(ភ្នំពេញ)៖ សិក្ខាកាមនៃកម្លាំងមួកខៀវចំនួន៣៦នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺកបោសសម្អាតមីន ក្នុងរយៈពេល២សប្តាហ៍ ដោយជោគជ័យ ជាមួយយោធាចារ្យមកពីប្រទេសឥណ្ឌា ហើយសិក្ខាកាមកម្លាំងរក្សាសន្តិភាពមួកខៀវកម្ពុជានេះ នឹងត្រូវទៅបំពេញបេសកកម្មរបស់ អង្គការសហប្រជាជាតិ នាពាក់កណ្តាល ឆ្នាំ២០១៧ខាងមុខនេះ។
ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បោសសម្អាតមីននៅសាលាហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាពពហុជាតិខេត្តកំពង់ស្ពឺនាព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បានប្រព្រឹត្តទៅក្រោម អធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណកម្មាធិការជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាពកម្ពុជា និង លោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ។
ឧត្តមសេនីយ៍ទោ ហួត គឹមសាន នាយកសាលាហ្វឹកហ្វឺនបណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាពពហុជាតិ បានថ្លែងឱ្យដឹងថា «កន្លងមកឥណ្ឌា បានហ្វឹកហ្វឺន ដល់កម្លាំងមួកខៀវកម្ពុជាចំនួន១៥វគ្គ ដែលមានសិក្ខាកាមសរុបចំនួនជិត១០០០នាក់ លើជំនាញហ្វឹកហ្វឺនបច្ចេកទេស បោសសម្អាតមីនយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ បច្ចេកទេសបោសសម្អាតមីនប្រឆាំងភេរវកម្ម ជំនាញរក្សាសន្តិភាពបោសសម្អាតមីនកំរិតខ្ពស់ នាយទាហានសង្កេតការណ៍យោធានាយទាហានសេនាធិការ»។ លោកបន្តថា កម្លាំងមួកខៀវ៣៦នាក់ បញ្ចប់វគ្គសិក្សាបោសសម្អាតមីន និងរុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ពួកគេក៏នឹងចេញទៅបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅពេលខាងមុខនេះផងដែរ។
លោកវរៈសេនីយ៍ឯក A. Boral ប្រធានក្រុមយោធាចារ្យនៃប្រទេសឥណ្ឌា លើកឡើងថា ការសិក្សាលើជំនាញរក្សាសន្តិភាព បោសសម្អាតមីននេះ គឺតាមនិយមន័យ របស់អង្គការសហប្រជាជាតិ គឺជាមធ្យោបាយមួយក្នុងការជួយជ្រោមជ្រែង ដល់បណ្តាប្រទេស ដែលមានសង្រ្គាម ដើម្បីបង្កើតនូវលក្ខខណ្ឌសម្រាប់ទ្រទ្រង់ផ្នែកសន្តិភាព។ កងកម្លាំងរក្សាសន្តិភាព ដែលផ្តល់ការគ្រប់គ្រង និងសង្កេតការណ៍ដំណើរការសន្តិភាព ក្នុងតំបន់ក្រោយពីមានសង្រ្គាម និងដើម្បីជួយដល់អតីតអ្នកប្រយុទ្ធ ក្នុងការបង្កើតកិច្ចព្រមព្រៀងរក្សាសន្តិភាព ដែលពួកគេបានចុះហត្ថលេខា។
លោក A. Boral បានថ្លែងបន្តថា គ្រូយោធាចារ្យដែលមកបណ្តុះបណ្តាលដល់កម្លាំងមួកខៀវកម្ពុជានេះ គឺជាគ្រូដែលមានបទពិសោធន៍មកពីមជ្ឈមណ្ឌលក្នុងទីក្រុងញូដេលី (NEWDELI) ដើម្បីផ្តល់ការហ្វឹកហ្វឺនរយៈពេលពីសប្តាហ៍លើផ្នែករក្សាសន្តិភាព។ សមាជិកក្រុមយោធាចារ្យវិស្វកម្ម គឺមកពីមជ្ឈមណ្ឌលហ្វឹកហ្វឺនវិស្វកម្ម នឹងមាន បទពិសោធន៍ខ្ពស់លើទីលាន។ កម្មវិធីហ្វឹកហាត់ត្រូវបានចាត់ចែងកែតម្រូវស្របទៅតាមអត្ថប្រយោជន៍ដល់កងកម្លាំងទាំងអស់។
ថ្លែងទៅកាន់ពិធីបិទវគ្គហ្វឹកហ្វឺន បោសសម្អាតមីននៅសាលាហ្វឹកហ្វឺន កម្លាំងរក្សាសន្តិភាពពហុជាតិ នាពេលនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងថា «ការហ្វឹកហ្វឺនជំនាញ រក្សាសន្តិភាពនិងបោសសម្អាតមីននេះ គឺជាការងារមួយដ៏សំខាន់សំរាប់កងទ័ពមួកខៀវកម្ពុជាទាំង៣៦នាក់ ដែលពួកគេនឹងចេញ ទៅបំពេញបេសកកម្មរបស់ អង្គការសហប្រជាជាតិនៅក្រៅប្រទេស នាពាក់កណ្តាលឆ្នាំ២០១៧នេះ»។
នាយឧត្តមសេនីយ៍ បានបន្តថា ការសិក្សាជំនាញរក្សាសន្តិភាពនេះ គឺបង្ហាញឱ្យឃើញថាកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញនានា ដែលទាក់ទងទៅនឹង ការងារបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ ក្រោយពេល បញ្ចប់វគ្គនេះ ទៅត្រូវខិតខំយកចិត្តទុករៀនសូត្របន្ថែមទៀត ដើម្បីបង្កើនសមត្តភាពរបស់ខ្លួន សម្រាប់បំពេញភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលល្អជាពិសេស ពេលចេញទៅបំពេញ បេសកកម្មរបស់អង្គការសហប្រជាតិ ត្រូវគោរពឱ្យបាននូវប្រសាសន៍ផ្តាំផ្ញើ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីនាំមកនូវជោគជ័យ និងកិត្តិយស ជូនជាតិមាតុភូមិ៕