(ភ្នំពេញ)៖ របាយការណ៍ទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ អាជីវកម្មទូរគមនាគមន៍កម្ពុជា បានសម្រេចសមិទ្ធិផលហិរញ្ញវត្ថុយ៉ាងល្អប្រសើរ ដោយទទួលបានប្រាក់ចំណេញជាង ១លានដុល្លារ។ ជារួមអាជីវកម្មក្នុងឆ្នាំ២០១៦ មានភាពល្អប្រសើរច្រើនបើបើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ដែលមានការខាតបង់ថវិការហូតដល់ជាង ៧២ម៉ឺនដុល្លារ។
របាយការណ៍នេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ទូរគមនាគមន៍កម្ពុជានាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
បើតាមរបាយការណ៍របស់ទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ចំណូលជាង ១លានដុលា្លរនោះ ទទួលបានពីសេវាកម្មជាច្រើនរួមមាន សេវាកម្ម Transil fee សេវាកម្ម VoIp សេវាកម្មទំនាក់ទំនងក្នុង និងក្រៅប្រទេសប្រទេស សេវាកម្មកាប្លិ៍អុបទិក សេវាកម្ម Internet និងសេវាកម្មផ្សេងៗទៀត។
លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងក្នុងពិធីនាព្រឹកមិញនេះថា វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍ និង ព័ត៌មាននៅកម្ពុជាមានការរីកចំរើនខ្លាំង និង មានតម្រូវការប្រើប្រាស់សេវាកើនឡើងឥតឈប់ឈរ។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៦កន្លងទៅនេះ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាននៅក្នុងពិភពលោក បានបន្ដរីកចំរើនយ៉ាងខ្លាំងគួរឲ្យកត់សំគាល់ សម្រាប់កម្ពុជា វិស័យនេះបន្ដអភិវឌ្ឍន៍ និងរីកចំរើនឥតឈប់ឈរ ព្រមទាំងមានកំណើនខ្ពស់លើតម្រូវការប្រើប្រាស់សេវាពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យមានការប្រកួតប្រជែងខ្លាំង ទាំងបច្ចេកវិទ្យា និងតម្លៃ នៅទីផ្សារ និងអត្ថប្រយោជន៍យ៉ាងច្រើនដ៏អ្នកប្រើប្រាស់»។
បើទោះបីជាយ៉ាងណា ទូរគមនាគមន៍កម្ពុជា នៅតែជួបប្រទះការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីបណ្ដាប្រតិបត្តិករទូរស័ព្ទចល័តធំៗ និងប្រតិបត្តិករផ្ដល់សេវាអ៉ីនធើណេតផ្សេងៗជាច្រើនទៀត ដែលកំពុងមានវត្តមាននៅលើទីផ្សារជាហេតុនាំឲ្យមានការបាត់បង់ចំណូល។
លោករដ្ឋមន្ដ្រី បានថ្លែងបន្ដទៀតថា «ឥឡូវនេះយើងកំពុងបារម្ភចំពោះ ទូរគមនាគមន៍កម្ពុជា ដោយសារតែប្រាក់ចំណូលមួយភាគធំ បានពីចំណូល Transil fee មានន័យថា ប្រសិនបើប្រតិបត្តិការមួយចង់ទូរស័ព្ទទៅប្រតិបត្តិករទៀត ដែលខុសពីរបស់គាត់ គឺត្រូវឆ្លងកាត់ទូរគមនាគមន៍កម្ពុជា ដោយត្រូវបង់លុយឲ្យចំនួន ១សេន សេវាកម្មនេះ គឺបានផ្ដល់ចំណូលជាច្រើនក្នុងការទ្រទ្រង់បុគ្គលិក»។
លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុន ដែលបម្រើសេវាកម្មអ៉ីនធើណេតនៅកម្ពុជា សម្រាប់ក្រុមហ៊ុនតូចៗ មានចំនួន៣០ និងមានក្រុមហ៊ុន៣ធំៗជាងគេ គឺក្រុមហ៊ុន Smart, Cellcard និងក្រុមហ៊ុនMetfone ប៉ុន្ដែក្រុមហ៊ុននេះផ្ដល់តែសេវាអ៉ីនធឺណេត សម្រាប់អ្នកប្រើប្រាស់ធម្មតាប៉ុណ្ណោះ ដូចជាការកំសាន្ដជាដើម ប៉ុន្ដែសម្រាប់ធ្វើជំនួញវិញ គឺមានក្រុមហ៊ុនផ្សេងៗទៀត។
សូមជម្រាបថា ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ កំពុងប្រតិបត្តិការនៅកម្ពុជារួមមាន៖ ប្រតិបត្តិករទូរស័ព្ទចល័តមានចំនួន៦, ប្រតិបត្តិករទូរស័ព្ទអចល័តមានចំនួន៨។ ក្នុងនោះប្រតិបត្តិករអចល័តមានខ្សែចំនួន៣ ប្រតិបត្តិករអ៉ីនធឺណេតចល័តមានចំនួន៦ និងប្រតិបត្តិករអ៉ីនធឺណេតអចល័តមានចំនួន៣៥៕