(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ ស្រីស្រស់ស្រឡូន សុខ ពិសី បន្ទាប់ពីទទួលដំណឹងគួរឲ្យស្លុងចិត្តថា ស្ថាបនិករបស់មន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner សុំលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យ «គន្ធបុប្ផា» ដោយការធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួលការសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងប្រទេសស្វីសនោះ ក្នុងនាមជាពល់រដ្ឋខ្មែរ និងក្នុងនាមជាតារាចម្រៀងល្បីម្នាក់ នាងក៏បានសរសេរបង្ហោះសារ បង្ហាញពីការអាណិតអាសូរ ព្រមជាមួយនិងការជូនពរលោក វេជ្ជបណ្ឌិត Beat Richner ឲ្យឆាប់ជាសះស្បើយពីជំងឺ ព្រោះកុមារកម្ពុជាជាច្រើននាក់ កំពុងត្រូវការរូបលោក។
តារាចម្រៀងរូបស្រស់សម្លេងស្រទន់ មានមន្តស្នេហ៍រយពាន់ កញ្ញា សុខ ពិសី បានសរសេរបញ្ជាក់ថា «Please recovery soon my hero love u ! ខ្ញុំបារម្ភពីវិរៈបុរស beat richner ណាស់ គាត់មានគុណលើកុមារកម្ពុជាច្រើនណាស់ រួមទាំងខ្ញុំដែរ ចាំបានកាលនៅតូចគ្រប់ពេល ដែលខ្ញុំឈឺម៉ាក់តែងតែយកខ្ញុំមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា!»។
ជាមួយគ្នានេះដែរ តារាស្រីកញ្ញា សុខ ពិសី ក៏បានបន្ថែមថា «ខ្ញុំបារម្ភលោកវេជ្ជបណ្ឌិតចិត្តធម៌ណាស់។ កុមារខ្មែរទាំងអស់ចាំផ្តល់កំលាំងចិត្ត ជូនលោក!»។ ដោយឡែកទន្ទឹមពេលជាមួយគ្នានេះដែរ ក្រៅតែតារាចម្រៀងកញ្ញា សុខ ពិសី ក៏មានមហាជនខ្មែររាប់ពាន់នាក់ បានសម្តែងការព្រួយបារម្ភ ចំពោះសុខភាព ជាមួយការជូនពរដល់លោកវេជ្ជបណ្ឌិត Beat Richner ឲ្យឆាប់ជាសះស្បើយ ពីជំងឺផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផា បានចេញសេចក្ដីប្រកាសរបស់ខ្លួន ដោយលើកឡើងថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យ «គន្ធបុប្ផា» បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងតែទទួលការសង្រ្គោះ នៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស។ មិនតែប៉ុណ្ណោះលោកវេជ្ជបណ្ឌិត Beat Richner ក៏នឹងលាលែងពីតំណែង នាពេលខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យ «គន្ធបុប្ផា» នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យ នាពេលបច្ចុប្បន្ន៕