(កំពង់ស្ពឺ)៖ វិមានឯករាជ្យដ៏ធំស្កឹមស្កៃនៅចំទីរួមខេត្តកំពង់ស្ពឺ បូករួមទាំងសំណង់សមិទ្ធផលនានា តម្លៃដល់ខ្ទង់លានដុល្លារ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៤០០០នាក់។
ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នេះ អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា «ស្របពេលដែលប្រទេសជាតិកំពុងអភិវឌ្ឍន៍ ដោយបោះជំហានខ្លាំងក្លា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ ឈរលើមាគ៌ាសុខសន្តិភាពពេញលេញស្ថេរភាពនយោបាយ បានអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧,១% អត្រានៃភាពក្រីក្រនិងត្រូវកាត់បន្ថយនៅក្រោម១៣%»។
លោកអភិបាលខេត្តបន្តថា ដោយឡែកក្នុងខេត្តកំពង់ស្ពឺ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាលខេត្តកំពង់ស្ពឺ ទទួលបានលទ្ធផលយ៉ាងប្រសើរក្នុងនោះ ទាំងការងារសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងវិស័យផ្សេងៗ ក៏មានការរីកចំរើនជាបណ្តើរៗ ដែលបានធ្វើឲ្យជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋកាន់តែប្រសើរ ។
ហើយជាក់ស្តែងខេត្តបានកសាងនៅសំណង់មាន៖ វិមានឯករាជ្យ វេទិកាបុណ្យអុំទូក បន្ទប់ទឹកសាធារណៈ ធ្វើទ្រូងផ្លូវបង្ការគ្រោះថ្នាក់ ចរាចរ និងការកកស្ទះចរាចរ ធ្វើសួនច្បារ ។ល។ ដែលបានលម្អសោភណ្ឌភាពតាមទីសាធារណៈ ទាំងពេលថ្ងៃ និងពេលរាត្រីផងដែរ។
នាក្នុងឱកាសនោះ លោក ឆាយ ថន បានលើកឡើងថា «ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ពិតជាមានក្តីសោមនស្ស រីករាយ ដែលអាជ្ញាធរខេត្តបានកសាង នៅសំណង់យ៉ាងច្រើនដើម្បីលើកស្ទួយសោភ័ណ្ឌទីរួមខេត្ត ហើយសារតែថ្ងៃ៧មករាទើបមានថ្ងៃនេះ ដែលអាជ្ញាធរប្រឹងប្រែងការកសាង យើងជាពលរដ្ឋនាំគ្នាប្រឹងប្រែងថែរក្សាការពារសមទ្ធិផលទាំងឡាយដែលកំពុងកើតមាននា ពេលនេះ»។
សូមជម្រាបថា នៅរាត្រីថ្ងៃ៣១ ខែមីនា ឆ្នាំ២០១៧នេះ អាជ្ញាធរខេត្ត នឹងរៀបចំការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចខ្នាតធំ នៅដងស្ទឹងត្នោត មុខវិមានឯករាជ្យផងដែរ៕