លឹកថា ក្រុមហ៊ុន ជេស៊ី ខេបូឌា អ៉ីនធើណេសិនណល អ៊ែរឡាញ របស់កម្ពុជា បាននាំចូលយន្តហោះប្រភេទ Airbus A320 ចំនួន២គ្រឿងយ៉ាងថ្មីសន្លាង ដែលនាំចូលពីប្រទេសអាល្លឺម៉ង់ ហើយយន្តហោះនោះបានមកដល់ទឹកដីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧៕
រូបភាពដែលបេក្ខជនម្នាក់ដែលឈ្នះរង្វាន់ពីក្រុមហ៊ុន