(ភ្នំពេញ)៖ សម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នៅពាក់កណ្តាលខែមេសា ខាងមុខនេះ, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់មន្រ្តី និងប្រជាពលរដ្ឋនានា ចូលរួមបង្ការនិងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវឱ្យបានគ្រប់ៗគ្នា។
សេចក្តីអំពាវនាវបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងប្រឹព្រឹត្តិទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ យានយន្តធ្វើចរាចរណ៍ និងមានកំណើនឡើងខ្ពស់ខុសប្រក្រតី ដែលតែងតែមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចណ៍ ដូចក្នុងពិធីបុណ្យចូលឆ្នាំ នាបណ្តាឆ្នាំកន្លងទៅដែរ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ដូចជា៖
១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្អូច ហ្វ្រាំង ភ្លើងបំភ្លឺ។ល។
២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តា កុំតម្លើងថ្លៃធ្វើដំណើរ ក្នុងការឱកាសនេះ ។
៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
៤៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ។
៥៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ។
៦៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ។
៧៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ។
៨៖ មិនត្រូវបត់ ឬជែងក្នុងភាពប្រថុយប្រថាន ។
៩៖ មិនត្រឹមត្រូវ បើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត ។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យជាដើម៕