(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា លោកកំពុងចាត់ចែងឲ្យមន្រ្តីសាលាខេត្ត សហការជាមួយក្រុងរួម និងអ្នកបច្ចេកទេសជំនាញផ្នែកអគ្គិសនីខេត្ត ព្រមទាំងបុគ្គលិក និងកម្មករ ដើម្បីធ្វើការបោសសំអាតនៅតាមសួនច្បារ និងកាត់ស្មៅ ព្រមទាំងដាំផ្កាបន្ថែមនៅតាមបណ្តោយផ្លូវភ្លោះលេខ៧៦ ចាប់ពីរង្វល់មូលគោព្រៃ រហូត ដល់ចុងតារាងយន្តហោះ ក្នុងក្រុងសែនមនោរម្យ រៀបចំឲ្យមានសណ្ដាប់ធ្នាប់ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ដោយខេត្តជាអ្នកចេញសេវាផ្សេងៗ។
ការរៀបចំសំអាត និងលើកកម្ពស់សោភ័ណ្ឌនេះ ត្រូវបានលោកអភិបាលខេត្ត លើកឡើងថា ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិមកកំសាន្ត ឲ្យបានច្រើននៅខេត្តតំបន់ខ្ពង់រាបមួយនេះ។
ជាមួយគ្នានេះរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក៏កំពុងចាត់ចែងឲ្យមន្រ្តីសាលាខេត្ត សហការជាមួយបុគ្គលិកអគ្គិសនីកម្ពុជា សាខាខេត្តមណ្ឌលគិរី ធ្វើការរៀបចំបំពាក់អំពូលភ្លើងពណ៌ប្រភេទLED បន្ថែមលើដងអំពូលគោម ដែលមានស្រាប់ក្នុងក្រុងសែនមនោរម្យ ធ្វើឱ្យសោភ័ណ្ឌភាពក្រុង កាន់តែមានការទាក់ទាញ ត្រៀមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិនាពេលខាងមុខនេះ។
លោក ប្រាជ្ញ វុត្ថា ប្រធានអង្គភាពអគ្គិសនី ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា ដោយមានការខិតខំប្រឹងប្រែងពីអាជ្ញាធរខេត្ត ក្រុង ពីការរៀបចំនូវប្រព័ន្ធភ្លើងបន្ថែមនេះ លោកផ្ទាល់ក៏មានការចូលរួមចំណែក ក្នុងការបញ្ជូនក្រុមជំនាញបច្ចេកទេសខាងភ្លើង តពង្រាយភ្លើងតាមដងផ្លូវ តាមបង្គោលគោម ជុំវិញទីរួមខេត្ត ដើម្បីលំអរនៅពេលយប់ តាមដើមឈើនានានៅជិតរង្វល់មូលគោព្រៃ នៅមុខសាលាខេត្ត និងទីតាំងទីប្រជុំជននានា ដើម្បីទទួលទេវតានៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។
ជុំវិញការរៀបចំនេះលោកអភិបាលខេត្តបានបញ្ជាក់ថា «ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខាងមុខនេះ យើងនឹងរៀបចំសោភ័ណ្ឌភាព ក្នុងក្រុងទាំមូលឲ្យបានស្អាត និងមានអនាម័យល្អ ធ្វើយ៉ាងណាឲ្យភ្ញៀវដែលគេមកទស្សនាកំសាន្តសប្បាយរីករាយ»។
អាជ្ញាធរខេត្តមណ្ឌលគិរី ព្រមទាំងរៀបចំល្បែងកំសាន្ត ដោយសហការជាមួយមន្ទីរវប្បធម៌ រៀបចំ ល្បែងកំសាន្ត និងមានការប្រគុំតន្ត្រីចំនួន៣យប់ ជាប់ៗទៀតផង។ ក្រៅពីនេះនៅមានការរៀបចំកម្លាំងអន្តរាគមន៍ដើម្បីទប់ស្កាត់បទ ល្មើសផ្សេងៗ និងការពាសន្តិសុខជូនពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរដែលមកកំសាន្តនៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លើទឹកដីខេត្តមណ្ឌលគិរី។ នេះបើតាមអះអាងបន្ថែមពីលោក ស្វាយ សំអ៊ាង៕