(ភ្នំពេញ)៖ ក្នុងសន្និបាទបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានដាក់ទិសការងារ ១៦ចំណុច ដើម្បីបន្តកិច្ចការគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលមានវត្តមាននៅកម្ពុជាសម្រាប់ឆ្នាំ២០១៧នេះ។
តាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ទិសដៅការងារទាំង១៦ចំណុចនោះ រួមមាន៖
១៖ ចាត់តាំងអនុវត្តតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការបន្តការងារគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា និងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យសំណុំឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ ប្រើប្រាស់នៅកម្ពុជា ដែលមានក្រុមការងារធំៗ ចំនួន៤ មានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃសំណុំឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ក្នុងរាជធានី-ខេត្តទាំង២៥។
២៖ បន្តការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ តាមបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចរួចហើយ តាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីសញ្ជាតិ សំដៅគ្រប់គ្រងបានពិតប្រាកដអំពីតួលេខ ចំនួនគ្រួសារ កន្លែងស្នាក់នៅ ដោយមិនអាចអនុញ្ញាតឲ្យពួកគេ បញ្ចេញបញ្ចូលបានសមាជិកគ្រួសារថ្មី ដោយគ្រប់គ្រងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ លិខិតឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិច។
៣៖ បន្តដំណើរការទទួលអ្នកដាក់ពាក្យសុំ ជាជនបរទេសអន្តោប្រវេសន៍ សំដៅគ្រប់គ្រងបានពិតប្រាកដ អំពីចំនួនតួលេខ និងសកម្មភាពជនបរទេសអន្តោប្រវេសន៍ នៅតាមមូលដ្ឋានរាជធានី-ខេត្ត។
៤៖ ពង្រឹងដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ដែលបំពេញភារកិច្ចនៅតាមព្រំដែន បង្កើនប្រសិទ្ធភាពទប់ស្កាត់ ជនបរទេសឆ្លងដែន កុំឲ្យចូលមកតាំងទីលំនៅ និងប្រកបមុខរបរខុសច្បាប់នៅកម្ពុជា។
៥៖ ចាត់តាំងអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឲ្យសហការ ជាមួយក្រុមហ៊ុនបង្កើតប្រព័ន្ធទិន្នន័យ គ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ពលរដ្ឋបរទេស និងជនបរទេសស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់នៅកម្ពុជា ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងជនបរទេសឲ្យមានប្រសិទ្ធភាព។
៦៖ បន្តចាត់មន្ត្រី នៃនាយកដ្ឋានជំនាញ ចុះអនុវត្តតាមនីតិវិធី សំដៅត្រួតពិនិត្យ ស្រាវជ្រាវ និងទប់ស្កាត់រាល់ជនបរទេសដែលធ្វើ សកម្មភាព និងលួចស្នាក់នៅខុសច្បាប់។
៧៖ បន្តសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារ ដើម្បីគ្រប់គ្រងឲ្យបានល្អ ចំពោះពលករបរទេសមករកស៊ី ធ្វើការនៅកម្ពុជាឲ្យគោរពច្បាប់។
៨៖ បន្តសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្រួលការងារនានា ដល់ជនបរទេសអន្តោប្រវេសន៍ ជាវិនិយោគនៅកម្ពុជា។
៩៖ បន្តអនុវត្តការកំណត់បែបបទ និងនីតិវិធី នៃការរៀបអាពាហ៍ពិពាហ៍ ជាមួយពលរដ្ឋខ្មែរ និងជនបរទេស។
១០៖ បន្តអនុវត្តតាមអនុក្រឹត្យស្តីពីជនភៀសខ្លួន។
១១៖ បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ សំដៅជំរុញលើកកម្ពស់ការគ្រប់គ្រងអន្តោប្រវេសន៍ នៅកម្ពុជាឲ្យមាន តម្លៃកាន់តែមានប្រសិទ្ធភាព និងតាមលក្ខណៈបច្ចេកវិទ្យា ដោយជំរុញ និងលើកកម្ពស់ស្មារតីបំពេញការងារ របស់មន្ត្រីក្រោមឱវាទ ការបណ្តុះបណ្តាលជំនាញភាសាបរទេស និងចំណេះដឹងលើការប្រើប្រាស់សម្ភារបច្ចេកទេសជំនាញ។
១២៖ ពិនិត្យកែសម្រួលរាល់បែបបទ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ឲ្យបានសមស្រប។
១៣៖ បន្តផ្តល់ និងចូលរួមវគ្គបណ្តុះបណ្តាល ទាំងក្នុងប្រទេស និងក្រៅប្រទេស ដល់មន្ត្រីនគរបាលអន្តោបរវេសន៍ អំពីការងារជំនាញ និងភាសាបរទេស។
១៤៖ លើកគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០១៧ លើវិស័យការងារអន្តោប្រវេសន៍។
១៥៖ បន្តអនុវត្តតាមផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
១៦៖ ត្រៀមបន្តអនុវត្តការងារដែលនៅសេសសល់ និងទទួលចាត់ចែងអនុវត្តផែនការបន្ទាន់ ដែលថ្នាក់លើប្រគល់ជូន។
សូមជម្រាបថា ក្នុងឱកាសបិទសន្និបាតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើឡើងនៅរសៀលថ្ងៃដដែលនេះដែរ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