(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងពីបញ្ហា ជនអន្តោប្រវេសន៍នៅកម្ពុជាថា ពិតជាមានភាពស្មុគស្មាញ  ស្មុគស្មាញតាំងពីការផ្ដល់សញ្ជាតិដល់អ្នកទាំងនោះផងដែរ។

បញ្ហានេះនាយឧត្តមសេនីយ៍ នឹងស្នើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីផ្ដល់ការ ណែនាំបន្តទៅ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ក្នុងការចេញសំបុត្របញ្ជាក់កំណើតប្រភេទថ្មីមួយទៀត ផ្សេងពីសំបុត្រ បញ្ជាក់កំណើតសញ្ជាតិខ្មែរធម្មតា ទុកប្រើសម្រាប់កូនៗ របស់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ បានលើកជាក់ស្ដែងថា «បញ្ហាកែលម្អសំបុត្រកំណើតកូនរបស់ជនអន្តោប្រវេសន៍, កន្លងមកនេះ យើងមិនដែល បែងចែកទេ កូនរបស់ជនអន្តោ​ប្រវេសន៍កើតមកដាក់សញ្ជាតិខ្មែរតែម្តង។ បានន័យថា មេឃុំចេញសំបុត្រកំណើតហ្នឹង គាត់ចូលសញ្ជាតិ នៅនឹងនោះហ្មង ដែលមិនអាចធ្វើអញ្ចឹងទៀតទៅរួចទេ»

លោកបន្តថា ការផ្ដល់សញ្ជាតិខ្មែរ ឲ្យកូនៗរបស់ជនអន្តោប្រវេសន៍ទាំងនោះ គឺធ្វើផ្ទុយទៅនឹងច្បាប់ទាំងស្រុង បើអាជ្ញាធរបញ្ចូល សញ្ជាតិនៅនឹង បានន័យថា «ដូចចេញព្រះរាជក្រឹត្យនៅទីនោះអញ្ចឹង»

ប្រមុខទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់រូបនេះ បានលើកជាដំណោះស្រាយថា លោកនឹងស្នើជូនចំពោះ សម្តេចក្រឡាហោម ស ខេង ដើម្បីសុំកិច្ចសហការគ្នាជាមួយអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សុំចេញប្រភេទសំបុត្របញ្ជាក់កំណើតថ្មី មួយទៀតទុកប្រើ សម្រាប់ជនអន្តោប្រវេសន៍។

ក្នុងសំបុត្របញ្ជាក់កំណើតនោះ នៅពេលដែលចុះឈ្មោះឪពុកម្តាយ ត្រូវសរសេរដាក់ថា «ជនអន្តោប្រវេសន៍» កូនកើតមកសញ្ជាតិដើម ជាសញ្ជាតិអ្វី គឺត្រូវសរសេរសញ្ជាតិដើមនោះសិន មុនពួកគាត់ទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ទើបប្ដូរដាក់ជាសញ្ជាតិខ្មែរវិញ។

កំហុងឆ្គងខាងលើនេះ ត្រូវបាននាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា អនុវត្តអស់៣០ឆ្នាំមកហើយ។ លោកថា «យើង៣០ឆ្នាំហើយ យើងដាក់អញ្ចឹង បើដាក់អញ្ចឹងបានន័យថាម៉េច បានន័យថាបញ្ចូលសញ្ជាតិឲ្យក្មេងនោះបាត់»