(ភ្នំពេញ)៖ ភាពយន្តបែបស្រមើស្រមៃ ទៅលើបច្ចេកវិទ្យាខ្ពស់ មានចំណងជើងថា «Ghost In The Shell» បានមកដល់រោងភាពយន្តទំនើបនានា ក្នុងប្រទេសកម្ពុជាហើយ តាមរយៈ Sabay MVP ដោយបានធ្វើពិធីសម្ពោធបញ្ចាំងជាផ្លូវការ នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Major By Cellcard ផ្សារទំនើប អេអនម៉ល ដោយមានការចូលរួមពីសំណាក់យុវវ័យ និងទស្សនិកជនជាច្រើននាក់។
លោក សុខ សិរីសុភា ប្រធានផ្នែក Sabay MVP បានថ្លែងឲ្យដឹងថា ភាពយន្តនេះ គឺមានការប្រើបច្ចេកវិទ្យខ្ពស់ ដោយផ្អែកទៅលើស៊េរីតុក្តតា បែបវិទ្យាសាស្ត្រ ដែលទទួលស្គាល់ជាអន្តរជាតិ «Ghost In The Shell» តាមរយៈតួអង្គ Major ជាអ្នកប្រតិបត្តិការពិសេសម្នាក់ ជាមនុស្សដែលមានសមត្ថភាពអស្ចារ្យគ្មានពីរ ដែលដឹកនាំកងកម្លាំងក្រុមពិសេសលេខ៩។
លោកបន្តថា ដោយក្តីស្មោះត្រង់ ដើម្បីបញ្ឈប់នូវឧក្រិដ្ឋជន និងអ្នកបះបោរដ៏គ្រោះថ្នាក់បំផុត កងកម្លាំងពិសេសលេខ៩ ត្រូវប្រឈមមុខជាមួយនិងសត្រូវ ដែលមានគោលបំណងចំបង គឺបំផ្លាញនូវការរីកចម្រើនរបស់មនុស្សយន្ត Hanka នៅក្នុងបច្ចេកវិទ្យាអ៊ីនធើណែត។
លោក សុខ សិរីសុភា បានសង្កត់ធ្ងន់ថា រឿង«Ghost in the Shell»និពន្ធឡើងផ្អែកតាម រឿងតុក្កតាជប៉ុនមួយ ដែលមានឈ្មោះដូចគ្នា នៃចំណងជើងនៃរឿងនេះ។ រឿងពោរពេញបច្ចេកវិទ្យានេះ តារាសម្ដែងស្រី «Scarlett Johansson» ត្រូវដើរតួជា «The Major» បង្កើតឡើងដោយអង្គការមួយ ដើម្បីឲ្យនាងកម្ចាត់ឧក្រិដ្ឋជន ដែលបង្កគ្រោះថ្នាក់សម្រាប់ពិភពលោក។
ទោះបីជាយ៉ាងណាក្ដី លោក សុខ សិរីសុភា បានបន្ថែមថា ភាពយន្តនេះនឹងទទួលបានជោគជ័យ ក្រោយពេលដាក់បញ្ចាំង ខណៈដែលកន្លងមក គ្រាន់តែ Post Video Trailer ក្នុងបណ្ដាញសង្គម គឺសង្កេតឃើញមានអ្នកចូលទស្សនា រាប់លាននាក់ទៅហើយ ទើប Sabay MVP សម្រេចនាំចូលរឿងនេះ មកដាក់បញ្ចាំង នៅក្នុងប្រទេសកម្ពុជា។
រឿង «Ghost in the Shell» នឹងត្រូវដាក់បញ្ចាំង គ្រប់រោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ តទៅ៕