(កំពង់ធំ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ដែលមានឋានៈជាម្ចាស់ឆ្នោតនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ណែនាំដាស់តឿនដល់មន្រ្តីមូលដ្ឋានឃុំ/ភូមិ ត្រូវខិតខំពង្រឹងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ចិត្ត និងត្រូវចុះដោះស្រាយបញ្ហានានា ជូនពួកគាត់ឲ្យជាប់ជានិច្ច។

ការជំរុញជាប្រចាំនេះធ្វើឡើងសារជាថ្មី ក្នុងពេលលោករដ្ឋមន្រ្តីជួបសំណេះសំណាលជាមួយអាជ្ញាធរ មន្ត្រីមូលដ្ឋានភូមិ/ឃុំ និងក្រុមការងារចុះជួយប្រជាពលរដ្ឋ នៅឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី៣១ មីនា ឆ្នាំ២០១៧នេះ។

រដ្ឋមន្រ្តីគម្រូរូបនេះបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗនេះ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ដែលទាំងនេះ ជាក្រមសីលធម៌របស់មន្ត្រីឃុំ/ភូមិ។

លោកបន្តថា «ការយកចិត្តទុកដាក់ ដោះស្រាយសំណូមពរជាក់ស្ដែង ជូនប្រជាពលរដ្ឋ ប្រាកដជានឹងបានទទួលនូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត»