(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយនូវលិខិតរបស់លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការ ប្រតិបត្តិបានសរសេរផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានបញ្ជាក់ថា «ចំពោះករណីមិនំទាន់យល់ស្របគ្នា គណបក្សសង្រ្គោះជាតិ នឹងរៀបចំ កែសម្រួល ក្រោយពេលលក្ខនិ្តកៈគណបក្ស ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ», ដោយនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ
បក្សីចាំក្រុង បានផ្ញើលិខិតមិត្តអ្នកអានមកកាន់អង្គភាពព័ត៌មាន Fresh News ដោយដាក់ចំណងជើងថា «នៅទីបំផុតវេទិកាក្ងោកស្ពាន់ ដែលសង់ខុសក្បួនបាក់រលំខ្ចេចខ្ចី»។
ដោយមិនធ្វើអត្ថាធិប្បាយបន្ថែម សុំចុះផ្សាយខ្លឹមសារលិខិតទាំងស្រុងដូចខាងក្រោម៖
១៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មេសំណាក់ដែលគ្រប់គ្រងលើបក្សនយោបាយនានានៅក្នុងនគរខ្មែរ បានចេញលិខិតមួយច្បាប់ដែល បញ្ចាក់ច្បាស់ថា ការជ្រើសតាំងមេបក្សថ្មី និងមេបក្សរងថ្មីចំនួន៣រូប ដោយសមាជមិនធម្មតារបស់បក្សនេះ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ គឺបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈបក្ស ដែលជាច្បាប់ធំជាងគេរបស់បក្សនេះ។ មិនអស់ចិត្ត បក្សព្រះអាទិត្យបានសុំជួបមេសំណាក់ ដើម្បីចរចា ក្រែងលោមានការសម្របសម្រួលនយោបាយរកច្រកចេញឃើញ ប៉ុន្តែម្ចាស់សំណាក់បានត្រឹមចាត់មន្រ្តីអនុវត្តច្បាប់របស់សំណាក់ ដើម្បីបើកក្បួន ប្រាប់មេធំៗនៃបក្សព្រះអាទិត្យដែលបានចូលរួមក្នុងជំនុំនោះថា តើបក្សព្រះអាទិត្យនេះ ធ្វើខុសក្បួនតម្រារបស់ខ្លួន ដែលតម្កល់ទុកនៅសំណាក់ រាជការដូចម្តេចខ្លះ!
២៖ ពេលចេញពីជំនុំជាមួយមន្រ្តីអនុវត្តច្បាប់វិញ មេទ័ពរងនៃបក្សព្រះអាទិត្យដែលល្បីខ្លាំងរឿងលេងល្បែងស៊ីសង បាននិយាយជាមួយ អ្នកសារព័ត៌មាន ហើយលើកឡើងតែពីអ្វីដែលរាជការប្រាប់ថា ខ្លួនមិនខុស ប៉ុន្តែមិនលើកឡើងពីអ្វីដែលរាជការប្រាប់ថា ខុសនោះទេ។ មហាជនអាចយល់បាន ព្រោះអ្នកនយោបាយ បើមិនចេះកេងចំណេញនយោបាយនោះទេ ម៉េចគេហៅថា អ្នកនយោបាយ។ ទោះបីខុសយ៉ាងណា ក៏កុំនិយាយសារភាព ព្រោះបើហ៊ាននិយាយសារភាព គឺខ្លាចអន់ និងខ្មាសមហាជន មិនមែនខ្លួនតែម្នាក់ឯណាលោកអើយ គឺបក្សទាំងមូលខ្មាស់គេ ថា រកអ្នកចេះក្បួនខ្លួនឯងមួយមិនបាន! ដើម្បីបំភាន់មហាជន កេងចំណេញអោយបានច្រើន នៅពេលទៅដល់បន្ទាយចក្រអង្រែ ក្រោយពេលជំនុំចប់ គឺឆ្លៀតចេញថែមលិខិតជូនដំណឹងមួយទៀត ដោយសរសេរឲ្យច្បាស់កន្លែងដែលរាជការថា មិនខុស ហើយកន្លែងដែលរាជការថា ខុស មិននិយាយឲ្យចំ និយាយបែបបន្លំថា ចំណុចមិនទាន់យល់ស្របគ្នា គឺបក្សព្រះអាទិត្យនឹងរកដំណោះស្រាយសមស្រប។
៣៖ រាជការមើលទៅឃើញច្បាស់ថា បក្សព្រះអាទិត្យមានចិត្តមិនស្មោះត្រង់ និយាយបែបបំភាន់ខុសពីការពិតក្នុងចេតនាធ្វើឲ្យមហាជនយល់ច្រឡំ ដូចនេះ រាជការដែលកាន់កិច្ចការច្បាប់ក្នុងរឿងនេះ បានធ្វើសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍ផង ធ្វើសន្និសីទកាសែតផង ដើម្បីបង្ហាញការពិត បកស្រាយពន្យល់មហាជនឲ្យដឹងថា ផ្អែកតាមក្បួនតម្រាដែលបក្សព្រះអាទិត្យដាក់តម្កល់នៅសំណាក់រាជការ តើបក្សព្រះអាទិត្យ ធ្វើត្រូវអ្វីខ្លះ ហើយធ្វើខុសអ្វីខ្លះ។ ពាក្យចាស់លោកថា «ដេញទាន់ ជាន់កែង» ! ទុកឲ្យបក្សព្រះអាទិត្យភរមហាជនលេងបន្តិចមិនបាន ! រាជការដេញទាន់ ជាន់កែងបានហើយ ជាន់ទាំងកទៀត! ម៉ឺងម៉ាត់ក្នុងរឿងច្បាប់រឿងទំលាប់ គឺជាវិន័យនគរមួយ ហើយជាមួយអ្នកលេងខូច ដាច់ខាតត្រូវតែម៉ឺងម៉ាត់ អញ្ចឹងហើយ!
