(កណ្ដាល)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជិវៈ ដល់សក្ខាកាមជ័យលាភីជំនាន់ទី១ ទី២ និងទី៣ ចំនួន ៨០នាក់ មកពីជាង១៥ខេត្ត ទូទាំងប្រទេស ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៃជំនាញកម្មវិធីកុំព្យូទ័រ ជួសជុលម៉ាស៊ីនត្រជាក់ ជំនាញតបណ្តាញអគ្គីសនី និងភាសាអង់គ្លេស នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ក្រោមជំនួយមូលនិធីអាល់-ទើមីសីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅក្នុងទីលានមជ្ឈមណ្ឌលឥស្លាមកម្ពុជា ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក មាស សុកែវ នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរ មានប្រសាសន៍ថា មជ្ឈមណ្ឌលបង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងគោលបំណងបង្កើត ឱកាសទទួលបានការបណ្តុះបណ្តាល ជំនាញបច្ចេកទេសច្បាស់លាស់មួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអភិវឌ្ឍន៍ ប្រកបដោយសក្តានុពលក្នុងសង្គមកម្ពុជា។ លោកបន្តថា ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គបណ្តុះបណ្តាល ជាពីរវគ្គ ចាប់ពីខែមករា ដល់ខែមិថុនា និងពីខែកក្កដា ដល់ខែធ្នូ ហើយធ្វើការជ្រើសរើស សិក្ខាកាមចំនួន៤០នាក់ ក្នុងមួយវគ្គ ដែលផ្តល់ឱកាសដល់សិក្ខាកាម មកពីគ្រប់ខេត្តក្រុង។
លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់អង្គការសប្បុរសជន ម៉ាឡេស៊ី សហការនិងអង្គការក្នុងស្រុក ដែលបានចាប់យកជំនាញវិជ្ជាជីវៈនេះ មកបណ្តុះបណ្តាលដល់យុវជនកម្ពុជា ដែលជាវិធីសាស្រ្ត នៃការបង្កើតឱកាសការងារដល់យុវជន និងលើកស្ទួយវិស័យអប់រំវិជ្ជាជីវៈ ក៏ដូចជាវិស័យអប់រំ ឲ្យកាន់តែមានសន្ទុះក្នុងស្រទាប់យុវជន នៅតាមសហគមន៍នានា។
លោកបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគាំទ្រ យ៉ាងពេញទំហឹង នូវកម្មវិធីបណ្តុះបណ្តាលគ្រប់ផ្នែក ព្រោះថា វាជាការបំប៉នបន្ថែមដល់និស្សិត ដែលបញ្ចប់ការសិក្សា ឲ្យគាត់បានមកទទួលការបណ្តុះបណ្តាលបន្ថែម នូវឯកទេសអនុវត្តន៍ជាក់ស្តែង ហើយក៏ជាការផ្តល់ឱកាសដល់ប្អូនៗ ដែលមិនបានទៅបន្តការសិក្សាថ្នាក់ឧត្តម មានលទ្ធភាពបានចូលរួម ទទួលបានការបណ្តុះបណ្តាល ដើម្បីបង្កើតការងារជូនពួកគាត់។
លោករដ្ឋលេខាធិការក៏បានផ្តាំផ្ញើ ដល់ប្អូនៗសិក្ខាកាម ដែលបញ្ចប់វគ្គសិក្សា ក៏ដូចជាអ្នកដែលកំពុងសិក្សាជំនាញ សូមខិតខំចាប់យកនូវជំនាញឲ្យបានប្រាកដច្បាស់លាស់ និងយកចិត្តទុកដាក់ផ្តល់តម្លៃនូវវិជ្ជាជីវៈរបស់ខ្លួន ដើម្បីមានលទ្ធភាពប្រកួតប្រជែង ក្នុងទីផ្សាការងារបច្ចេកវិទ្យា និងសាកលភាវូបនីយកម្ម ដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វើឲ្យមានការរីកចំរើនឡើងគ្រប់ជំនាន់។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានផ្តក់កិត្តិយសប្រគល់អំណោយ របស់មូលនិធិ Al Termizi ជូនដល់ប្រជាជនក្រីក្រ និងចាស់ជរា៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ ស្កសរ២គីឡូ អំបិល១គីឡូ មីឡូ១ដប និងទឹកដោះគោ២កំប៉ុង៕