ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តបំពាក់ឋានន្តរស័ក្តិជូននាយទាហាន១២៣នាក់ ដែលចូលបម្រើកងទ័ពចាប់ឆ្នាំ១៩៧៩ចុះ
31-03-2017 12:23
(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានចំនួន១២៣នាក់ ដែលបានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ នៅយោធភូមិភាគ៥ ខេត្តបាត់ដំបង។
កន្លងមកលោកឧត្តមសេនីយ៍ឯក ធ្លាប់បានបញ្ជាក់ថា ការបំពាក់ស័ក្តិជូននាយទាហាន ដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ គឺជាការផ្តល់ជូនយោធិនគ្រប់ភាគីទាំងអស់ ដោយមិនគិតពីអតីតកាលឡើយ គឺផ្តល់ជូនក្នុងនាមខ្មែរតែមួយ ដែលបានចូលរួមស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន។
គោលនយោបាយនេះ គឺជាការលើកទឹកចិត្ត និងការទទួលស្គាល់ចំពោះគុណូបការៈ នៃការលះបង់របស់នាយទាហាន ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ ដែលធ្វើឱ្យប្រជាជនរស់នៅក្នុងភាពសុខសាន្ត រហូតដល់សព្វថ្ងៃនេះ៕