(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កម្ពុជាអាចប្រឈមនឹងបញ្ហាពិបាក ក្នុងការគ្រប់គ្រង ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមករស់នៅលើទឹកដីកម្ពុជា ពិសេសជនជាតិវៀតណាម។
នាយឧត្តមសេនីយ៍ បានឲ្យដឹងថា ជនបរទេសអន្តោប្រវេសន៍មួយចំនួន អាចធ្វើការប្រកបមុខរបរជាទូទៅ ដូចពលរដ្ឋខ្មែរដែរបើយើងប្រៀបធៀប ទៅនឹងច្បាប់ អន្តោប្រវេសន៍របស់ប្រទសជិតខាង គេបានកំណត់កន្លែងរស់នៅ និងកំណត់មុខរបរមួយចំនួនបសម្រាប់ជូនជនបរទេសអន្តោប្រវេសន៍។
បើតាមនាយឧត្តមសេនីយ៍ «ជនបរទេសអន្តោប្រវេសន៍មួយចំនួន បានកាន់កាប់ឯកសាររដ្ឋបាលទាំងពីរប្រទេស ជាជនជាតិវៀតណាម និងជាជនជាតិខ្មែរ ហើយពួកគេចល័តទៅ-មករស់នៅប្រទេសវៀតណាមផង និងកម្ពុជាផង តាមពេលវេលា ដែលអំណោយផលលើផ្នែកសេដ្ឋកិច្ច ជីវភាព និងដោយកត្តាផ្សេងៗទៀត ដូចជា នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាលជាដើម»។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងសមត្ថកិច្ច និងអជ្ញាធរមូលដ្ឋានខ្លះ នៅតែបន្តចេញលិខិតស្នាម រដ្ឋបាលរបស់កម្ពុជា ឲ្យដល់ជនបរទេសខុសច្បាប់ ដូចនេះហើយ ទើបជនបរទេសនៅតែអាចបន្តចូលមកកម្ពុជាខុសច្បាប់ ដើម្បីតាំងទីលំនៅ ទោះបីយើងបានរកឃើញ ឃាត់ខ្លួន និងបណ្ដេញចេញជាបន្តបន្ទាប់ក្ដី ក៏នៅមានការឆ្លៀតឱកាសតាមរយៈការចេញចូលឆ្លងដែន ពិសេសព្រំដែនកម្ពុជាវៀតណាម ពួកគេអាចឆ្លៀតឱកាសបានតាមការព្រមព្រៀងឲ្យចូលត្រឹមខេត្ត តែបន្តទៅរស់នៅកន្លែងផ្សេង បន្តចូលតាមរយៈការជួលដីស្រែ ការទូទាត់ផលប្រយោជន៍ និងកត្តាភូមិសាស្រ្តលាតសន្ធឹងយ៉ាងវែង៕