(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ លោក ឈិន ឆាងហ្ស៊ី អនុប្រធានសភាតំណាងប្រជាជនចិន បានថ្លែងគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្ត និងជាបងប្អូនដ៏ល្អរបស់ចិន។
លោក ឈិន ឆាងហ្ស៊ី ក៏បានសរសើរផងដែរពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជារីកចម្រើនទាំងវិស័យសេដ្ឋកិច្ច សន្តិភាព និង ស្ថេរភាពនយោបាយ។ អនុប្រធានសភាតំណាងប្រជាជនចិន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាឥស្សរៈជនឆ្នើម និងជាមិត្តដ៏ល្អរបស់ចិន។
«ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺស្ថិតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជា ជាមិត្តពិតប្រាកដ និងជាបងប្អូនដ៏ល្អរបស់ចិន»។ នេះជាការបញ្ជាក់របស់លោក ឈិន ឆាងហ្ស៊ី។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីអំពីការគាំទ្រឥតងាករេចំពោះ «ចិនតែមួយ» ហើយនៅតែបន្តថែរក្សាមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អដែលធ្លាប់មានពីមុនមករហូតដល់បច្ចុប្បន្ននេះ។ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជាមកដល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងខ្លាំងពីមិត្តចិន។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញមោទនភាពដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន កើនជិតដល់ ៥ពាន់លានដុល្លារ។ សម្តេចតេជោ បានស្នើចិន ជួយជំរុញទេសចរណ៍ចិនមកទស្សនានៅកម្ពុជាឲ្យបានច្រើនឡើងថែមទៀត។
សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ មានទេសចរចិនប្រមាណ ៨០ម៉ឺននាក់ មកទស្សនាកម្ពុជា ហើយរំពឹងថា ចំនួននេះនឹងកើនឡើងដល់ ១ ឬ ២លាននាក់។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានស្នើសុំចិនជួយជំរុញទំហំពាណិជ្ជកម្ម និងពង្រីកការនាំចេញកសិផល និងផលិតផលខ្មែរទៅកាន់ប្រទេសចិនឲ្យបានច្រើនថែមទៀត។
ក្នុងជំនួបពិភាក្សានោះ លោកអនុប្រធានសភាប្រជាជនចិន ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមសន្និសីទអន្តរជាតិស្តីពីខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៧ នេះ នៅទីក្រុងប៉េកាំង៕