(ភ្នំពេញ)៖ សម្តេចប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអំពាវនាវសូមសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ក៏ដូចជា ជនរួមជាតិនៅទូទាំងប្រទេស ចូលរួមអនុវត្តឲ្យកាន់តែសកម្មជាងទៀត នូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ដើម្បីកសាងប្រទេសជាតិយើង ឲ្យមានការរីកចម្រើនឆាប់រហ័ស ដូចប្រទេសនានានៅក្នុងតំបន់ ដែលប្រកបដោយអារ្យធម៌ សេចក្ដីស្រឡាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀត។
នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ សម្តេច សាយ ឈុំ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សាលាអនុគណខណ្ឌ កុដិ និងស្រង់ព្រះសុគន្ធវារី ប្រគេនព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងពិធីសាសនានេះ សម្តេចបានថ្លែងជម្រាបអង្គពិធីថា «សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលរាជធានីភ្នំពេញសម្រេចបាន ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ មិនគ្រាន់តែជាជ័យជម្នះដោយឡែក របស់រាជធានីភ្នំពេញតែប៉ុណ្ណោះទេ ប៉ុន្តែគឺនៅបានរួមចំណែកយ៉ាងសំខាន់ដល់ជ័យជម្នះរួម របស់ប្រទេសជាតិយើង ក្នុងការកសាងអភិវឌ្ឍ និងការពារប្រទេសក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»។
សម្តេចបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបន្តជម្រុញការអនុវត្តន៍វិស័យនានាដូចជា៖ ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត...។ល។ ដោយឈរលើគោលការណ៍ច្បាស់លាស់ដើម្បីធានាសម្រេចឲ្យបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% រក្សាលំនឹងអត្រាប្ដូរប្រាក់ និងអត្រាអតិផរណាក្នុងកម្រិតទាប។ ... វិស័យព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស និងដើរតួនាទីជាស្នូលនៃវប្បធម៌សន្តិភាព សាមគ្គីភាព និងមិត្តភាព។ ជាមួយនោះដែរ ព្រះពុទ្ធសាសនា ក៏ជាមាគ៌ាដ៏ប្រពៃក្នុងបំបាត់អំពើហិង្សា ការប្រទូស្ដរ៉ាយ ការប្រព្រឹត្តអំពើទុច្ចរិត និងអានាចារផ្សេងៗ។ ព្រះពុទ្ធសាសនានៅកម្ពុជា ធានាបាននូវសុខដុមនីយកម្មរវាងជំនឿ និងសាសនាទាំងអស់ ដោយគ្មានការរើសអើង និងគ្មានជំលោះសាសនាឡើយ។
សម្តេចក៏បានអំពាវនាវផងដែរ ឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ បានគ្រប់ៗគ្នា។ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ «សិទ្ធិផ្ទាល់ខ្លួន» បោះឆ្នោតជូនគណបក្សណា ដែលបងប្អូនពេញចិត្ត និងដែលស្គាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយដែលតែងតែនៅជាប់ជាមួយបងប្អូនក្នុងគ្រប់កាលៈទេសៈ។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាការបោះឆ្នោតជ្រើសរើសតំណាងរបស់ បងប្អូននៅថ្នាក់មូលដ្ឋាន និងនាំមកនូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានដែលបងប្អូនកំពុងរស់នៅ ឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងសម្រាប់អនាគត៕