៤៖ ដល់ពេលរាជការម៉ឺងម៉ាត់ចឹងទៅ បក្សព្រះអាទិត្យហាក់ដូចជា បន្ទន់ចរិតច្រឡោមខាមរបស់ខ្លួន ហើយបានសរសេរលិខិតសារភាពកំហុស របស់ខ្លួន ព្រមទាំងសុខចិត្តសន្យាថា នឹងកែតម្រូវភាពទំនើងរបស់ខ្លួនឲ្យត្រូវតាមច្បាប់ ដូចគេដូចឯង។ លិខិតចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បក្សព្រះអាទិត្យផ្ញើជូនរាជការដាក់ថា ចំពោះករណីដែលមិនទាន់យល់ស្របគ្នាបក្សព្រះអាទិត្យ នឹងរៀបចំកែសម្រួលក្រោយពេលរាជការយល់ព្រម ទទួលតម្កល់ក្បួនតម្រាដែលបានកែសម្រួលថ្មី! ចឹងបានថា បើដឹងខុសហើយ សារភាពទៅ ខំរកដំណោះស្រាយទៅ កុំដើរនិយាយផ្តេសផ្តាស បង្ហាញចរិតខែងរែងថ្លើមពាសមេឃ ដូចមិនយល់ច្បាប់ទំលាប់នគរអីសោះ។
៥៖ នៅទីបំផុត បក្សព្រះអាទិត្យបានទទួលស្គាល់កំហុសរបស់ខ្លួនថា បានធ្វើខុសក្បួនតម្រារបស់ខ្លួន ដែលតម្កល់ទុកនៅរាជការមែន! នៅទីបំផុត ទើបដឹងថា បក្សព្រះអាទិត្យខ្សោយមែន រកតែអ្នកចេះក្បួនតម្រាបក្សខ្លួនឯង មិនទាំងមានផង! អនុវត្តតាមក្បួនតម្រាតូចមួយសរសេរដោយដៃខ្លួន មិនទាំងត្រូវផង ចុះបើបណ្តោយឲ្យដឹកនាំនគរ អនុវត្តក្បួនច្បាប់ដែលគរដូចភ្នំទៅទៀត មិនវីវររត់ជាន់គ្នាផ្អើលពេញនគរហើយ! ខ្លួនឯងចេះច្បាប់មិន អស់ហើយយល់មិនច្បាស់ទៅទៀត ដល់ពេលនិយាយពីច្បាប់មិនឈ្នះ អាងយករឿងនយោបាយ រឿងលទ្ធិប្រជាធិបតេយ្យ មកធ្វើជាខែល ដើរចោទ គេចោទឯងថា ធ្វើបាបបក្សព្រះអាទិត្យ! ចុះបើនាំគ្នារកអ្នកប្រាជ្ញចេះច្បាប់ស្ទាត់ជំនាញ មកឲ្យយោបល់ ហើយធ្វើឲ្យត្រូវទៅ វាអស់បញ្ហាទៅហើយ ហើយក៏មិននាំរវល់ដល់រាជការ និងមិនរំខានដល់មហាជនតាមដានរឿងឥតប្រយោជន៍ផង! ពាក្យចាស់ថា បើខ្លួនឆោត កុំធ្វើចេះ បើពុំដូច្នោះទេ ខុសជាន់ខុស គ្រោះជាន់គ្រោះ! វេទិកាក្ងោកស្ពាន់ ដែលអួតយ៉ាងល្បីរន្ទឺដល់ទេវតា ទីបំផុតបែរជាក្រុងពាលីមិនត្រូវ សង់ខុសក្បួន បាក់រលំខ្ចេចខ្ចីអស់! បុរាណពោលថា «អំនួតក្នុងភាពល្ងង់ខ្លៅ ជាវិថីឆ្ពោះទៅកាន់វិនាសកម្មពិត»!
ក្រុងសែនមនោរម្យ ថ្ងៃទី៣១ ខែមីនា គស២០១៧ ពស២៥៦០ ដោយ៖ បក្សីចាំក្រុង !