(ភ្នំពេញ)៖ ដោយមានការណែនាំផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងគណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ សហការជាមួយលោកអនុសេនីយ៍ឯក គង់ សុភារិទ្ធ អធិការរងខណ្ឌដូនពេញ រួមគ្នាចុះបង្ក្រាបទីតាំងអ៊ិនធើណេត២៤ម៉ោង ចំនួន៥ទីតាំង នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

លោក ចាប ឌីណា នាយរងរដ្ឋបាលសាលាខណ្ឌ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាព បានសម្រេចឲ្យម្ចាស់អាជីវកម្មហ្គេមនេះ ចំនួន៤ទីតាំង ធ្វើកិច្ចសន្យាមិនឲ្យមានការបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងមិនឲ្យមានការជួញដូរ ប្រើប្រាស់គ្រឿងញៀនឡើយ។

ដោយឡែកអាជីវកម្ម១ទីតាំងទៀត មានយីហោ ស៊ី អេស សមត្ថកិច្ចបានសម្រេចបិទទ្វារតែម្ដង ដោយទុករយៈពេល១សប្តាហ៍ទៀត ដើម្បីបំពេញបែបបទទៅតាមផ្លូវច្បាប់៕